៣ឆ្នាំ​ក្រោយ​រដ្ឋប្រហារ​របប​សឹក​ចាញ់​នៅ​សមរភូមិ​ប៉ុន្តែ​បន្ត​កាន់​អំណាច

រូបឯកសារ៖ សមាជិកនៃកងកម្លាំងការពារប្រជាជន Mandalay ឈរយាមនៅជំរុំមូលដ្ឋានរបស់ពួកគេក្នុងព្រៃក្បែរទីប្រជុំជន Namhsan ក្នុងរដ្ឋ Shan ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣។

ថ្ងៃ​ទី​១ខែ​កុម្ភៈជា​ខួប​គម្រប់​៣ឆ្នាំនៃ​ការ​ធ្វើ​រដ្ឋប្រហារ​យោធាក្នុងប្រទេស​មីយ៉ាន់ម៉ា​ ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ ​ដែល​បណ្តាល​ឱ្យមានសង្គ្រាម​ស៊ីវិលបង្ហូរឈាម​មួយ​ ដែល​កំពុង​បន្ត​ហែកហួរ​ប្រទេស​ជាតិ​មួយ​នេះ ដែល​មាន​ប្រជាជន​ចំនួន​៥៤​លាន​នាក់។​ ​

វា​ក៏​ជាថ្ងៃ​កត់​សម្គាល់​រយៈពេល​ជាង​៣​ខែ​ដែរ​ ចាប់តាំង​ពីមាន​ប្រតិបត្តិការ​ថ្ងៃ​ទី២៧ខែ​តុលា​ ឬ១០២៧​ ដែល​ជា​ការ​វាយប្រហារ​ដ៏​សំខាន់របស់​ក្រុម​ប្រដាប់អាវុធ ដែល​ប្រឆាំង​នឹង​របប​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ។​ យុទ្ធនាការ​នេះ​ បានធ្វើឱ្យរបប​យោធា​មីយ៉ាន់ម៉ា​ចាញ់​នៅ​សមរភូមិ​ប្រយុទ្ធ​មួយ​ចំនួន​មិន​ធ្លាប់មាន​ពី​មាន​ពី​មុន​ និង​ជា​ការ​កំណត់ឡើង​វិញ​នូវ​សង្គ្រាម​នៅ​ក្នុង​ប្រទេសនេះ។

លោក​ Richard Horsey ទី​ប្រឹក្សា​ជាន់ខ្ពស់​ស្តី​ពី​ប្រទេស​មីយ៉ាន់ម៉ាប្រចាំ​ក្រុម​វិបត្តិ​អន្តរជាតិ​ បាន​ប្រាប់​វីអូអេថា៖​ «នៅ​ពេល​ដែល​យើង​និយាយថា​តើ​យើង​កំពុង​នៅ​ចំណុច​ណា​នៅ​ថ្ងៃ​នេះ​ក្រោយ​ពី​រយៈពេល​៣​ឆ្នាំ​កន្លង​ទៅ​នោះ ​គឺ​យើង​ចង់និយាយ​យ៉ាង​ពិតប្រាកដ ថា​តើ​យើងកំពុង​ស្ថិត​នៅចំណុច​ណា​ក្រោយប្រតិបត្តិការ​១០២៧នោះ»។

ក្រោយ​ការ​ចាប់​ផ្តើម​ការ​វាយប្រហារថ្ងៃ​ទី​២៧​ ខែ​តុលា​កន្លង​ទៅ​ ​កងកម្លាំង​នៃ​ក្រុមប្រឆាំង​បាន​ដណ្តើម​គ្រប់គ្រង​តំបន់ប្រជុំជន​ជា​ច្រើនកន្លែងនៅ​ក្នុង​រដ្ឋ​ Shan ដែល​ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​មីយ៉ាន់ម៉ា​ ជាប់​នឹង​ព្រំប្រទល់​ប្រទេស​ចិន​ ដោយ​ពួក​គេ​គ្រប់គ្រងផ្លូវ​សំខាន់ៗ​ទៅ​កាន់​តំបន់​ព្រំដែន​ និង​បាន​បង្ខំឱ្យ​កងទ័ព​នៃ​របប​សឹកជា​ច្រើន​រយនាក់ ​បាន​ចុះ​ចូល​ជា​មួយ​ពួក​គេ​ផង​ដែរ។​ ​

របប​សឹក​មីយ៉ាន់ម៉ា​បាន​ឆ្លើយតប​វិញ​នឹង​ការបាត់បង់​នោះ​ ដោយ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​និង​បាញ់​ផ្លោង​ដោយ​កាំភ្លើងធំជាច្រើន​គ្រាប់ តែ​រហូត​មក​ដល់ពេល​នេះ​ ​នៅ​មិន​ទាន់អាចយក​បាន​មក​វិញ​នូវ​ទីតាំង​ដែល​គេបាន​បាត់​បង់​នៅ​ឡើយ​នោះ​ទេ។​ ការណ៍​នេះបាន​ធ្វើ​ឱ្យ​ក្រុម​ប្រឆាំងនៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​ វាយប្រហារ​ដែរ​ដែល​ធ្វើ​ឲ្យរបបយោធាកាន់តែ​ចាញ់ច្រើន។

លោក​ Horsey​ បាន​ឱ្យ​ដឹង​ទៀត​ថា៖​ «នៅក្នុង​តំបន់​ជាច្រើន​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ ​ក្រុមប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​ និង​ក្រុម​កម្លាំង​តស៊ូ​ បាន​ចាប់​ផ្តើមបើក​ការ​វាយប្រហារចាប់តាំង​ពី​ថ្ងៃទី ២៧ ខែ​តុលា​កន្លង​ទៅ។​ ក្រុម​កម្លាំង​ទាំង​នេះ​បាន​ឃើញ​ពី​ស្ថានភាព​នេះនិង​និយាយ​ថា​ ក្រុម​យោធា​មីយ៉ាន់ម៉ា​ កំពុង​ជួប​សំណាងអាក្រក់និងខ្សោយមិន​គួ​ឱ្យ​ជឿ។​ ដូច្នេះ​គេ​ផ្តល់​ជំនឿ​ចិត្ត​ដល់​ក្រុម​ទាំង​នេះដើម្បី​ធ្វើ​ការ​វាយប្រហារ​បន្ត»។

វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការសិក្សាយុទ្ធសាស្ត្រ​ ដែល​ជាក្រុម​ស្រាវជ្រាវរបស់ប្រទេសអង់គ្លេស​ ដែលតាមដាន​ការវាយប្រយុទ្ធគ្នា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​កត់ត្រាអំពើហិង្សា​កើន​ឡើង​កាន់​តែ​ខ្លាំង​ឡើងចាប់តាំង​ពីខែ​មិថុនា​កន្លង​ទៅ​ ដោយ​មាន​ព្រឹត្តិការណ៍វាយប្រយុទ្ធគ្នា​ជាង​១០០០​លើកក្នុង​ខែ​វិច្ឆិកានិង​ខែ​ធ្នូឆ្នាំ​២០២៣។​

លោក​ Min Zaw Oo ជំនួយការ​ស្រាវជ្រាវ​នៃមជ្ឈមណ្ឌល​ក្រៅ​រដ្ឋាភិបាលសម្រាប់​ការសិក្សា​អន្តរជាតិ​និង​យុទ្ធសាស្ត្រក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​ ​បាន​ចំណាយ​ពេល​មួយ​ខែ​ ដោយ​ធ្វើ​ដំណើរពាសពេញ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ចុង​ឆ្នាំ​២០២៣​កន្លង​ទៅ​ និង​បាន​ជួប​និយាយ​ជា​មួយមេបញ្ជាការ​កងវរៈសេនាតូច​នៃ​របប​សឹក​មីយ៉ាន់ម៉ា​ និង​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត។​

លោក​បាន​ប្រាប់​វីអូអេ​ថា​ លោក​ឃើញ​ថា​ ក្រុម​យោធា​នៃ​របប​សឹក​មីយ៉ាន់ម៉ា មិនបាន​ត្រៀម​ខ្លួន​ក្នុង​ការ​ទប់ស្កាត់​បរាជ័យ​របស់​ខ្លួន​ ក្រោយ​ខ្វះខាត​ការ​គ្រប់គ្រង​ល្អ​អស់​ពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​ទៅ​។

ចុះ​ខ្សោយ​តែ​មិនរលំ

លោកMin Zaw Oo និយាយ​ថា​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយដែល​ក្រុម​យោធា​មិន​បានវិនិយោគ​លើ​យុទ្ធសាស្ត្រ​និង​យុទ្ធោបករណ៍​ ដែល​ត្រូវការ​ចាំបាច់ដើម្បី​ការពារយុទ្ធជនរបស់​ខ្លួនពី​ការ​វាយប្រហារ។​ ការប្រយុទ្ធ​នឹងក្រុម​ឧទ្ទាមមួយ​ឬ​ពីរ​ក្រុមក្នុង​ពេល​តែ​មួយ​ ធ្វើ​ឱ្យ​យោធា​មីយ៉ាន់ម៉ាជួប​ការ​លំបាក​ជាខ្លាំងក្នុង​ពេល​កន្លង​ទៅ។ ការ​ប្រឈម​នឹង​សម្ពាធ​ខ្លាំង​ពីគ្រប់​ទិសទី​ ចាប់តាំង​ពីក្រោយ​ថ្ងៃ​រដ្ឋប្រហារ​មក ធ្វើ​ឱ្យ​របប​សឹក​មួយ​នេះមាន​បញ្ហា​ជា​ច្រើនក្នុង​ពេល​ខាង​មុខ។​

​លោក​Min Zaw Oo បន្ថែម​ទៀត​ថា​ ​ក្រោម​ការដឹកនាំ​របស់​នាយ​ឧត្តមសេនីយ៍ Min Aung Hlaing​ ដែល​បានដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ ក្រុម​យោធា​បាន​ដំឡើង​ឋានន្តរសក្តិ​ដល់​មេបញ្ជាការ​ជាន់ខ្ពស់​ជាច្រើន​នាក់​ ដែល​មាន​បទពិសោធន៍​ប្រយុទ្ធ​តិចតួចឬ​ក៏​គ្មាន​សោះ។ ​លោក Min Zaw មិន​បាន​មើល​ឃើញ​ថា ​រឿង​ទាំង​នេះ​ ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះឡើយ​ ​ដែល​នេះ​ជា​ប្រយោជន៍​សម្រាប់​ចលនា​តស៊ូ។

លោក​បន្ថែម​ទៀត​ថា៖​ «នៅ​ក្រោមការ​ដឹកនាំ​បច្ចុប្បន្ន​ ខ្ញុំ​គិត​ថា​ក្រុម​យោធា​ ​មិន​អាច​ជួសជុលស្ថានភាព​លំបាក​របស់ខ្លួនបាន​ឡើយ​។​ គេនៅតែ​មិនទាន់​មាន​ដំណោះ​ស្រាយ​ផ្នែកយុទ្ធសាស្ត្រ​នៅ​ឡើយ​ទេ»។

បញ្ហា​ទាំង​នេះកំពុង​បង្ក​ឱ្យ​មាន​ការព្យាករណ៍​ថា​ ក្រុម​តស៊ូ​អាច​ទទួល​ជ័យ​ជម្នះពិតប្រាកដ​លើ​ក្រុម​យោធា​ ដែល​មានបទពិសោធន៍​ប្រយុទ្ធ​ខ្លាំងក្លា​និង​ធំ​បំផុតក្នុង​តំបន់​ ជា​ពិសេសចាប់តាំង​ពីការ​ចាប់​ផ្តើម​នៃ​ប្រតិបត្តិការ​១០២៧​មក។ អ្វី​ដែល​គេ​ធ្លាប់​គិត​ថា​វា​ហាក់​ដូច​ជា​នឹងប្រើពេល​យូរនោះ​ ពេលនេះ អ្នក​ខ្លះ​គិត​ថា វា​ជៀស​មិន​ផុត​ទេ​ ដែល​ក្រុមអ្នក​តស៊ូអាច​នឹង​ទទួល​ជ័យ​ជម្នះក្នុង​ពេលឆាប់ៗ​ខាង​មុខ​នេះ។

​ទោះ​បី​ជា​យ៉ាង​នេះក្តី​ ក៏​ក្រុម​អ្នកវិភាគនិយាយ​ថា​ ការទស្សន៍ទាយ​ដែល​ថា​ ​របប​សឹកទទួល​បរាជ័យ​ ឬ​ដួលរលំក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ជា​ការ​បំប៉ោងខ្លាំង​ហួសហេតុ។​

លោក David Mathieson អ្នកវិភាគ​ឯករាជ្យ​ស្តី​ពី​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ប្រាប់​វីអូអេ​ដូច្នេះ​ថា៖​ «ដោយ​មើល​ឃើញ​ពី​ជ័យជម្នះមួយចំនួន​លើ​សមរភូមិ​ប្រយុទ្ធ​ និង​ការបាត់បង់នៅ​ក្នុង​ជួរយោធានៃ​របប​សឹក​នោះ​ ​គេឃើញ​សន្ទុះ​ទៅ​មុខកំពុង​កើន​ឡើង​ដែល​មនុស្សម្នាកំពុង​មើល​ឃើញ​ ហើយ​ប្រសិន​បើ​យើងនៅ​រក្សា​សន្ទុះ​នោះ​តទៅ​មុខ​ទៀត​ ​យើង​ពិត​ជាអាច​ផ្តួលកម្លាំង​យោធានៃ​របប​សឹកបាន។

លោក​បន្ថែម​ទៀត​ថា៖​ «ប៉ុន្តែខ្ញុំ​គិត​ថា ការព្យាករណ៍​ណា​មួយ ដែល​ថា​ជ័យជម្នះ​នោះវា​នឹង​កើត​ឡើង​ឆាប់​ប៉ុណ្ណានោះគឺ​ត្រូវ​តែ​ប្រយ័ត្នប្រយែង។​ ក្រុម​មនុស្ស​គាំទ្រ​ប្រតិបត្តិការ​១០២៧និយាយ​ថា​ របប​យោធា​អាច​ដួល​រលំ​ក្នុង​រយៈពេលពី៣ខែ​ទៅ​៦​ខែ​ទៀត។​ យើង​មិន​អាច​ថា​បាន​ទេ​ចំពោះ​រឿង​នេះ»។

ទីតាំង​ជា​ច្រើន​ដែល​របប​យោធាមីយ៉ាន់ម៉ា​បាន​បាត់​បង់ចាប់​តាំង​ពី​មាន​ប្រតិបត្តិការ​១០២៧​មក រួម​មាន​តំបន់មួយ​ចំនួន​នៅ​តាម​ព្រំដែន​ជា​មួយ​ប្រទេស​ឥណ្ឌា​ បង់ក្លាដែស​ ​ហើយ​ច្រើន​បំផុតនោះ​គឺ​នៅ​ជិត​ព្រំដែន​ជា​មួយ​ប្រទេស​ចិន​ ​ដែល​ជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​ជា​មួយ​ប្រទេសមីយ៉ាន់ម៉ា។ ​ផ្លូវ​ពាណិជ្ជកម្ម​សំខាន់ៗ​មួយ​ចំនួនជាមួយ​ប្រទេស​ថៃ​ ក៏​បាន​រង​ការ​វាយប្រហារកាន់​តែ​ខ្លាំង​ឡើង​ពី​ក្រុម​ចលនា​តស៊ូផង​ដែរ។

បើ​ទោះ​បីជា​យ៉ាង​នេះ​ក្តី​ ក៏​លោកMathieson និយាយ​ថា របប​យោធាប្រហែល​ជា​អាច​នៅ​តែ​កាន់អំណាច​ដដែល​ ដោយ​បាត់​ការ​គ្រប់គ្រងនៅ​តាម​តំបន់​ជាប់​ព្រំដែនមួយ​ចំនួន ដោយ​ពង្រឹង​អំណាច​គ្រប់គ្រង​នៅ​តាម​តំបន់​សំខាន់ៗភាគកណ្តាល​នៅជុំវិញ​ទីក្រុង​ធំៗ​របស់​ប្រទេស​នេះ ដូច​ជា​ទីក្រុង​យ៉ាងហ្គូន​ និង​កំពង់ផែ​សមុទ្រ​របស់​ខ្លួន ដោយ​ក្តោបក្តាប់​មូលដ្ឋាន​យោធា​សំខាន់ៗ​និង​រោងចក្រ​អាវុធ​ ដែល​មាន​ផ្លូវ​ភ្ជាប់គ្នា​ខ្វាត់ខ្វែង។

លោក​និយាយ​បន្ត​ទៀត​ថា​ គ្រាន់​តែ​ប៉ុណ្ណឹង​ «ក៏​របប​យោធា​នេះ​មាន​សមត្ថភាពផ្គត់ផ្គង់​គ្រឿង​សម្ភារៈ​យោធាដែល​គេ​ត្រូវ​ការក្នុង​ការ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ដែរ»។​ ​

បែកបាក់គ្នា​ប៉ុន្តែ​នៅ​ឈរ​បាន​

បើ​ទោះ​ជាមាន​ការរត់​ចោល​ជួរ​ជា​ប្រចាំនិង​ការ​ចុះ​ចូល​នា​ពេល​ថ្មីៗ​នេះ នៃក្រុម​យោធា​មីយ៉ាន់ម៉ា​ជាច្រើន​កង​វរៈសេនាតូច និង​បាន​ធ្វើ​ឱ្យ​កម្លាំងយោធា​នៃ​របប​សឹក​មាន​ការ​ចុះ​ថយ​ក្តី​ ក៏ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​លើក​ឡើង​ថា​ ​ក្រុម​យោធា​នៃ​របប​សឹក​មីយ៉ាន់ម៉ា​ មិន​បាន​ចូល​សារភាព​និង​ចុះចូលជាមួយ​កម្លាំង​តស៊ូ​ក្នុង​ទ្រង់ទ្រាយធំ​ខ្លាំង​នោះ​ឡើយ​ ដោយ​ក្រុម​អ្នក​វិភាគ​ទាំង​នេះនិយាយ​ថា​ បើ​ទោះ​បី​ជាមាន​ការបាក់​ទឹកចិត្តខ្លះៗក៏ដោយ ក៏​កម្លាំង​ទាំង​មូល​មិន​ទាន់​រលំរលាយទេ។

ក្រុម​យោធាមីយ៉ាន់ម៉ា​ក៏​កំពុង​ប្រយុទ្ធ​នឹង​ក្រុមចលនា​តស៊ូ​ប្រឆាំង ដែលមាន​ការបែកបាក់​គ្នា​ខ្លាំង​ផង​ដែរ។​ ​ បើ​ទោះបី​ជា​មាន​ការ​សម្របសម្រួល​គ្នា​ដ៏​ល្អ​មួយ ដែល​បង្ហាញ​ពី​កម្លាំង​បះបោរ​រួម​គ្នាក្នុង​ប្រតិបត្តិការ​១០២៧​ក្តី​ ​ក៏ក្រុម​កម្លាំង​តស៊ូ​នានានៅ​ក្នុង​ប្រទេស​នេះ​ នៅ​មិន​ទាន់​ចុះ​សម្រុងគ្នា​ទាំង​ស្រុង​នោះ​ឡើយ​ ដោយ​មិន​មាន​ទី​បញ្ជាការ​កណ្តាល​មួយ ហើយ​ក្រុម​ជា​ច្រើន​កំពុង​ចង់​សម្រេច​បាន​គោលបំណងរបស់​ខ្លួន​រៀងៗខ្លួន។

លោក​ Min Zaw Oo​ និយាយទៀត​ថា​ «​ដូច្នេះ​ វាពិបាក​ណាស់​នៅ​ពេល​នេះ​ ក្នុង​ការនិយាយ​ថា តើ​ចលនា​តស៊ូ​នេះមាន​ន័យ​យ៉ាង​ដូច​ម្តេច​នោះ»។

ខណៈ​ពេល​ក្រុម​តស៊ូ​ដែល​មិនសូវ​ស៊ី​សង្វាក់​គ្នា​និង​កំពុង​ព្យាយាម​វាយ​ដណ្តើម​យក​ទឹកដី និង​មាន​ក្រុម​ខ្លះ​ថែម​ទាំង​មាន​សម្ព័ន្ធភាព​ធូរលុង​ផង​នោះ​ បាន​ធ្វើ​ឱ្យ​មាន​ការប្រជែង​គ្នា​ក្នុង​ចំណោម​ពួក​គេ​ទាំង​នោះ។​ លោក​ Min Zaw Oo បាន​កត់​សម្គាល់​ថា​ ក្រុម​ប្រឆាំង​ចំនួន​ពីរ​នៅ​ភាគ​ខាង​កើត​ប្រទេសបាន​ចាប់​ផ្តើម​ខ្វែងគំនិត​គ្នា​រឿង​យក​ពន្ធ​លើ​ប្រជាជន​ក្នុង​មូលដ្ឋាន ហើយ​ក្រុម​ប្រឆាំង​ពីរ​ទៀតនៅ​ភាគ​ខាង​លិច​ប្រទេស​មីយ៉ាន់ម៉ា​វិញ​ ដែល​ស្ថិត​ក្នុងក្រុម​ជនជាតិ​ភាគតិច​ Chin បាន​ប៉ះទង្គិច​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ។

លោក​បន្ថែម​ទៀត​ថា៖​ «នេះ​គ្រាន់តែ​ជា​បញ្ហា​តូច​មួយ​ក្នុង​បញ្ហា​ធំៗ​ជា​ច្រើន។​ ​ ក្នុង​ពេល​វេលា​ខាង​មុខ​ ​នេះ​ យើង​នឹង​ឃើញ​មាន​បញ្ហា​ជា​ច្រើន​លេច​ឡើង​ថែម​ទៀត»។

​ក្រុម​អ្នក​វិភាគនិយាយ​ថា​ ​ក្រុម​ចលនា​តស៊ូ​អាច​ជួប​ការ​ពិបាក​ខ្លាំង​ក្នុង​ពេល​ខាង​មុខ​ ក្នុង​ការដណ្តើម​យក​ទីតាំង​បន្ថែម​ទៀតពី​ក្រុម​យោធា​មីយ៉ាន់ម៉ា​ ខណៈ​កម្លាំងយោធា​ដកថយពី​ទីតាំងខ្សោយ​ហើយផ្តោត​ការពង្រឹង​ការ​ការពារនៅ​តាម​តំបន់​សំខាន់ៗ​មួយ​ចំនួន។ លោក​ Min Zaw Oo និយាយទៀត​ថា​ ការព្យាករណ៍ក្នុង​ពេល​អនាគត​នោះ​គឺ​ថា​ តើ​ក្រុម​ចលនា​តស៊ូ នៅ​ភាគ​ខាង​កើត​ប្រទេស​អាច​កាត់​ផ្តាច់​ផ្លូវ​ជាតិ​ ដែល​តភ្ជាប់​ទៅ​កាន់​ទីក្រុង​យ៉ាងហ្គូន​ និង​ទីក្រុង​ Mandalay​ ដែល​ជាទី​ក្រុង​ធំបំផុតពីររបស់​ប្រទេស​នេះ​ដែរ​ឬទេ​ ដែល​រហូត​មក​ដល់​ពេល​នេះទីក្រុង​ទាំង​ពីរ​នេះ​ កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​ណែន​របស់របប​សឹក​មីយ៉ាន់ម៉ា។​

ស្រប​ពេល​ដែលរបប​សឹកកំពុង​បន្តបាត់​បង់​ទី​តាំង​នោះ​ ពួក​គេ​ព្រមាន​ថា​ វា​អាច​មាន​អំពើ​ហិង្សា​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ជា​ពិសេស​លើ​ជនស៊ីវិល​ ដូច​អ្វី​ដែល​បាន​កើត​ឡើងនៅ​ភាគ​ឦសានប្រទេស​ ​ក្នុង​ការ​ឆ្លើយតបទៅ​នឹង​ប្រតិបត្តិការ​វាយប្រហារ​១០២៧​របស់​ក្រុម​ចលនា​ប្រឆាំង​។

អង្គការ​សហប្រជាជាតិនិយាយ​ថា​ ក្នុង​ចំណោម​ជន​ចាកចោល​ទីលំនៅ២លាន​៣​សែន​នាក់​ ដែល​បណ្តាល​មក​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​ចាប់​តាំង​ពី​ក្រោយថ្ងៃ​រដ្ឋប្រហារ​មក​ ​ជនភៀស​ខ្លួនចំនួន​១ភាគ​៣​ ​បាន​រត់​គេច​ពី​ផ្ទះ​សម្បែង​របស់​គេ ក្នុង​រយៈពេល​តែ​៣ខែ​កន្លង​ទៅ​នេះ​តែ​ប៉ុណ្ណោះ។

លោក​ Horsey បន្ត​លើកឡើង​ដូច្នេះ​ទៀត​ថា​ «​ក្រុម​យោធា​ប្រហែល​ជា​មិនមាន​លទ្ធភាព​អាច​យក​ឈ្នះ​លើ​ពួក​ចលនា​តស៊ូ​នោះ​ឡើយ​ ​ប៉ុន្តែ​របបយោធា​នេះ​នៅ​មាន​សមត្ថភាព​ពេញលេញ​នៅ​ឡើយ ក្នុង​ការ​បង្ក​អំពើហិង្សា​ ជា​ពិសេស​ទៅ​លើ​គោលដៅ​នៃ​ជនស៊ីវិល»។​

ចំណែក​លោក Mathieson វិញ​បាន​យល់ស្រប​ដូច​គ្នា​នេះ​ថា៖​ «ពួក​គេ​អាច​ធ្វើ​ឱ្យមាន​ភាព​កាន់តែ​ច្របូកច្របល់​ខ្លាំង​ឡើងថែម​ទៀត​ និងអាចនៅ​តែ​បន្ត​ព្យុះភ្លៀងក្នុង​ពេល​ដ៏​យូរ​ទៅ​មុខ​ទៀត។​ ​ លោក​បន្ថែម​ទៀត​ថា​ ក្នុង​ចំណោម​ប្រភព​ជា​ច្រើនរបស់​លោក​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​ក្នុង​ចំណោម​ក្រុម​កម្លាំង​ឧទ្ទាម​នោះ​ «​អ្នក​ដែល​មានសុទិដ្ឋិនិយម​ខ្លាំង​បំផុត​នោះ​មិន​ជឿ​ថា​ រឿង​នេះ​នឹង​អាច​បញ្ចប់​ទៅ​ដោយ​ងាយៗ​នោះ​ឡើយ»៕

ប្រែសម្រួល​ដោយ​លោក​ជ្រា វណ្ណារិទ្ធ