ក្រសួង​សុខាភិបាល រកឃើញ​មនុស្ស​៣​នាក់​ទៀត​ឆ្លង​កូវីដ​១៩ ពាក់ព័ន្ធ​នឹង​រដ្ឋមន្រ្តី​ការបរទេស​ហុងគ្រី

រូបឯកសារ៖ អ្នកស្រី​ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ថ្លែង​នៅក្នុងសន្និសីទ​សារព័ត៌មាន​ ដើម្បី​បំភ្លឺសំណួរ​ពាក់ព័ន្ធ​នឹង​ជំងឺ និង​ការ​ធ្វើតេ​ស្តកូវីដ​១៩ (Covid-19) កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅ​ក្រសួង​សុខាភិបាល។ (ទុំ ម្លិះ/វីអូអេ)

ក្រសួង​សុខាភិបាល​កម្ពុជា​ នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ បាន​ប្រកាស​ថា​ មនុស្ស​៣​នាក់​ទៀត ដែល​មាន​តំណាង​រាស្រ្ត​មួយ​រូប​ ត្រូវ​បាន​ធ្វើ​តេស្តរក​ឃើញ​ថា ​មាន​វីរុស​ជំងឺ​កូវីដ​១៩ ពាក់ព័ន្ធ​នឹង​ការ​ប៉ះ​ពាល់​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​ហុង​គ្រី។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល អ្នក​ទាំង​៣នាក់នោះ មាន​លោក សួស យ៉ារ៉ា សមាជិក​រដ្ឋ​សភា លោក ស ចិត្រា ជា​អគ្គ​លេខាធិការ​រង​នៃក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​បុរស​ជន​ជាតិ​ហុងគ្រី ដែល​ជា​ឯក​អគ្គ​រដ្ឋ​ទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា។ ពួក​គេ​ទាំង​អស់​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខ្មែរ-សូវៀត។

ពួកគេ​ទាំង​៣​នាក់ ជា​អ្នក​ឆ្លង​បន្ថែម​លើ​អង្គរក្ស​ម្នាក់​ជា​ជន​ជាតិ​ខ្មែរ ដែលការពារ​ឲ្យ​ប្រតិភូ​ហុងគ្រី​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ​ហើយ​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុក​វីរុស​កូរ៉ូណា ដែលបង្ក​ទៅ​ជា​ជំងឺ​កូវីដ​១៩នៅ​ប្រទេស​ថៃ ​កាល​ពី​សប្តាហ៍​មុន។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​ថា​ លទ្ធផល​តេស្ត​លើក​ទី​ពីរ​របស់លោក​ បង្ហាញ​ថា ​លោក​មិន​មាន​វីរុសកូរ៉ូណាទេ។

ក្រសួង​សុខាភិបាលបាន​ឲ្យដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​មនុស្សជាង​៩៤០​នាក់​ ពាក់ព័ន្ធ​នឹងរដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី ​ ត្រូវ​បាន​ធ្វើ​តេស្ត ហើយ​លទ្ធផលគឺ​អវិជ្ជមាន លើក​លែង​តែ​អង្គរក្ស​ម្នាក់​ការពារប្រតិភូ​ប៉ុណ្ណោះ។ អ្នក​ទាំង​នោះ​ ត្រូវ​ធ្វើ​តេស្ត​ចំនួន​៣​ដង​ទៀត។

រដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី លោក Peter Szijjarto ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ ត្រូវ​បាន​រាយការណ៍​ថា ​មាន​ជំងឺ​កូវីដ​១៩ ពេល​លោក​បាន​ទៅ​ដល់​ប្រទេស​ថៃ។ មិន​មាន​របាយការណ៍​លម្អិត​នោះ​ទេ​ថា ​រដ្ឋមន្រ្តី​ការបរទេស​នោះ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ តាំង​ពី​ពេល​ណា ​និង​នៅ​ទី​ណា៕