មនុស្ស​រាប់​ពាន់​នាក់​ប្រមូល​ផ្តុំ​គ្នា​នៅ​អឺរ៉ុប​ដោយសារ​វិបត្តិ​ទេសន្តរប្រវេសន៍

លោក​នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស David Cameron ចាកចេញ​ពី​ផ្លូវ​ 10 Downing ក្នុង​ក្រុង​ឡុងដ៏ កាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥។ លោក​ Cameron នឹង​ថ្លែង​នៅ​ក្នុង​សភា​ពី​ការ​ឆ្លើយតប​របស់​អង់គ្លេស​លើ​វិបត្តិ​ទេសន្តរប្រវេសន៍​នៅ​អឺរ៉ុប។

កាល​ពី​ថ្ងៃសៅរ៍ មាន​ការ​ប្រជុំ​ជា​សាធារណៈ​ដ៏​ធំ​មួយ​នៅ​ក្នុង​ទ្វីបអឺរ៉ុប​អំពី​វិបត្តិ​ជន​ចំណាក​ស្រុក​ដែល​នៅ​ទីនោះ​គេ​រាយការណ៍​ថា​មាន​ពួក​ជន​ទេសន្តរប្រវេសន៍ និង​ជន​ភៀស​ខ្លួន​៥សែន​នាក់​ស្វះស្វែង​រក​ទីជ្រកកោន​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ក្នុង​ឆ្នាំ២០១៥​នេះ។​

មាន​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​កណ្តាល​ក្រុង​ឡុងដ៏​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​គោលជំហរ​របស់​រដ្ឋាភិបាល​ដែល​ធ្វើ​ឲ្យ​វិបត្តិ​ជន​ភៀស​ខ្លួន​កាន់​តែ​ធ្ងន់ធ្ងរ។​

សកម្មជន​ខាង​សិទ្ធិ​មនុស្ស ​អ្នក​នយោបាយ​ និង​សិល្បករ​បាន​ដើរ​ទៅ​កាន់​ទីលាន​សភា​ក្នុង​ការ​រួម​សាមគ្គី​ជាមួយ​ក្រុម​ជន​ភៀស​ខ្លួន​ដែល​បាន​ខិតខំ​ព្យាយាម​រត់គេច​ខ្លួន​ចេញ​ពី​សង្គ្រាម​ ជា​ពិសេស​នៅ​ក្នុង​ភូមិភាគ​មជ្ឈឹមបូព៌ា។​

ក្រុម​បាតុករ​កាន់​បដា​ដែល​មាន​សរសេរ​ថា​ «សូម​បើកព្រំដែន» និង​ថា «យក​ក្រុម​ជនភៀស​ខ្លួន​ចូល​ក្នុង​ប្រទេស ហើយ​បណ្តេញ​ពួក​អភិរក្ស​និយម​ចេញ​ពី​អំណាច» ដែល​ជា​ការ​និយាយ​សំដៅ​ដល់​គណបក្ស​របស់លោកនាយករដ្ឋមន្ត្រី​ David Cameron។ កាលពី​សប្តាហ៍​មុន​លោក​ Cameron បាន​យល់ព្រម​ទទួល​យក​ជន​ភៀស​ខ្លួន​២ម៉ឺននាក់​ចូល​ក្នុង​ប្រទេស​អង់គ្លេស​ក្នុង​រយៈពេល​ប្រាំឆ្នាំ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​មាន​មនុស្ស​ប្រមាណ​៥ពាន់​នាក់​បាន​ចូលរួម​ក្នុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ពួក​ជន​ចំណាក​ស្រុក​នៅ​ក្នុង​រដ្ឋធានី​វ៉ាសូរី (Warsaw)​ នៃ​ប្រទេស​ប៉ូឡូញ​កាល​ពី​ថ្ងៃសៅរ៍​នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​ជំទាស់​នឹង​ចំនួន​កម្រិត​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ចូល​ក្នុង​ប្រទេស​ដែល​បាន​ត្រូវ​ស្នើ​ដោយ​សហភាព​អឺរ៉ុប​ ហើយ​ចំនួន​នៃ​ការ​ស្នើ​សុំ​នេះ​ជា​ចំនួន​ដែល​មិន​អាច​កែប្រែ​បាន៕