ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា នៅថ្ងៃព្រហស្បតិ៍ខ្លួននឹងចេញផ្សាយរបាយការណ៍កែសម្រួលឡើងចំនួន៤០០ទំព័ររបស់លោក Robert Mueller ដែលជារដ្ឋអាជ្ញាពិសេសអំពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធានអាមេរិកឆ្នាំ២០១៦ដែលមានគោលបំណងជួយឲ្យលោក Donald Trump ទទួលបានតំណែងប្រធានាធិបតី។
កាលពីថ្ងៃចន្ទ លោក Trump បានអះអាងម្តងទៀតថា លោកត្រូវបានបញ្ជាក់ថា មិនបានធ្វើខុសពាក់ព័ន្ធនឹងការបោះឆ្នោត ហើយសូម្បីតែគាត់និងសាធារណជនអាមេរិករង់ចាំព័ត៌មានលម្អិតពីការស៊ើបអង្កេតរយៈពេល២២ខែរបស់លោក Mueller ដែរ។
នៅតាម Twitter មេដឹកនាំអាមេរិកនេះបាននិយាយថា លោក Mueller និងលោក William Barr រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយផ្អែកលើការរកឃើញរបស់លោក Mueller «បានសម្រេចរួចហើយថា គ្មានការឃុបឃិត គ្មានការរាំងយុត្តិធម៌នោះទេ»។
លោក Trump បានអះអាងថា ឧក្រិដ្ឋកម្មទាំងនេះប្រព្រឹត្តដោយអ្នកប្រជែងលោកនៅឆ្នាំ២០១៦ គឺលោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ និងគណៈកម្មាធិការជាតិប្រជាធិបតេយ្យ និងក្រុមអាក្រក់ដែលលោកនិយាយយោងដល់អតីតមន្ត្រីជាន់ខ្ពស់ផ្នែកច្បាប់របស់សហរដ្ឋអាមេរិកនិងអ្នកស៊ើបអង្កេតដទៃទៀត។ លោក Trump បាននិយាយតាម Twitter ថា របាយការណ៍របស់លោក Mueller «ត្រូវបានសរសេរដោយពួកអ្នកប្រជាធិបតេយ្យចំនួន១៨នាក់ដែលខឹងសម្បារ និងស្អប់លោក និងអ្នកគាំទ្រលោកស្រីគ្លីនតុន៕