សមាជិករដ្ឋសភាអាមេរិកចំនួនបីរូប បានអំពាវនាវដល់ក្រសួងការបរទេសអាមេរិក និងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា «សម្តែងការគាំទ្រជាសាធារណៈដល់នីតិរដ្ឋនៅកម្ពុជា» ហើយនិងអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា «គោរពសិទ្ធិបោះឆ្នោត»របស់ប្រជាពលរដ្ឋកម្ពុជានៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ «ដោយគ្មានការធ្វើទុក្ខបុកម្នេញ និងគំរាមកំហែង»។ នេះបើយោងតាមសេចក្តីប្រកាសមួយចុះថ្ងៃទី៣១ ខែឧសភានេះ ដែលវីអូអេទទួលបាន។
សេចក្តីប្រកាសនេះបានធ្វើឡើង ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តព្រមានជាបន្តបន្ទាប់អំពីការផ្ទុះឡើងនៃសង្គ្រាម បើសិនជាគណបក្សប្រជាជនកម្ពុជារបស់លោកចាញ់ការបោះឆ្នោត។ ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតឃុំសង្កាត់ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនាខាងមុននេះ។
លោក Alan Lowenthal សមាជិកសភាប្រចាំទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ដែលមានប្រជាពលរដ្ឋខ្មែរអាមេរិកាំងរស់នៅច្រើនបង្អស់ បានសរសេរនៅក្នុងសេចក្តីប្រកាសនោះថា៖
«ដើម្បីធានាឲ្យមានបរិយាកាសនយោបាយមួយដែលជំរុញឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដែលសហគមន៍អន្តរជាតិអាចទទួលស្គាល់បាន រាជរដ្ឋាភិបាលកម្ពុជាចាំបាច់ដាច់ខាតត្រូវតែបោះបង់ចោលបទចោទប្រកាន់បែបលក្ខណៈនយោបាយទៅកាន់មេដឹកនាំគណបក្សប្រឆាំង បញ្ឈប់ការគំរាមកំហែងលើគណបក្សសង្គ្រោះជាតិ និងអនុញ្ញាតឲ្យអ្នកតាមដានការបោះឆ្នោតដោយឯករាជ្យមានវត្តមាននៅគ្រប់មណ្ឌលបោះឆ្នោតទាំងអស់»។
ចាប់តាំងពីដំណើរការឃោសនាបោះឆ្នោតបានចាប់ផ្តើមឡើងកាលពីថ្ងៃសៅរ៍ ទី២០ ខែឧសភាកន្លងមកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធាននៃគណបក្សប្រជាជនកម្ពុជាដែលដឹកនាំប្រទេសជាង៣០ឆ្នាំរូបនេះ បានព្រមានផ្ទួនគ្នាៗថា ប្រសិនបើគណបក្សរបស់លោកមិនអាចបន្តអំណាចទៀត នោះសង្គ្រាមនឹងផ្ទុះឡើង។ ក៏ប៉ុន្តែ អ្នកវិភាគខាងសង្គម និងនយោបាយនៅកម្ពុជា យល់ថា ការព្រមាននេះគ្រាន់តែជាការបំភិតបំភ័យស្មារតីអ្នកបោះឆ្នោតតែប៉ុណ្ណោះ។
សមាជិកសភាម្នាក់ទៀតលោក Steve Chabot ប្រចាំរដ្ឋ Ohio បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន «ត្រូវតែបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើមេដឹកនាំគណបក្សប្រឆាំង»។ លោក Chabot បានលើកឡើងបន្តទៀតនៅក្នុងសេចក្តីប្រកាសនោះថា៖
«ការបោះឆ្នោតដោយសេរី និងយុត្តិធម៌គឺមានសារៈសំខាន់ណាស់ដល់ប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ ហើយវាចាំបាច់ណាស់ ដែលរដ្ឋាភិបាលកម្ពុជាត្រូវតែទទួលស្គាល់សារៈសំខាន់នេះ។ ការធ្វើទុក្ខបុកម្នេញជាប្រព័ន្ធមកលើគណបក្សសង្គ្រោះជាតិ បានធ្វើឲ្យសហគមន៍អន្តរជាតិមានមូលដ្ឋានច្បាស់លាស់ក្នុងការព្រួយបារម្ភនេះ»។
រីឯលោក Ed Royce សមាជិកសភាម្នាក់ទៀត និងជាប្រធានម្នាក់នៃក្រុមសមាជិកសភាទទួលបន្ទុកកិច្ចការកម្ពុជា (Congressional Cambodia Caucus) ក៏បានលើកឡើងថា «ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវតែទទួលបានការចូលរួមបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដោយគ្មានការធ្វើទុក្ខបុកម្នេញ ឬការបំភិតបំភ័យអ្វីឡើយ»។
មុននឹងការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសតំណាងរាស្ត្រឈានមកដល់នៅឆ្នាំ២០១៨ប្រជាពលរដ្ឋកម្ពុជាដែលបានចុះឈ្មោះបោះឆ្នោត នឹងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នៅថ្ងៃអាទិត្យនេះ។
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ មានគណបក្សនយោបាយចំនួន១២ បានចូលរួមប្រកួតប្រជែងដើម្បីគ្រប់គ្រងឃុំ សង្កាត់ចំនួន១៦៤៦ នៅទូទាំងប្រទេសកម្ពុជា។ ក្នុងចំណោមគណបក្សទាំង១២នេះ អ្នកវិភាគជាច្រើនយល់ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិមានកម្លាំងប្រហាក់ប្រហែលគ្នា៕