អន្តរជាតិបានថ្កោលទោសអំពើហិង្សានៅមីយ៉ាន់ម៉ា បន្ទាប់ពីបាតុករ ២ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ នៅពេលដែលប៉ូលិសនិងកម្លាំងសន្តិសុខបានប្រើគ្រាប់កាំភ្លើងពិតនិងគ្រាប់កាំភ្លើងជ័រ ឧស្ម័នបង្ហូរទឹកភ្នែក កាណុងទឹក និងចំពាមកៅស៊ូ ដើម្បីបង្ក្រាបអ្នកដែលតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសអំពើហិង្សាដ៏ប្រល័យនេះ ដោយសរសេរនៅលើ Twitter កាលពីយប់ថ្ងៃសៅរ៍ថា៖ «ការប្រើកម្លាំងដែលបណ្ដាលឲ្យមានមនុស្សស្លាប់ ការគំរាមកំហែង ការរំខានយាយីបាតុករដែលតវ៉ាដោយសន្តិវិធី គឺជារឿងដែលមិនអាចទទួលយកបានទេ»។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាលោក Tom Andrews បានសរសេរនៅលើ Twitter ថា៖ «ខ្ញុំមានក្ដីរន្ធត់ចំពោះការបាត់បង់ជីវិតមនុស្សបន្ថែមទៀត ដែលក្នុងនោះមានទាំងក្មេងប្រុសជំទង់ម្នាក់នៅក្នុងទីក្រុង Mandalay ផងដែរ ស្របពេលដែលរដ្ឋាភិបាលយោធាបានបង្កើនភាពឃោរឃៅរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយប្រើតាំងពីកាណុងទឹករហូតដល់គ្រាប់កាំភ្លើងជ័រនិងឧស្ម័នបង្ហូរទឹកភ្នែក ហើយឥឡូវនេះទាហានថែមទាំងបានបាញ់គ្រាប់កាំភ្លើងពិតដាក់អ្នកតវ៉ាសន្តិវិធីទៀត។ ភាពឆ្កួតលីលានេះត្រូវតែបញ្ចប់នៅពេលនេះ!»។
មនុស្ស ២០ នាក់បានរងរបួសនៅក្នុងអំពើហិង្សាកាលពីថ្ងៃសៅរ៍។ នេះបើយោងតាមការបញ្ជាក់របស់ប្រធានក្រុមសេវាសង្គ្រោះបន្ទាន់ស្ម័គ្រចិត្តមួយក្រុម។ មនុស្ស ៥៦៩ នាក់ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងរដ្ឋប្រហារយោធានេះ។ នេះបើយោងតាមការបញ្ជាក់របស់អង្គការសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (Assistance Association for Political Prisoners)។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បាននិយាយថា សហរដ្ឋអាមេរិកមានការ «ព្រួយបារម្ភយ៉ាងខ្លាំង» អំពីសេចក្ដីរាយការណ៍ដែលថា កងកម្លាំងសន្តិសុខ [មីយ៉ាន់ម៉ា] បានបាញ់លើអ្នកតវ៉ា និងបានបន្តឃុំខ្លួន និងយាយីបាតុករនិងអ្នកដទៃទៀត។
លោក Price បានសរសេរនៅលើ Twitter ថា៖ «សហរដ្ឋអាមេរិកឈរជាមួយប្រជាពលរដ្ឋភូមា [មីយ៉ាន់ម៉ា]»។
ចក្រភពអង់គ្លេសបានបញ្ជាក់ថា ខ្លួននឹងពិចារណាចាត់វិធានការបន្ថែមប្រឆាំងនឹងអ្នកដែលពាក់ព័ន្ធនៅក្នុងអំពើហិង្សាប្រឆាំងនឹងអ្នកតវ៉ា។ ចំណែកឯក្រសួងការបរទេសបារាំងវិញបានហៅអំពើហិង្សានេះថាជារឿងដែល «មិនអាចទទួលយកបាន»។
នៅក្នុងសារតាម Twitter ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បានអំពាវនាវឲ្យ «យោធានិងកងកម្លាំងសន្តិសុខទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សាប្រឆាំងនឹងជនស៊ីវិលជាបន្ទាន់»។
បណ្ដារដ្ឋមន្ត្រីនៃសហភាពអឺរ៉ុបគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃចន្ទស្អែក ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការដាក់ទណ្ឌកម្ម៕