ប្រធាន​សមាគម​អាដហុក​ទទួល​ពាន​រង្វាន់​ផ្នែក​ការពារ​សិទ្ធិមនុស្ស​និង​នីតិរដ្ឋ

រូបឯកសារ៖ លោក​ ធន សារាយ​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​​ អាដហុក ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​នាង ខុម ចាន់តារ៉ាទី លើ​អង្គការ​អាដហុក ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១៦។ (ពិន ស៊ីសុវណ្ណ/VOA)

លោក ធន សារាយ បាន​ធ្វើ​ការងារ​​ក្នុង​ភារកិច្ច​គាំពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជិត​បី​ទសវត្ស​កន្លង​មក​នេះ។

លោក​ ធន សារាយ ប្រធាន​សមាគម​អាដហុក ដែល​ជា​សមាគម​ការពារ​សិទ្ធិមនុស្ស​ដ៏​លេចធ្លោ​មួយ​ក្នុង​ប្រទេស​កម្ពុជា បាន​ទទួល​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​ នា​ទីក្រុង​ប៊ែរឡាំង​ ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ទី១ ខែ​ធ្នូ​នេះ។​

លោក​ ធន សារាយ គឺជា​សកម្មជន​សិទ្ធិ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ការពារ​សិទ្ធិមនុស្ស​ចំនួន​១៦​នាក់​មក​ពី​ប្រទេស​នានាជុំ​វិញ​ពិភពលោក​ដែល​ទទួល​បាន​ជ័យ​លាភី​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​បង្កើត​រួម​គ្នា​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​បារាំង​ និង​អាល្លឺម៉ង់​ឈ្មោះ​ថា​ «សិទ្ធិមនុស្ស​និង​នីតិរដ្ឋ​ បារាំង​ -អាល្លឺម៉ង់»​ (Fronco-German Human Rights Award and Rule of Law)។

នៅ​ខែ​មេសា ឆ្នាំ​២០១៦​នេះ ​រដ្ឋាភិបាល​នៃ​ប្រទេស​បារាំង​និង​អាល្លឺម៉ង់​ បាន​សហការ​គ្នា​បង្កើត​ពាន​រង្វាន់​សិទ្ធិមនុស្ស​នេះ​ឡើង ដើម្បី​លើក​ទឹកចិត្ត​ដល់​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ និង​ការ​រំលោភបំពាន​នានា​នៅ​ជុំវិញ​ពិភពលោក។

​នៅ​ឆ្នាំ​ទី​មួយ​នេះ​ មាន​ស្ត្រី​និង​បុរស​ដែល​ពលី​ដើម្បី​ការពារ​សិទ្ធិមនុស្ស​ចំនួន​១៦​នាក់​មក​ពី​ទាំង​ប្រទេស​អភិវឌ្ឍន៍​និង​កំពុង​អភិវឌ្ឍ​ជុំវិញ​ពិភព​លោក។

លោក ធន សារាយ បាន​ធ្វើ​ការងារក្នុង​ភារកិច្ច​គាំពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជិត​បី​ទសវត្ស​កន្លង​មក​នេះ។ លោក​ ធន សារាយ​ បាន​បង្កើត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​នៅ​ឆ្នាំ​១៩៩១​ ដើម្បី​ឃ្លាំ​មើល​ស្ថានភាព​សិទ្ធិមនុស្ស សិទ្ធិ​ស្ត្រី​និង​កុមារ និង​ការ​រំលោភ​បំពាន​ដីធ្លី​និង​សិទ្ធិ​លំនៅឋាន ហើយនិង​គម្រោង​លើក​ស្ទួយ​ការ​យល់​ដឹង​ស្ដី​អំពី​សិទ្ធិមនុស្ស​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល​នានា​នៅ​ទូទាំង​ប្រទេស​ផង​ដែរ។

​លោក ធន សារាយ ​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៅ​សម័យ​រដ្ឋ​កម្ពុជា​ និង​ធ្លាប់​ទទួល​ការ​គំរាមកំហែង​ជាច្រើន​លើក​ច្រើន​សារ​ពី​សំណាក់​អាជ្ញាធរ​ ខណៈ​ពេល​លោក​បំពេញ​ភារកិច្ច​ការពារ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា។

លោក ​ឡោ ច័ន្ទ​ អ្នក​សម្រប​សម្រួលសមាគម​អាដហុក​ (ADHOC) ប្រចាំ​ខេត្ត​ព្រះ​វិហារ​ដែល​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​នេះ​ចាប់​ឃាត់​ខ្លួន​ ពេល​លោក​បំពេញ​ការងារ​តស៊ូ​មតិ​ពាក់ព័ន្ធ​បញ្ហា​ជម្លោះ​ដី​ធ្លី​ បាន​អបអរ​សាទរ​ប្រធាន​របស់​លោក​ដែល​ទទួល​បាន​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​នេះ។

​លោក​ថា​ លោក ​ធន សារាយ​ ស័ក្ដិសម​នឹង​ទទួល​បាន​ពាន​រង្វាន់​នេះ​ដោយ​សារ លោក​បាន​លះបង់​ពេល​វេលា​ និង​កម្លាំង​កាយ​ចិត្ត​ផ្ទាល់​ខ្លួន​ដើម្បី​លើក​ស្ទួយ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​អស់​រយៈ​ពេល​ជិត​បី​ទសវត្ស​មក​ហើយ។​

«លោក​ប្រធាន​មិនដែល​ព្រួយ​បារម្ភ​មិន​ដែល​គិត​ពី​សុវត្ថិភាព​របស់​លោក​ប្រធាន​គឺ​ដើម្បី​ឲ្យ​សង្គម​មួយ​ទទួល​បាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នោះ គឺ​លោក​តែង​តែ​មាន​កិច្ច​ប្រឈម​ខាង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​។ តែ​ទោះ​បី​លោក​ប្រធាន​ប្រឈម​ក្ដី​ លោក​ប្រធាន​តែង​តែ​លះបង់»។

អ្នក​ឃ្លាំ​មើល​ស្ថានភាពសិទ្ធិមនុស្ស​ដ៏​សកម្ម​មកពី​អង្គការ​លីកាដូ​គឺ​លោក​ អំ សំអាត​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ប្រើ​អំពើ​ហិង្សា​បង្ក​ឲ្យ​លោក​មាន​របួស​កាលពី​ថ្ងៃ​ទី​១០​ខែ​តុលា​កន្លងទៅ​នេះ​ ខណៈ​ពេល​លោក​កំពុង​ឃ្លាំ​មើល​ការ​តវ៉ា​របស់​ប្រជា​ពល​រដ្ឋ​ដើម្បី​ឲ្យ​ដោះលែង​បុគ្គលិក​សិទ្ធិមនុស្ស​សមាគម​អាដហុក​ចំនួន​៥រូប​ដែល​ក្នុង​នោះ​មាន​មួយ​រូប​ជា​ស្ត្រី​និង​បុគ្គលិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​មួយ​រូប​ សម្តែង​ការ​ត្រេក​អរ​ចំពោះ​សកម្មជន​សិទ្ធិមនុស្ស​លោក ​ធន សារាយ​ ដែល​បាន​ទទួល​ពាន​រង្វាន់​នេះ។

​លោក អំ សំអាត ប្រាប់​ VOA ថា ពានរង្វាន់​នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដទៃ​ទៀត​ ដើម្បី​បន្ត​បេសកកម្ម​ការពារ​និង​លើកស្ទួយ​សិទ្ធិមនុស្ស ។

លោក​បង្ហាញ​ការ​បារម្ភ​របស់​លោក​ចំពោះ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា​ ប្រទេស​នេះ​នៅ​តែ​ជា​ប្រទេស​មួយ​ដែល​អ្នក​ការពារ​សិទ្ធិមនុស្ស​ទទួល​ការ​គំរាម​កំហែង​ និង​ការ​ចាប់​ឃុំខ្លួន​ ដោយសារ​ពួកគេ​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។

«អ្នក​ការពារ​សិទ្ធិ​មនុស្ស ត្រូវ​ប្រឈមមុខ​ជាច្រើន។ យើង​ដឹង​ហើយ​មាន​ការ​ចាប់​ខ្លួន ធ្វើទុក្ខ​បុក​ម្នេញ​តាម​ផ្លូវ​តុលាការ​ជាដើម ហើយ​មាន​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ជា​បន្តបន្ទាប់​ផង​ដែរ។ ​រឿង​នេះ​យើង​ឃើញ​ថា​ សភាពការណ៍​ចុងក្រោយ ស្ថានភាព​នយោបាយ វា​តានតឹង​ធ្វើ​ឲ្យ​ការរំលោភ​សិទ្ធិមនុស្ស​វា​ធ្លាក់​ចុះ»។

នៅ​ក្នុង​ចំណោម​អ្នក​ទទួល​ពាន​រង្វាន់​ទាំង​១៦​នាក់​នោះ រួម​មាន​អ្នក​តស៊ូ​មតិ​ផ្នែក​សិទ្ធិ​ស្ត្រី​នៅ​ប្រទេស​ឥណ្ឌា​ឈ្មោះ​នាង​ Sunitha Krishnan ដែល​បាន​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពេស្យាចារ និង​ការ​ជួញដូរ​មនុស្ស​ក្នុង​ប្រទេស​ឥណ្ឌា និង​លោកស្រី​ Jacqueline Moudeïna​ មេធាវីនិង​ជា​សកម្មជន​មកពី​ប្រទេស​ ឆាដ (Chad)។

លោកស្រី​ Jacqueline Moudeïna ​បាន​ខិតខំ​ប្រឹង​ប្រែងទាមទារ​រក​យុត្តិធម៌​រហូត​ធ្វើឲ្យ​ប្រធានាធិបតី ​លោក Hissène Habré ​ដែល​ងប់​នឹង​អំណាច​ត្រូវ​ធ្លាក់​ពី​តំណែង​នៅ​ខែ​ឧសភា ឆ្នាំ​២០១៦នេះ។ ​ប្រធានាធិបតី​រូប​នេះ​បាន​ទទួល​ការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​រំលោភ​ និង​អំពើ​ទាសភាព​ផ្សេងទៀត។ ក្រៅ​ពី​នេះ​ មាន​អ្នក​ទទួល​ពាន​រង្វាន់​ដទៃ​ទៀត ដែល​មកពី​ប្រទេស​ចំនួន​១៦​ផ្សេងគ្នា​រួម​មាន​ប្រទេស​បង់ក្លាដេស បេឡារូស អ៊ីតាលី ប្រទេស​ចិន​ជាដើម។​

នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា​កន្លងទៅ​នេះ​លោក​ ធន សារាយ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះ​ហៅ​សាកសួរ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​អាស្រូវ​ផ្លូវ​ភេទ​ដែល​គេ​ចោទ​ប្រកាន់​រវាង​អនុប្រធាន​បក្ស​ប្រឆាំង​លោក​ កឹម សុខា និង​នារី​កាត់​សក់​ម្នាក់។

ប៉ុន្តែ លោក​ សារាយ មិន​បាន​បង្ហាញ​ខ្លួន​ទេ ដោយសារ​លោក​ត្រូវ​បាន​រាយការណ៍​ថា​មាន​បេសកកម្មទៅ​ប្រទេស​ក្រៅ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​នេះ។

ក្រៅពី​ការងារ​ជា​ប្រធាន​សមាគម អាដហុក លោក​ ធន សារាយ ក៏​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​អង្គការ​អង្កេត​ការ​ការ​បោះ​ឆ្នោត​ក្នុង​ស្រុក​មួយ​ហៅ​កាត់​ថា​ខុមហ្រ្វែល​ផង​ដែរ៕