សាលាដំបូងខេត្តកោះកុងសម្រេចឃុំខ្លួនសកម្មជនបរិស្ថានបីនាក់កាលពីថ្ងៃច័ន្ទម្សិញនេះ ក្រោមបទគំរាមកំហែងនិងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្ស និងសមាជិកនៃចលនាមាតាធម្មជាតិ (Mother Nature Cambodia)។
ការសម្រចឃុំខ្លួនសកម្មជននៃចលនាមាតាធម្មជាតិទាំងបីនាក់កើតមានឡើងបន្ទាប់ពីពួកគេបើកយុទ្ធនាការកាលពីខែកក្កដាដើម្បីបណេ្តញសាឡង់បូមខ្សាច់របស់ក្រុមហ៊ុនពីរ ដែលសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន និយាយថា ទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលក្នុងការធ្វើអាជីវកម្មបូមខ្សាច់នៅក្នុងតំបន់ជីផាត់ និងព្រែកអណ្តូងទឹក ស្ថិតនៅក្នុងស្រុកបទុមសាគរខេត្តកោះកុង។
លោកអ៊ិន គង់ជិត មន្ត្រីសិទ្ធិមនុស្សរបស់អង្គការលីកាដូប្រចាំនៅខេត្តកោះកុង បានឲ្យដឹងថា សកម្មជនទាំងបីរូបនេះត្រូវបានចាប់ខ្លួនក្រោមការបញ្ជារបស់លោកសួង ស៊ីថា អភិបាលរងស្រុកបទុមសាគរដែលបានដឹកបាននាំកម្លាំងមានសមត្ថកិច្ចជាង១០នាក់ចុះចាត់ខ្លួននោះ។ ការចាប់ខ្លួននេះធ្វើឡើង ខណៈពេលដែលសកម្មជនបរិស្ថានទាំងនេះ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍តំបន់ព្រែកអណ្តូងទឹក កំពុងបើកយុទ្ធនាការបញ្ឈប់សាឡង់បូមខ្សាច់របស់ក្រុមហ៊ុន Direct Assess និង International Rainbow Company ដែលបានដំណើរការជាច្រើនខែមកហើយនៅក្នុងតំបន់នោះ។
«ចំណាត់ការនេះហាក់ដូចជាការដាក់សម្ពាធ ឬក៏គំរាមកំហែងទៅលើសកម្មជនការពារធនធានធម្មជាតិដែលកំពុងផុលផុសក្នុងការបើកយុទ្ធនាការការពារធនធានធម្មជាតិ ដែលលេចធ្លោនៅក្នុងខេត្តកោះកុង»។
សកម្មជនបរិស្ថានវ័យក្មេងទាំងបីនាក់ដែលត្រូវតុលាការសម្រេចឃុំខ្លួនកាលពីយប់ថ្ងៃច័ន្ទនេះ រួមមានលោកសាន់ ម៉ាឡា អាយុ២៣ឆ្នាំ ជាស្ថាបនិកនៃចលនាមាតាធម្មជាតិ លោកទ្រី សុវិគា អាយុ២៤ឆ្នាំ និងលោកស៊ីម សំណាង អាយុ២៦ឆ្នាំ។
លោកម៉េង ហេង អាយុ២៣ឆ្នាំ សមាជិកនៃចលនាមាតាធម្មជាតិ បានថ្លែងការពារភាពស្អាតស្អំនៃក្រុមការងាររបស់លោក ដោយលោកបានហៅការចាប់ឃុំក្រុមការងាររបស់លោកនេះថា ជាការគំរាមកំហែង និងបំបិទសំឡេងក្រុមអ្នកប្រឆាំងការបំផ្លិចបំផ្លាញបរិស្ថាន។
«ខ្ញុំគិតថា ការធ្វើរបស់យើងគឺជាផ្លូវដ៏ត្រឹមត្រូវបង ពីព្រោះថា យើងមិនមានចម្លោះប្រហោងណាមួយដែលគិតថា វាមានកំហុស ពីព្រោះថា ការណ៍ដែលក្រុមហ៊ុនហ្នឹងបូមខ្សាច់ហ្នឹងមានផលប៉ះពាល់ទៅលើបរិស្ថាន ជាពិសេស អាការប្រកបរបបនេសាទរបស់អ្នកភូមិ មិនតែប៉ុណ្ណោះក្រុមហ៊ុនបានរំលោភទៅលើអាជ្ញាបណ្ណរបស់ខ្លួនឯងទៀត»។
លោកអ៊ិន គង់ជិត សកម្មជនសិទ្ធិមនុស្ស និងលោកម៉េង ហេងសកម្មជនបរិស្ថាន បានថ្លែងថា ក្រុមហ៊ុនទាំងពីរនេះទទួលបានអាជ្ញាបណ្ណពីក្រសួងរ៉ែ និងថាមពល។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនអាចបញ្ជាក់ពីសុពលភាពរបស់ក្រុមហ៊ុនទាំងពីរនេះបានទេ។
លោកទាំងពីរថ្លែងថា ក្រុមហ៊ុនទាំងពីរកំពុងដាក់សាឡង់ដឹកខ្សាច់ និងបូមខ្សាច់ប្រមាណ៧០គ្រឿង ឲ្យដំណើរការក្នុងការធ្វើអាជីវកម្មបូមខ្សាច់ ដែលកំពុងធ្វើឲ្យខូចខាតធនធានធម្មជាតិ ដូចជាព្រៃកោងកាង និងជីវចម្រុះ ហើយនិងផលនេសាទជាដើម។ ពួកគេថា ខ្សាច់ដែលបូមនោះត្រូវនាំចេញទៅកាន់ប្រទេសសិង្ហបុរី តែពួកគេពុំអាចបញ្ជាក់បានទេ ថាតើម្ចាស់ក្រុមហ៊ុនទាំងពីរនេះជាជនខ្មែរ ឬបរទេសនោះឡើយ។
ដោយឡែក អ្នកស្រីសាម សុគន្ធា មេធាវីប្រចាំនៅអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ប្រាប់ VOA ថា អ្នកស្រីបានទទួលសំណើពីសកម្មជនបរិស្ថានទាំងបីនាក់នេះដែលសុំជំនួយខាងផ្លូវច្បាប់ពីអង្គការលីកាដូ ហើយថា អ្នកស្រីបានដាក់ពាក្យសុំការពារក្តីឲ្យសកម្មជនទាំងបីនាក់នេះរួចហើយនៅឯសាលាដំបូងខេត្តកោះកុង។ ប៉ុន្តែអ្នកស្រីមិនអាចបញ្ជាក់បានភ្លាមៗទេអំពីអង្គហេតុដែលនាំទៅរកការចោទប្រកាន់ដោយតុលាការ ព្រោះអ្នកស្រីត្រូវការពេលវេលាបន្ថែមដើម្បីសិក្សាលើសំណុំរឿងនេះ។
ការចោទប្រកាន់ពីបទគំរាមកំហែងនិងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយនេះគឺមានចែងនៅក្នុងមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា៤២៤នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជាបានចែងថា៖ «អំពើគំរាមកំហែង តាមមធ្យោបាយណាក៏ដោយ ថា នឹងប្រព្រឹត្តការបំផ្លិចបំផ្លាញ ការធ្វើឲ្យទ្រុឌទ្រោម ឬការធ្វើឲ្យខូចខាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០រៀលទៅ៤.០០០.០០០រៀល ប្រសិនបើការគំរាមកំហែងនេះមានភ្ជាប់នូវបញ្ជាឲ្យបំពេញ ឬមិនបំពេញកិច្ចអ្វីមួយ»។
លោកសំ ឃិតវៀន ស្នងការប៉ូលិសខេត្តកោះកុង មិនអាចបញ្ជាក់ពីដើមចមនៃការប្តឹងដែលនាំឲ្យមានការចាប់ និងឃុំខ្លួនអ្នកទាំងបីនាក់នេះទេ។ លោកស្នងការនិយាយថា អាជ្ញាធរមិនទាន់អាចកំណត់បានថា ពួកគេពិតជាសកម្មជនបរិស្ថានពិតប្រាដក ឬយ៉ាងណានោះទេ។
«ខ្ញុំគឺបានអនុវត្តទៅតាមដីការបញ្ជាឲ្យចូលខ្លួនរបស់សាលាដំបូងខេត្តកោះកុង ហើយចំពោះក្រុមជនមនុស្សចំនួនបីនាក់ហ្នឹង គឺខ្ញុំក៏មិនទាន់ប្រាកដថា គាត់ជាសកម្មជនរបស់អង្គការណាមួយទេ ព្រោះគាត់អត់មានបង្ហាញអត្តសញ្ញាណឲ្យប៉ូលិសខ្ញុំដឹង»។
វីអូអេពុំអាចទំនាក់ទំនងអ្នកស្រីឈុន ដាវី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុងបានទេ ដោយសារទូរស័ព្ទរោទិ៍ តែគ្មានអ្នកទទួល។
លោកពេជ្រ ស៊ីយ៉ុន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានបដិសេធមិនធ្វើអធិប្បាយទេ ហើយលោកបានបង្វែសំណួរមកក្រសួងរ៉ែ និងថាមពលវិញ។ វីអូអេបានព្យាយាមទាក់ទងតាមទូរស័ព្ទដើម្បីសុំការបំភ្លឺពីលោកម៉េង សក្តធារ៉ា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល តែមិនអាចទាក់ទងបានទេ។
លោកអន ភារ័ក្ស អភិបាលស្រុកបទុមសាគរ និងក្រុមហ៊ុន Direct Assess គឺជាអ្នកប្តឹងសកម្មជនទាំងបីនាក់ដែលកំពុងជាប់ឃុំនេះ។ នេះបើតាមការបញ្ជាក់ពីលោកអ៊ិន គង់ជិត ប៉ុន្តែលោកមិនទាន់បានដឹងទេអំពីកាលបរិច្ឆេទនៃសំណុំរឿងប្តឹងសកម្មជនទាំងបីនាក់ ដែលព្យាយាមទប់ស្កាត់ការបូមខ្សាច់នោះ៕