មនុស្ស​រាប់​ពាន់​នាក់​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក តវ៉ា​ដើម្បី​យុត្តិធម៌​ជាតិ​សាសន៍ និង​កំណែ​ទម្រង់​ប៉ូលិស

បាតុករ​នាំ​គ្នា​តវ៉ា​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​ Lincoln Memorial ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ចំពោះ​ករណី​ស្លាប់​​របស់​លោក George Floyd ដែល​ជា​បុរស​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក នៅ​ក្នុង​ការ​ឃាត់ខ្លួន​របស់​ប៉ូលិស។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ អ្នក​តវ៉ា​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន និង​នៅ​តាម​ទីក្រុង​ផ្សេង​ទៀត​នៅ​សហរដ្ឋ​អាមេរិក និង​នៅ​ជុំវិញ​ពិភពលោក ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​រើសអើង​ពូជសាសន៍ និង​ភាព​ឃោរឃៅ​របស់​ប៉ូលិស បន្ទាប់ពី​បុរស​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ម្នាក់​បាន​ស្លាប់​ពេល​ស្ថិត​ក្នុង​ការ​ឃាត់​ខ្លួន​របស់​ប៉ូលិស​កាល​ពី​ជិត ២ សប្ដាហ៍​មុន។

ការ​តវ៉ា​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​ផ្នែក​ជាតិ​សាសន៍ និង​ឲ្យ​មាន​ការ​កែ​ទម្រង់​ផ្នែក​ប៉ូលិស​ជា​ប្រព័ន្ធ បាន​ផ្ទុះ​ឡើង​នៅ​តាម​ទីក្រុង​នានា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក និង​បាន​បន្ត​ធ្វើ​ជា​រៀងរាល់​ថ្ងៃ បន្ទាប់ពី​លោក George Floyd អាយុ ៤៦ ឆ្នាំ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​ឧសភា កន្លង​ទៅ​នេះ​នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota ក្រោយ​ពី​មន្ត្រី​ប៉ូលិស​ឈ្មោះ Derek Chauvin បាន​សង្កត់​ជង្គង់​លើ​ក​របស់​លោក​អស់​ជិត ៩ នាទី នៅ​ពេល​ដែល​លោក​ប្រឹង​និយាយ​ទាំង​ដង្ហក់​ខ្យល់ថា ខ្ញុំ​មិន​អាច​ដក​ដង្ហើម​បាន​ទេ។

នេះ​គឺ​ជា​ស្ថានការណ៍​នៃ​ការ​ស្លាប់​ថ្មី​ចុងក្រោយ​បំផុត​នៃ​ការ​ស្លាប់​ជា​ច្រើន​ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​ពេល​ស្ថិត​ក្នុង​ការ​ឃាត់​ខ្លួន​របស់​ប៉ូលិស។

បន្ទាប់ពី​ហេតុការណ៍​នេះ​បាន​កើត​ឡើង​មក គេ​ឃើញ​ថា នៅ​ក្នុង​ការ​តវ៉ា​នៅ​តាម​ទីក្រុង​នានា​នៅ​ទូទាំង​ពិភពលោក មនុស្ស​គ្រប់​អាយុ ពណ៌សម្បុរ និង​ជាតិ​សាសន៍ បាន​ស្រែក​បន្ទោរ​ក្នុង​សាមគ្គីភាព​ថា៖ «ខ្ញុំ​មិន​អាច​ដក​ដង្ហើម​បាន​ទេ» ដែល​ជា​ពាក្យ​ចុងក្រោយ​របស់​លោក Floyd។

នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​បាន​ដើរ​ក្បួន​តវ៉ា​កាត់​តាម​តំបន់​ស្នាក់នៅ​ជា​ច្រើន និង​កាត់​តាម​វិមាន​រដ្ឋសភា និង​ឧទ្យាន National Mall កាល​ពី​រសៀល​ថ្ងៃ​សៅរ៍។

អភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​អ្នកស្រី Muriel Bowser បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​តវ៉ា​នៅ​ផ្លូវ​ដែល​ទើប​តែ​ប្ដូរ​ឈ្មោះ​ថ្មី​ថា Black Lives Matter Plaza ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ឧទ្យាន Lafayette និង​សេតវិមាន ថា៖ «ខ្ញុំ​មាន​កូន​ស្រី​អាយុ ២ ឆ្នាំ ម្នាក់។ ខ្ញុំ​ចង់​ឲ្យ​នាង​ធំ​ដឹង​ក្ដី​ឡើង​នៅ​ក្នុង​ប្រទេស​មួយ ដែល​នាង​មិន​ខ្លាច​ពេល​ចេញ​ទៅ​ទិញ​ឥវ៉ាន់​នៅ​តាម​ហាង និង​មិន​ខ្លាច​ពេល​ចេញ​ទៅ​ធ្វើ​ការ»៕