ប្រជាពលរដ្ឋខ្មែរបានចាត់ទុកមន្ត្រីតុលាការ ប៉ូលិស និងមន្ត្រីរដ្ឋាភិបាលថា ពុករលួយជាងគេ នៅគ្រាដែលប្រជាពលរដ្ឋខ្មែរបានព្យាយាមកាត់បន្ថយការសូកប៉ាន់ និងចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ នេះបើយោងតាមរបាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសាកលឆ្នាំ២០១៦ ដែលបានចេញផ្សាយជាសាធារណៈដោយអង្គការតម្លាភាពអន្តរជាតិ (Transparency International) នៅថ្ងៃអង្គារនេះ។
របាយការណ៍ដែលត្រូវធ្វើឡើងដោយការការសម្ភាសន៍ប្រជាពលរដ្ឋខ្មែរចំនួន១.០០៣នាក់នោះ បានឲ្យដឹងថា ស្ថាប័នតុលាការ ត្រូវបានគេយល់ឃើញថា មានកម្រិតនៃអំពើពុករលួយចំនួន ៧២ភាគរយនៅឆ្នាំ២០១១ ហើយថយចុះបន្តិចបន្តួចមកត្រឹម ៦០ភាគរយ នៅឆ្នាំ២០១៣ និង ៥៩ភាគរយ នៅឆ្នាំ ២០១៦។ ស្ថាប័នប៉ូលិសត្រូវបានគេយល់ឃើញថា មានកម្រិតនៃអំពើពុករលួយចំនួន ៦១ ភាគរយនៅឆ្នាំ ២០១១ និងបានថយចុះច្រើនមកត្រឹម ៣៧ភាគរយ នៅឆ្នាំ ២០១៣។ កម្រិតនៃអំពើពុករលួយនេះកើនដល់ ៥២ភាគរយ វិញនៅឆ្នាំ២០១៦។
ចំណែកឯមន្ត្រីរដ្ឋាភិបាលត្រូវបានគេយល់ឃើញថា មានកម្រិតពុករលួយចំនួន ៥១ភាគរយ នៅឆ្នាំ២០១១ និងថយចុះជាងពាក់កណ្តាលមកត្រឹម ៣០ភាគរយ នៅឆ្នាំ២០១៣។ តួលេខនេះ បានកើនដល់ ៤៤ភាគរយ វិញនៅឆ្នាំ២០១៦។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ថ្លែងក្នុងពិធីបង្ហាញរបាយការណ៍ស្តីពីការវាស់វែងអំពីពុករលួយជាសាកលឆ្នាំ២០១៦ ដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃអង្គារនេះថា ការសូកប៉ាន់មន្ត្រីរដ្ឋាភិបាល បានថយចុះពី ៨០ភាគរយនៅឆ្នាំ ២០១១ មកនៅត្រឹម ៤០ភាគរយនៅឆ្នាំ ២០១៦។ លោកថា នេះជាការថយចុះដ៏គំហុកមួយ។
ទោះបីជាយ៉ាងណាក៏ដោយ លោកនិយាយថា សកម្មភាពប្រព្រឹត្តអំពើពុករលួយធំៗ ដែលកើតចេញពីការរំលោភអំណាច និងបក្សពួកនិយមនៅតែជាបញ្ហាចម្បងមួយរបស់កម្ពុជា។
លោកប្រាប់ VOA ថា ស្ថានភាពនយោបាយដែលពេលខ្លះតានតឹង ហើយពេលខ្លះ មានភាពធូរស្រាល នោះផ្តល់ផលប៉ះពាល់មួយចំនួនដល់ដំណើរការទប់ស្កាត់អំពើពុករលួយជាទ្រង់ទ្រាយធំៗ។
«ខ្ញុំថា វាពិតជាមានផលប៉ះពាល់ វាអាចជាការរារាំងទៅដល់ការយកចិត្តទុកដាក់ផ្តោតទៅលើការប្រឆាំងអំពើពុករលួយធំៗដែរ ហើយបើសិនអ្នកនយោបាយ បើសិនជា ឥស្សរជនធំៗ គាត់អាឡែងតែប្រទាញប្រទង់គ្នាពីរឿងនយោបាយអញ្ចឹង រឿងការប្រឆាំងអំពើពុករលួយធំៗហ្នឹងវា មិនត្រូវបានគេយកចិត្តទុកដាក់ ហើយក៏វាអាចនៅឆ្ងាយពីរបៀបវារៈ អញ្ចឹងវាមានផលប៉ះពាល់បាទ»។
យោងតាមរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិបានបង្ហាញថា នៅឆ្នាំ ២០១៣ មានប្រជាពលរដ្ឋរហូតទៅដល់ ៦២ភាគរយ បានឆ្លើយថា ខ្លួនបានសូកប៉ាន់ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណ និងបញ្ជីអត្រានុកូលដ្ឋាន ខណៈដែលចំនួននេះ បានធ្លាក់មកត្រឹម ៣០ភាគរយ ប៉ុណ្ណោះនៅឆ្នាំ ២០១៦។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ ៣៨ភាគរយ បានឆ្លើយថា ខ្លួនបានបង់ប្រាក់សំណូកទៅកាន់មន្ទីរពេទ្យ នៅឆ្នាំ២០១៣ ខណៈដែលចំនួននេះបានធ្លាក់មកត្រឹមតែ ១៩ភាគរយ ប៉ុណ្ណោះនៅឆ្នាំ២០១៦។ លើសពីនេះទៅទៀត នៅឆ្នាំ ២០១៣ មានប្រជាពលរដ្ឋរហូតដល់ជាង ៦០ភាគរយ ដែលបានឆ្លើយថា ខ្លួនបានសូកប៉ូលិស ហើយចំនួននេះ បានធ្លាក់មកត្រឹម ១១ភាគរយ ប៉ុណ្ណោះ នៅឆ្នាំ ២០១៦។
របាយការណ៍បានបន្តថា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ការសូកប៉ាន់ដើម្បីទទូលបានសេវាសាធារណៈយ៉ាងតិចមួយក្នុងសេវាសាធារណៈចំនួន ប្រាំមួយ នៅក្នុងរយៈពេល ១២ខែចុងក្រោយនេះ បានធ្លាក់ចុះផងដែរ។ ការសូកប៉ាន់នៅប្រទេសវៀតណាមបានថយចុះពី ៩៣ភាគរយ មកនៅត្រឹម ៦៥ភាគរយ។ អត្រានៅប្រទេសថៃបានធ្លាក់ពី ៨១ភាគរយមក ៤១ភាគរយ។ អាត្រានៅប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ពី ៨០ភាគរយ មកត្រឹម៤០ភាគរយ។ ទីក្រុងរដ្ឋបាលពិសេសហុងកុងរបស់ប្រទេសចិន និងប្រទេសជប៉ុន មានកម្រិតនៃការសូកប៉ាន់តិចជាងគេបំផុត។
កម្រិតនៃការសូកប៉ាន់នៅទីក្រុងហុងកុង បានថយពី ៦៧ភាគរយ មក ២ភាគរយ ខណៈដែលកម្រិតនៃការសូកប៉ាន់នៅប្រទេសជប៉ុន បានថយចុះពី៧៨ភាគរយមកត្រឹមសូន្យភាគរយ។ យ៉ាងណាក៏ដោយ ប្រទេសចិន គឺជាប្រទេសដែលមានការសូកប៉ាន់ខ្ពស់បំផុតនៅក្នុងតំបន់អាស៊ី។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចាត់ទុកថា របាយការណ៍នេះ មិនបានឆ្លុះបញ្ចាំងពីកិច្ចខិតខំរបស់មន្ត្រីប៉ូលិសក្នុងការបម្រើប្រជាពលរដ្ឋនិងសង្គមជាតិនោះឡើយ។
«បើប៉ូលិសពុករលួយ ដូចដែលថ្នាក់ពួកអស់លោកអ្នកឯងថាមែន ប្រហែលជាឯកឧត្តមអស់លោកហ្នឹង ដេកហ្នឹងចោរប្លន់គ្រប់គ្នាហើយ។ ហ្នឹងហើយ ដើរទៅណាមកណាឆក់ប្លន់ ឬក៏កាប់សម្លាប់អី ហូរហែររាប់ទាំងអ្នកអង្គការហ្នឹងផង មកធ្វើកិច្ចការងារនៅកម្ពុជាហ្នឹង វាមិនបានទេ។ ទទួលស្គាល់ថាមានអំពើពុករលួយមែន ក៏ប៉ុន្តែវាមិនដូចដែលហៅថា តួលេខខ្ពស់ មិនអាចទទួលយកបានអញ្ចឹងទេ»។
អង្គការតម្លាភាពកម្ពុជា បានលើកជាអនុសាសន៍ក្នុងការបោសសម្អាតអំពើពុករលួយធំៗ ដែលរួមមាន ការធានាឲ្យបាននូវឯករាជ្យភាពរបស់ស្ថាប័នតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ។ហើយរាជរដ្ឋាភិបាលត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខណៈដែលទំនុកចិត្តរបស់សាធារណជនទៅលើការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់រាជរដ្ឋាភិបាលមានកម្រិតទាបនៅឡើយ។ រាជរដ្ឋាភិបាលក៏ត្រូវលុបបំបាត់នូវការអនុវត្តបែបបក្សពូកនិយម និងទំនាស់ផលប្រយោជន៍ក្នុងស្ថាប័នសាធារណៈ។
អង្គការតម្លាភាពក៏ចង់ឃើញ ការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ច្បាប់ស្តីពីការការពារបុគ្គលរាយការណ៍ និងការធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ប្រឆាំងអំពើពុករលួយបច្ចុប្បន្ន។
VOA មិនទាន់អាចសុំសេចក្តីអធិប្បាយពី លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានទេ នៅល្ងាចថ្ងៃអង្គារនេះ។
របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិដែលមានស្នាក់ការនៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ បានបន្តឲ្យដឹងថា ពាក់ព័ន្ធនឹងការចូលរួមរបស់សាធារណៈជនខ្មែរក្នុងការប្រឆាំងអំពើពុករលួយ មាន៧៣ភាគរយនៃអ្នកផ្តល់បទសម្ភាសន៍ជឿជាក់ថា ប្រជាពលរដ្ឋទូទៅអាចចូលរួមបង្កើនប្រសិទ្ធិភាព ក្នុងការប្រឆាំងអំពើពុករលួយ ហើយ ៦៣ភាគរយឆ្លើយថា ពួកគេមានឆន្ទៈក្នុងការរាយការណ៍អំពីអំពើពុករលួយ។ ជាងនេះទៀត ៦៦ភាគរយនៃអ្នកផ្តល់ចម្លើយយល់ស្របថា ការរាយការណ៍អំពីអំពើពុករលួយ គឺជាទង្វើត្រឹមត្រូវ។
យ៉ាងណាក៏ដោយ មានតែ ៥ភាគរយ នៃអ្នកផ្តល់ចម្លើយដែលធ្លាប់បានប្រព្រឹត្តអំពើសូកប៉ាន់ បានរាយការណ៍អពីអំពើពុករលួយនេះ ក្នុងពេលកន្លងមក។ អ្នកផ្តល់ចម្លើយចំនួន ៤៥ភារយ បានឆ្លើយថា មូលហេតុដែលប្រជាពលរដ្ឋមិនរាយការណ៍ពីអំពើពុករលួយ ដោយសារតែខ្លាចប្រឈមនឹងការសងសឹក ហើយ ១៧ភាគរយ ឆ្លើយថា ទោះជារាយការណ៍ក៏រដ្ឋាភិបាលគ្មានវិធានការណ៍អ្វីដែរ។
កាលពីខែមករា របាយការណ៍ស្តីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនៅឆ្នាំ២០១៦ ដែល បានចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ វាយតម្លៃថា កម្ពុជាទទួលបាន២១ពិន្ទុ លើ ១០០ពិន្ទុ និង ទទួលបានចំណាត់ថ្នាក់ទី ១៥៦ ក្នុងចំណោមប្រទេសចំនួន ១៧៦ ដែលត្រូវគេបានសិក្សា។
ការដាក់ពិន្ទុ និងចំណាត់ថ្នាក់នេះធ្វើឡើងដោយការសិក្សាផ្អែកលើកម្រិតនៃអំពើពុករលួយក្នុងវិស័យសាធារណៈ ដែលបង្ហាញថា កម្ពុជានៅតែជាប្រទេសដែលមានអំពើពុករលួយខ្ពស់ដដែល។ ប្រទេសដ៏ក្រីក្រនេះ ទទួលបាន ២១ពិន្ទុ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ បន្ទាប់ពីប្រទេសនេះធ្លាប់ទទួលបាន ២២ពិន្ទុកាលពីឆ្នាំ២០១២ និងធ្លាក់មកត្រឹម២០ពិន្ទុក្នុងឆ្នាំ២០១៣។
ប្រទេសដែលទទួលបានពិន្ទុខ្ពស់គឺជាប្រទេសដែលមានកម្រិតនៃអំពើពុករលួយទាប។ ហើយផ្ទុយមកវិញប្រទេសដែលទទួលបានពិន្ទុទាបដូចជាប្រទេសកម្ពុជាជាដើម គឺជាប្រទេសដែលមានកម្រិតនៃអំពើពុករលួយខ្ពស់៕