មួយសប្តាហ៍ក្រោយពីការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ អតីតសមាជិកគណបក្សសង្រ្គោះជាតិចំនួន ៣ នាក់ ត្រូវបានផ្តល់ឲ្យមានសិទ្ធិនយោបាយឡើងវិញ។
សិទ្ធិនយោបាយរបស់ពួកគេទាំង ៣ នាក់ ដែលស្ថិតក្នុងចំណោម ១១៨ នាក់ ត្រូវបានដកហូតមិនឲ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំ ក្រោយតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។
នៅក្នុងព្រះរាជក្រឹត្យមួយ ចុះថ្ងៃទី៣ ខែ កញ្ញា ព្រះមហាក្សត្រ នរោត្តមសីហមុនី បានត្រាស់បង្គាប់ផ្តល់នីតិសម្បទាតាមការស្នើសុំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដល់ លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រ ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ។
ព្រះមហាក្សត្រក៏បានផ្តល់សិទ្ធិឲ្យធ្វើនយោបាយឡើងវិញដល់សមាជិកគណបក្សសង្រ្គោះជាតិ ២ នាក់ទៀត គឺលោក វ៉ា សាម៉ុន និងលោក តាវ គឹមឈន ដែលគេស្គាល់ថា ជាអ្នករស់នៅក្រៅប្រទេស។
ពួកគេទាំង ៣ នាក់ បានដាក់លិខិតម្នាក់មួយច្បាប់ ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០ ទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិអស់រយៈពេលជិត ៣ ឆ្នាំ។
គិតមកត្រឹមថ្ងៃនេះ សមាជិកគណបក្សសង្រ្គោះជាតិចំនួន ១២ នាក់ហើយ ក្នុងចំណោម ១១៨ នាក់ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ៕