អ្នកកាសែតបីនាក់ដែលបម្រើការឲ្យស្ថាប័នផ្សាយព័ត៌មានមួយនៅមីយ៉ាន់ម៉ា ដែលឥឡូវនេះត្រូវបានគេហាមឃាត់មិនឲ្យផ្សាយព័ត៌មានបន្ដទៀត ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ ដោយរងការចោទប្រកាន់ថាឆ្លងចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់។
អ្នកកាសែតទាំងបីនាក់នោះធ្វើការឲ្យស្ថាប័នព័ត៌មានសំឡេងប្រជាធិបតេយ្យមីយ៉ាន់ម៉ា (DVB) ដែលជាបណ្ដាញផ្សាយព័ត៌មានតាមអនឡាញ ដែលឥឡូវនេះត្រូវបានបិទដោយរដ្ឋាភិបាលយោធា។
នាយកគ្រប់គ្រងស្ថាប័នព័ត៌មានសំឡេងប្រជាធិបតេយ្យមីយ៉ាន់ម៉ា លោក Aye Chan Naing បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា អ្នកកាសែតទាំងបីនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យនៅក្នុងក្រុងឈៀងម៉ៃ ប៉ែកខាងជើងប្រទេសថៃ រួមជាមួយនឹងសកម្មជនពីរនាក់ផ្សេងទៀត។
លោកបានទទូចកុំឲ្យរដ្ឋាភិបាលថៃចាប់បញ្ជូនមនុស្សទាំង ៥ នាក់នោះ ត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ ដោយសារលើកហេតុផលថា ជីវិតរបស់ពួកគេ «នឹងស្ថិតនៅក្នុងគ្រោះថ្នាក់ខ្ពស់ ប្រសិនបើពួកគេត្រឡប់ទៅវិញ»។
លោក Aye Chan ក៏បានអំពាវនាវដល់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនផងដែរ។
ស្ថាប័នព័ត៌មានសំឡេងប្រជាធិបតេយ្យមីយ៉ាន់ម៉ា គឺជាស្ថាប័នព័ត៌មានឯករាជ្យមួយក្នុងចំណោមស្ថាប័នព័ត៌មានឯករាជ្យជាច្រើន ដែលត្រូវបានរដ្ឋាភិបាលយោធាដកហូតអាជ្ញាប័ណ្ណ ចាប់តាំងពីយោធាបានផ្ដួលរំលំរដ្ឋាភិបាលស៊ីវិលកាលពីថ្ងៃទី ១ ខែកុម្ភៈមក និងបានចាប់ឃុំខ្លួនថ្នាក់ដឹកនាំស៊ីវិលដោយរួមទាំងមេដឹកនាំគឺអ្នកស្រី Aung San Suu Kyi។
អ្នកកាសែតរាប់សិបនាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ៕