យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃពុធនេះថា ខ្លួនបានបំផ្លាញដ្រូន ១៩ គ្រឿងក្នុងចំណោម ២០ គ្រឿងដែលរុស្ស៊ីបានបាញ់នៅក្នុងការវាយប្រហារកាលពីយប់មិញ ប៉ុន្តែមន្ត្រីអ៊ុយក្រែនបាននិយាយថា កម្ទេចកំទីបាក់បែកដែលធ្លាក់ចុះមកបានធ្វើឱ្យមនុស្ស ៣ នាក់រងរបួសនៅទីក្រុង Odesa នៅភាគខាងត្បូង។
យោធាអ៊ុយក្រែនបាននិយាយថា ដ្រូនភាគច្រើនបានបាញ់សំដៅតំបន់ទីក្រុង Odesa។ ក្រសួងមហាផ្ទៃអ៊ុយក្រែនបានបញ្ជាក់ថា កម្ទេចកំទីបាក់បែកនៃដ្រូនដែលយោធាអ៊ុយក្រែនបានបាញ់ទម្លាក់នោះបានធ្លាក់ចំអគារលំនៅដ្ឋានរបស់ពលរដ្ឋនិងបានធ្វើឱ្យបំពង់ឧស្ម័នរងការខូចខាត។
ការវាយប្រហារដោយដ្រូននេះបានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃអង្គារដែលធ្វើឱ្យមនុស្សយ៉ាងតិច ១៧ នាក់រងរបួសនៅក្នុងទីក្រុង Kharkiv នៅភាគឦសានប្រទេស។
អភិបាលតំបន់ Kharkiv លោក Oleh Synehubov បានបញ្ជាក់តាម Telegram ថា មីស៊ីលរុស្ស៊ី S-300 ពីរគ្រាប់បានវាយប្រហារចំកណ្ដាលទីក្រុង ដែលក្នុងនោះរួមមានទាំងអគារស្នាក់នៅរបស់ពលរដ្ឋផងដែរ។
អភិបាលក្រុង Kharkiv លោក Ihor Terekhov បានបង្ហោះសារនៅលើ Telegram ថា មីស៊ីលទាំងនោះបានធ្វើឱ្យអគារយ៉ាងតិច ១០ ខ្នងរងការខូចខាត និងបានបុកចំ «គ្មានខុសនូវកន្លែងណាដែលគ្មានហេដ្ឋារចនាសម្ព័ន្ធយោធានិងកន្លែងណាដែលជាកន្លែងរស់នៅរបស់ពលរដ្ឋ»។
អង្គការសហប្រជាជាតិបានបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយកាលពីថ្ងៃអង្គារថា ការវាយប្រហាររបស់រុស្ស៊ីបានធ្វើឱ្យជនស៊ីវិលស្លាប់និងរងរបួសកាន់តែច្រើននៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែធ្នូឆ្នាំមុន៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។