ក្រសួង​ការពារ​ជាតិ​លុប​ឈ្មោះ​​ទាហាន​៣​​នាក់​​ចេញ​ពី​ក្រប​ខណ្ឌ ដោយ​សារ​ប្រើប្រាស់​គ្រឿង​ញៀន

រូបឯកសារ៖ ទាហានកម្ពុជាចូលរួមពិធីបិទបញ្ចប់នៃកម្មវិធីប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣។ (REUTERS/Chalinee Thirasupa)

ក្រសួង​ការពារ​ជាតិ​បាន​លុប​ឈ្មោះ​ទាហាន​ ៣​ នាក់​ ចេញ​ពី​ក្រប​ខណ្ឌ ក្រោម​ហេតុ​ផល​ថា​ពួក​គេ​ប្រើ​ប្រាស់​គ្រឿង​ញៀន។ នេះ​បើ​តាម​សេចក្តី​សម្រេច​របស់​ក្រសួង​ការពារ​ជាតិ​ ដែល​វីអូអេ​ទទួល​បាន។ ​អ្នក​តាម​ដាន​សាទរចំពោះ​ចំណាត់​ការ​នេះ ប៉ុន្តែ​ទាម​ទារ​ឱ្យក្រសួង​អនុ​វត្ត​ការងារ​នេះ ​ដោយឈរ​លើ​គោល​ការ​ណ៍​តម្លាភាព និង​កុំ​លម្អៀង​លើ​បក្ខ​ពួក​និយម។

កាល​ពី​ចុង​ខែ​កញ្ញា លោក ទៀ សីហា រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​ចេញប្រកាស​មួយ ​ដោយ​លុប​ឈ្មោះ​នាយ​ទាហាន​ម្នាក់ ដែល​មាន​ឋានៈ​ជា​វរសេនីយ៍​ត្រី និង​មាន​តួនាទីជា​គ្រូ​បច្ចេក​ទេស​ថ្មើរ​ជើង​សាលា​នាយ​ទាហាន​សកម្ម ​គឺ​លោក ពោន ធា ​ចេញ​ពី​ក្របខណ្ឌ ​ដោយ​មូល​ហេតុ​ពាក់​ព័ន្ធ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន។ ​

​ជាមួយ​គ្នានោះ ​លោក វង្ស​ ពិសេន អគ្គ​មេ​បញ្ជា​ការនៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​កាល​ពី​ថ្ងៃទី​ ២៥ ខែ​កញ្ញា ​បាន​លុប​ឈ្មោះ​យោ​ធិន​ ២​ នាក់​ នៅ​សាលា​នាយ​ទាហាន​សកម្ម​ ចេញ​ពី​ក្រប​ខណ្ឌ​ផង​ដែរ ដោយសារ​ពាក់​ព័ន្ធ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដូច​គ្នា។ នេះ​បើ​តាម​សេចក្តី​សម្រេច​របស់​អគ្គ​បញ្ជា​ការ​ដា្ឋន​នៃ​កង​យោធពល​ខេមរភូមិន្ទ។

​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បន្ថែម​ពី​លោក ឈុំ សុជាត ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ និង​លោក វង្ស ពិសេន បាន​នៅ​ឡើយ​ទេ។

ការ​អនុ​វត្ត​វិធាន​ការ​នៃ​ការ​ត្រួត​ពិនិត្យ​សារ​ធាតុ​ញៀន​ក្នុង​ចំណោម​មន្ត្រី​យោធា​ ដោយ​សារ​គ្រឿង​ញៀន​នៅ​កម្ពុជា​នៅតែ​ជា​បញ្ហា​ចម្បង ​ដែល​អ្នក​តាម​សម្តែង​ការ​ព្រួយ​បារម្ភ ហើយ​រដ្ឋា​ភិបាល​អាណត្តិ​ថ្មី​ បាន​ប្រកាស​ថា​នឹង​ផ្តោត​សំខាន់​លើ​កិច្ច​ការ​មួយ​នេះ។

លោក យង់ គិមអេង ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និងសន្តិភាព សាទរ​ចំណាត់​ការ​របស់​ក្រសួង​ការពារ​ជាតិ​ក្នុង​ការ​ត្រួត​ពិនិត្យ​ទាហាន​ដែល​ប្រើប្រាស់​គ្រឿង​ញៀន។ ប៉ុន្តែ​លោក​ជំរុញ​ឱ្យ​ក្រសួង​ការពារ​ជាតិ​ អនុវត្តឱ្យ​ស្មើ​ភាព​គ្នា ​ហ្មត់ចត់ និង​ម៉ឺងម៉ាត់​ ដោយកុំលម្អៀង​បក្ខ​ពួក​និយម។

លោកថ្លែង​ថា៖ ​«ធ្វើ​យ៉ាង​ណា គឺ​កុំ​ឱ្យ​មាន​ភាព​លម្អៀង ឱ្យ​មាន​ភាព​សុក្រឹត្យ ហើយ​កុំ​ឱ្យថា​ អ្នក​ខ្លះ​មាន​ខ្នង​ធំ​ទៅ ​ក៏​អាច​នៅ​[ធ្វើការ​]បន្ត​ ទោះ​បី​ជា​មាន​សារ​ធាតុ​ញៀន»។

​លោកបន្ថែម​ថា៖ «ជុំវិញ​បញ្ហា​នេះ ​ទាល់​តែ​មាន​ភាពហ្មត់ចត់ ច្បាស់​លាស់ ហើយ​ម៉ឺង​ម៉ាត់​បាន​ទៅ​រួច បើ​ថា​ហ៊ាន​ធ្វើ​បញ្ហា​ហ្នឹង​ហើយ។ បើ​សិន​ជា​ថា​មាន​ខ្លះ​លើក​លែង ដោយ​សារ​យោគយល់ មាន​ខ្លះ​ទៀត​ ត្រូវ​បាន​អនុវត្ត​ចាត់​វិធានការ​ទៅ​លើ​គាត់ អាហ្នឹងអត់​អាច​មាន​ប្រសិទ្ធភាព​ទៅ​បាន​ទេ។ នេះ​ជា​រឿង​មួយ​សំខាន់​ណាស់»។

លោក យង់ គិមអេង ​ចង់​ឃើញវិធាន​ការ​មួយ​នេះ ​អនុវត្ត​លើមន្ត្រី ​និង​ប៉ូលិស ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​មហា​ផ្ទៃ​ផង​ដែរ ដើម្បី​ចូល​រួម​ទប់​ស្កាត់ ​និង​លុប​បំបាត់​គ្រឿង​ញៀន​ក្នុង​ប្រទេស​កម្ពុជា។​

រូបឯកសារ៖ គ្រឿងញៀនដែល​ត្រូវបានរឹបអូស ត្រូវបានដុតបំផ្លាញនៅក្នុងទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

​កាល​ពី​ថ្ងៃ​ទី ៤ ​ខែ​កញ្ញា ​ឆ្នាំ​ ២០២៣ ក្រសួង​មហាផ្ទៃ​បាន​ចេញសេចក្តី​ណែនាំ​មួយ ដោយបញ្ជាឱ្យ​គ្រប់​អង្គភាព​ពិនិត្យ​សារធាតុញៀន​ក្នុង​ចំណោម​មន្ត្រី​ពន្ធនាគារ​នៅទូទាំង​ប្រទេស ដើម្បី​ធានា​ប្រសិទ្ធភាព​ការ​អនុវត្ត​ការងារ​របស់​មន្ត្រីនៅ​តាមមណ្ឌល​កែប្រែ​ និង​ពន្ធនាគារ​រាជធានី​ ខេត្ត ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ និង​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ។

​លោក ​ខៀវ សុភ័គ ​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ ប្រាប់​វីអូអេ​ថា​អាជ្ញាធរ​ពាក់​ព័ន្ធ​បាន​អនុវត្ត​កិច្ចការ​នេះ ​ចាប់ពី​ថ្ងៃ​ទី ៤​ ខែ​កញ្ញា ដែល​គ្រោង​បញ្ចប់នៅ​ចុង​ខែ​តុលា ​ហើយ​បន្ទាប់​មក​នឹង​មាន​ចេញ​ជា​របាយការណ៍​នា​ពេល​នោះ។

លោក សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណ​នេយ្យភាព​សង្គម​កម្ពុជា ចង់​ឃើញ​កង​កម្លាំង​ប្រដាប់​អាវុធ​ចៀស​ឱ្យ​ផុត​ពី​គ្រឿង​ញៀន​នេះមុន​គេ ព្រោះថា ​បើ​កាល​ណាកង​កម្លាំង​ជាប់​ពាក់ព័ន្ធ​គ្រឿង​ញៀន នោះ​វានឹង​ធ្វើ​ឱ្យ​ពល​រដ្ឋបាត់​ទំនុក​ចិត្ត។

លោក​ថ្លែង​ថា៖ «យើង​ជំរុញ​ឱ្យ​ស្ថាប័ន​ ដែល​ជា​ស្ថាប័ន​កង​កម្លាំង​ប្រដាប់​អាវុធ ​ទាំង​យោធា ​និងនគរបាល​ ហើយ​និង​ក​ងក​ម្លាំង​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​ អនុវត្ត​នូវ​វិធាន​ការបែប​នេះ​បន្ត​ទៀត ដើម្បី​ឱ្យ​មាន​ភាព​ជ្រះ​ស្រឡះ​របស់​កង​កម្លាំង ​ដើម្បី​ស្ថិត​នៅ​ឆ្ងាយ​ពី​បញ្ហា​គ្រឿង​ញៀន»។

ជា​មួយគ្នា​នេះ ​លោក​ថា​ រឿង​ដែល​សំខាន់​ផ្សេង​ទៀត ​គឺ​ត្រូវ​រឹត​បន្តឹង​លើ​កង​កម្លាំង​ប្រដាប់​អាវុធ ​ទាក់​ទងការ​ប្រើ​ប្រាស់​អាវុធ ​ការ​សេព​គ្រឿង​ស្រវឹង និង​ការ​ប្រើប្រាស់​ហិង្សា​ជាដើម ព្រោះកន្លង​ទៅ ​លោក​សង្កេត​ឃើញ​ថា​ បញ្ហា​ទាំង​នោះនៅ​តែ​កើត​មាន​ឡើង ​ហើយ​ជា​រូប​ភាព​មិន​ល្អ​សម្រាប់​សង្គម​ជាតិ។​

​ទាក់​ទង​នឹង​បញ្ហា​គ្រឿង​ញៀន​នេះ ​កាល​ពី​ខែ​សីហា ​លោក ​ហ៊ុន សែន ​អតីត​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ទី​ ៧ ​ដែល​ដឹកនាំ​ដោយ​លោក ​ហ៊ុន ម៉ាណែត ​កូន​ប្រុស​របស់​លោក ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​បទ​ល្មើស​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សមត្ថ​ភាព​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី៕​