កាលពីឆ្នាំមុននេះ កញ្ញា ស្រី នី បានសម្រេចចិត្តជ្រើសរើសសេវារថយន្តសាធារណៈជំនួសឲ្យយានជំនិះផ្ទាល់ខ្លួនរបស់នាង ដើម្បីធ្វើដំណើរទៅសកលវិទ្យាល័យ ដោយសារតែសេវារថយន្តក្រុងនេះមិនអស់ថ្លៃសម្រាប់នាងដែលជាសិស្ស ក៏ប៉ុន្តែផលលំបាកដែលនាងមិនចូលចិត្តនោះ គឺការសម្របខ្លួនទៅនឹងពេលវេលាដែលឡានមកយឺត។
ស្រី នី ដែលជានិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានបញ្ជាក់ប្រាប់ថាឡានក្រុងដែលមកដល់ចំណតលើសជាងម៉ោងដែលដាក់តាមកាលវិភាគប្រហែលជាង២០នាទី៖
«ពេលខ្លះ ខ្ញុំត្រូវងើបរៀបចំខ្លួនឲ្យលឿនមុនមួយម៉ោងដែលសាលាចូលដើម្បីមករង់ចាំឡានក្រុង»។
ឡានក្រុងសាធារណៈ បានចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីបរាជ័យម្ដងរួចមកហើយនៅក្នុងឆ្នាំ២០០១ ជាមួយនឹងការវិនិយោគសាធារណៈនេះដើម្បីបន្ធូរបន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ។ ផ្លូវដែលឡានក្រុងនេះរត់កាត់ទាំងអស់មាន៣ខ្សែ ដែលមានតាំងពីតំបន់ជាយក្រុងមកទីប្រជុំជន ដោយដឹកជញ្ជូនប្រជាពលរដ្ឋប្រហែលពី៦០០០ទៅ៨០០០នាក់ក្នុងមួយថ្ងៃ។ នេះបើយោងតាមអាជ្ញាធរក្រុងភ្នំពេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាននិយាយនៅក្នុងពិធីសម្ភោធស្ពានកាលពីឆ្នាំ២០១៤ ពីការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់រដ្ឋាភិបាល ក្នុងការបើកដំណើរការប្រព័ន្ធរថយន្តក្រុងសាធារណៈ ទោះបីជារដ្ឋត្រូវខាតបង់លុយយ៉ាងច្រើនក៏ដោយ។
ស្ថានីយរង់ចាំមានប្រហែល ១០០កន្លែងនៅតាមបណ្ដោយខ្សែឡានក្រុងទាំងបី ប៉ុន្តែអ្នកដំណើរត្រូវរង់ចាំយូរ ជាងម៉ោងដែលមានក្នុងកាលវិភាគ ជាពិសេសនៅក្នុងពេលវេលាដែលទីក្រុងមានចរាចរណ៍ប្រញាប់ប្រញាល់ និងកកកុញ រួមទាំងសេវានិងគុណភាពដែលផ្ដល់ដោយសេវាកម្មរថយន្តក្រុងមួយចំនួនមានភាពតិចតួច។ នេះបើតាមលោក អ៊ា ចរិយា ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍។
លោក អ៊ា ចរិយា បានប្រាប់ VOA ថា៖
«ការជ្រើសរើសឡានក្រុង គឺជាជម្រើសចុងក្រោយសម្រាប់មនុស្សមួយចំនួនប្រសិនបើពួកគេមិនចង់ប្រើប្រាស់រថយន្តផ្ទាល់ខ្លួនជាប់គាំងនៅក្នុងការកកស្ទះចរាចរណ៍»។
រយៈពេលនៃការរង់ចាំមើលទៅ គឺជាបញ្ហាចម្បងចំពោះអ្នកដំណើរជាច្រើន ដូចជាកញ្ញា ប៉ូ លីន ជាដើមដែលបាននិយាយថា នាងមានការខកចិត្តចំពោះការយឺតយ៉ាវនៃឡានក្រុង ដែលបណ្ដាលឱ្យនាងទៅធ្វើការនិងសិក្សាមិនទាន់ពេល។ នាងបាននិយាយថា៖
«ការដើរទៅចំណតឡានក្រុងមិនមែនជាបញ្ហាចម្បងនៃការយឺតយ៉ាវទេ ប៉ុន្តែពេលវេលាដែលខ្ញុំជិះរថយន្តមកដល់គឺជាអ្វីដែលធ្វើឱ្យខ្ញុំខកចិត្ត»។
សាលារាជធានីភ្នំពេញ បានទទួលស្គាល់នូវភាពមានកម្រិតនៃគុណភាពសេវារថយន្តក្រុងសាធារណៈនេះ។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់ VOAថា៖
«យើងទទួលស្គាល់ថានៅតែមានចំណុចខ្លះខ្វះខាត ដែលតម្រូវឱ្យយើងផ្លាស់ប្ដូរ និងរៀបចំឲ្យមានលទ្ធភាពកាន់តែប្រសើរជាងមុន រួមទាំងបញ្ហាលើរថយន្តក្រុង អ្នកបើកបរ និងសេវាកម្ម ក៏ប៉ុន្តែ[បញ្ហា]ទាំងអស់នេះ យើងនឹងខិតខំកែលំអ និងរៀបចំឡើងវិញ ដើម្បីផ្ដល់ជូនអ្នកដំណើរនូវសេវាដែលមានលក្ខណៈល្អប្រសើរជាងមុន»។
របាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូនស្ដីពីចំនួនស្ថិតិរថយន្ត និងម៉ូតូនៅរាជធានីភ្នំពេញ បង្ហាញថា ចំនួនរថយន្ត និងម៉ូតូបានកើនឡើងដល់ជាង ២លានគ្រឿង នៅឆ្នាំ ២០១៦។ ការកកស្ទះចរាចរណ៍ បាននាំឱ្យមានការខាតបង់ប្រាក់តម្លៃ ៦លានដុល្លារ ជារៀងរាល់ខែ។ នេះបើយោងតាមការបញ្ចេញឱ្យដឹងដោយរដ្ឋាភិបាល កាលពីឆ្នាំ ២០១៥ ។
ដើម្បីជំរុញសេវានេះឲ្យល្អ រដ្ឋាភិបាលចិនក៏បានផ្ដល់ជំនួយដល់ប្រព័ន្ធដឹកជញ្ជូនសាធារណៈរាជធានីភ្នំពេញ នូវរថយន្តក្រុងចំនួន ១០០គ្រឿងដើម្បីកាត់បន្ថយពេលវេលារង់ចាំ និងពង្រីកខ្សែរថយន្តក្រុងទៅកាន់ផ្នែកផ្សេងទៀតនៃទីក្រុង។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលទើបតែងតាំងថ្មី បាននិយាយនៅពិធីទទួល និងប្រគល់ឡានរថយន្តថ្មីជាផ្លូវការថា ឡានក្រុងថ្មីដែលផ្ដល់ដោយប្រទេសចិនត្រូវបានគេរំពឹងថា នឹងកាត់បន្ថយការកកស្ទះចរាចរណ៍ បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងមិនបណ្ដាលឱ្យខូចបរិស្ថាន។
ខណៈដែលការបម្រើអ្នកដំណើរមិនទាន់បានល្អនោះ ប្រព័ន្ធរថយន្តក្រុងសាធារណៈត្រូវការការកែលំអបន្ថែម ផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលរាប់បញ្ចូលពីការខ្វះផ្លូវថ្មើរជើងរហូតដល់ការតុបតែងនិងភាពស្អាតនៃរថយន្តក្រុង។ នេះបើយោងតាមលោក អ៊ា ចរិយា៖ «ប្រសិនបើបញ្ហាទាំងនេះមិនត្រូវបានដោះស្រាយ នោះរថយន្តក្រុងនឹងជួបប្រទះការបរាជ័យ»៕