បុរសជនជាតិចិនម្នាក់នៅក្នុងទីក្រុងប៉េកាំងបានធ្វើឱ្យអ្នកជិតខាងរបស់ខ្លួនរាប់ពាន់នាក់ត្រូវស្ថិតក្នុងការធ្វើចត្តាឡីស័ក បន្ទាប់ពីបុរសរូបនេះមិនបានអនុវត្តតាមបទបញ្ជារបស់អាជ្ញាធរចិនក្នុងការស្ថិតនៅក្នុងផ្ទះ ហើយបុរសរូបនេះក្រោយមកត្រូវបានធ្វើតេស្តឃើញវិជ្ជមានមានជំងឺកូវីដ១៩ដែលបណ្តាលឱ្យប៉ូលិសធ្វើការស៊ើបអង្កេតទៅលើករណីនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
អាជ្ញាធរក្នុងរដ្ឋធានីប៉េកាំងបានបញ្ជាឱ្យពលរដ្ឋចិនរាប់ម៉ឺននាក់នៅក្នុងទីក្រុងនេះត្រូវតែស្ថិតនៅក្នុងផ្ទះក្នុងរយៈពេល៥សប្តាហ៍ដើម្បីទប់ស្កាត់ការផ្ទុះនៃជំងឺកូវីដ១៩ដ៏ធំបំផុតមួយ ចាប់តាំងពីជំងឺនេះបានចាប់ផ្តើមឆ្លងរាតត្បាតមក។
មន្ត្រីចិនបាននិយាយកាលពីថ្ងៃអាទិត្យថា បុរសជនជាតិចិនម្នាក់អាយុប្រមាណ៤០ឆ្នាំមិនបានអនុវត្តតម្រូវការឱ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីបុរសនេះបានទៅហាងទំនិញមួយកន្លែងដែលចាត់ទុកថាមានហានិភ័យខ្ពស់ដោយសារជំងឺកូវីដ១៩។
មន្ត្រីសន្តិសុខសាធារណៈនៃរដ្ឋធានីប៉េកាំងលោក Pan Xuhong បាននិយាយថា៖ «ក្នុងអំឡុងពេលនៃការស្នាក់នៅដាច់ដោយឡែកតែឯងនោះ បុរសរូបនេះបានចេញទៅក្រៅជាច្រើនដង ហើយបានដើរទៅផ្ទះអ្នកជិតខាង»។
បុរសរូបនេះដែលមានឈ្មោះ Sun និងភរិយារបស់លោក ក្រោយមកត្រូវបានធ្វើតេស្តមានជំងឺកូវីដ១៩វិជ្ជមានដែលតម្រូវឱ្យអាជ្ញាធរបិទខ្ទប់អ្នកជិតខាងរបស់ខ្លួនប្រមាណ៥.០០០នាក់ មិនឱ្យចេញពីផ្ទះ ហើយបានបញ្ជូនមនុស្សប្រមាណ២៥០នាក់ផ្សេងទៀតទៅមណ្ឌលធ្វើចត្តាឡីស័ករបស់រដ្ឋាភិបាលចិនផងដែរ។
ប្រទេសចិនកំពុងអនុវត្តយុទ្ធសាស្ត្រគ្មានជំងឺកូវីដ១៩ (សូន្យកូវីដ ឬ zero-COVID) ជាមួយនឹងការបិទខ្ទប់សកម្មភាពសង្គមដ៏ខ្លាំងរបស់ខ្លួនហើយការធ្វើតេស្តមហាជននិងនិងការធ្វើចត្តាឡីស័ករយៈពេលយូរ នឹងត្រូវធ្វើឡើងក្នុងទ្រង់ទ្រាយធំប្រសិនបើរកឃើញមានអ្នកឆ្លងនោះ។
អាជ្ញាធរចិនក៏នឹងពិន័យយ៉ាងធ្ងន់ធ្ងរផងដែរដល់អ្នកដែលរំលោភបំពានទៅលើគោលការណ៍របស់ខ្លួន ហើយបុរសចិនរូបនេះ កំពុងប្រឈមនឹងការស៊ើបអង្កេតរបស់ប៉ូលិសនៅពេលនេះ។
ករណីឆ្លងជំងឺកូវីដ១៩មានការថយចុះយ៉ាងខ្លាំងក្នុងសប្តាហ៍កន្លងទៅនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលក្រុងប៉េកាំងលោក Xu Hejian បាននិយាយកាលពីថ្ងៃអាទិត្យថា៖ «ពុំមានករណីឆ្លងថ្មីៗត្រូវបានរកឃើញនៅក្នុងសង្គមនោះឡើយក្នុងរយៈពេល២ថ្ងៃកន្លងទៅនេះ។ ស្ថានភាពជំងឺកូវីដ១៩កំពុងមានភាពនឹងនរនិងប្រសើរឡើងវិញ ប៉ុន្តែហានិភ័យនៃការវិលត្រឡប់មកវិញនៃជំងឺនេះនៅតែអាចកើតមានឡើងដដែល»។
រថយន្តក្រុង រថភ្លើងក្រោមដីនិងសេវារថយន្តតាក់ស៊ីនៅក្នុងសង្កាត់៣របស់ក្រុងប៉េកាំងដែលមានមនុស្សរស់នៅច្រើនបំផុតនោះបានចាប់ផ្តើមដំណើរការឡើងវិញហើយកាលពីថ្ងៃចន្ទម្សិលមិញហើយមនុស្សរាប់លាននាក់ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅកន្លែងធ្វើការរបស់គេវិញ។
អាជ្ញាធរនៅក្នុងទីក្រុងនេះនិយាយថា ចំនួនពលរដ្ឋដែលតម្រូវឱ្យស្ថិតក្នុងផ្ទះ មានចំនួនកាន់តែតិចទៅៗ ហើយអាជ្ញាធរចិននិយាយថា ខ្លួននឹងមិនរឹតបន្តឹងដល់ការចេញចូលរបស់ពលរដ្ឋនិងអ្នកភូមិទៅកាន់សហគមន៍ផ្សេងទៀតនោះឡើយចាប់ពីថ្ងៃទី១ ខែមិថុនាស្អែកនេះតទៅ លើកលែងតែសហគមន៍ ដែលត្រូវបានចាត់ទុកថា មានហានិភ័យខ្ពស់ឬតំបន់ដែលមានការគ្រប់គ្រងនោះ៕
មនុស្សរាប់ពាន់នាក់ត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័កបន្ទាប់ពីបុរសចិនម្នាក់បានបំពានគោលការណ៍ជំងឺកូវីដ១៩នៅទីក្រុងប៉េកាំង
ប៉េកាំង —