មនុស្ស​​ជា​ច្រើ​ន​ពាន់​នាក់​​ឈរ​លើ​​ផ្លូវនៅ​សិង្ហបុរី​​ដើម្បី​គោរព​សព​លោក​លី​

សាធារណជន​ថត​រូប​និង​និយាយ​ថា​ «អរគុណ លោក​លី​!» ខណៈ​ពេល​ដែល​មឈូស​របស់​បិតា​ស្ថាបនិក​ប្រទេស​សិង្ហបុរី​ លី​ ក្វាន់​យូ​ នៅ​លើ​រថយន្ត​ជើង​ទម្រ​កាំភ្លើង​ធំ​​ ចេញ​ពី Istana​ គេហដ្ឋាន​របស់​នាយករដ្ឋ​មន្រ្តី​​ទៅ​កាន់​អាគារ​រដ្ឋសភា ​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មីនា​ ឆ្នាំ​២០១៥។​

ប្រទេស​សិង្ហបុរី​កំពុង​បន្ត​ការ​កាន់​ទុក្ខ​ជាតិ​រយៈពេល​មួយ​សប្តាហ៍​ចំពោះ​សព​មេដឹកនាំ ​លី ក្វាន់យូ​ ​ដែល​សព​របស់​លោក​ត្រូវ​បាន​គេ​ដាក់​ឲ្យ​មើល​ជា​សាធារណៈ​នៅ​ថ្ងៃ​ពុធ​នេះ។

ក្រុម​អ្នក​កាន់​ទុក្ខ​រាប់​ម៉ឺននាក់​បាន​ឈរ​ត្រៀបត្រា​នៅ​តាម​ផ្លូវ​នានា​ក្នុង​ទីក្រុង​សិង្ហបុរី​ ដើម្បី​គោរព​ក្តាមឈូស​ធ្វើ​ពី​កញ្ចក់​របស់​លោក​លី​ ដែល​ត្រូវ​បាន​ដាក់​នៅ​ពី​លើ​រថយន្ត​ជើង​ទម្រ​កាំភ្លើង​ធំ ចេញ​ពី​គេហដ្ឋាន​របស់​នាយករដ្ឋ​មន្រ្តីទៅ​កាន់​អាគារ​រដ្ឋសភា។

សព​នោះ​នឹង​តម្កល់​ជា​ផ្លូវ​រដ្ឋ​ដើម្បី​ឲ្យ​សាធារណ​ជន​គោរព​រហូត​ដល់​ពិធី​បុណ្យ​សព​របស់​លោកនៅ​ថ្ងៃ​អាទិត្យ ​ដែល​ត្រូវ​គេ​រំពឹង​ថា​នឹង​មាន​ការចូល​រួមពី​ឥស្សរជន​បរទេសមក​ពី​ជុំ​វិញ​ពិភពលោក។

លោក​លី ​ដែល​បាន​ដឹក​នាំ​ប្រទេស​ជា​កោះ​មួយ​នេះចាប់​ពី​ឆ្នាំ​១៩៥៩​ដល់​ឆ្នាំ​១៩៩០​ ​បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ​៩​១ឆ្នាំ។

លោក​បាន​ក្លាយ​ជា​នាយករដ្ឋ​មន្រ្តី​មុន​ដំបូង​របស់​ប្រទេស​សិង្ហបុរី​ នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​ទទួល​ការគ្រប់​គ្រង​ដោយ​ខ្លួនឯង​យ៉ាង​ពេញ​លេញ​ ពី​អាណានិគម​របស់​ចក្រភពអង់​គ្លេស​។​ លោក​នៅ​តែ​ជា​កម្លាំង​រុញ​ច្រាន​ដ៏​យូរ​របស់​ប្រទេស​នេះ​ បន្ទាប់​ពីការ​ចូល​និវត្តិន៍របស់​លោក​៣​ទសវត្សរ៍​ក្រោយ​មក។

លោកលី ​បាន​ទទួល​ការ​សរសើរចំពោះ​ការធ្វើ​ឲ្យ​ប្រទេស​សិង្ហបុរី​មាន​ការរីក​លូតលាស់​យ៉ាង​ខ្លាំង​ ក៏​ប៉ុន្តែ​ត្រូវ​បានរិះគន់​ដោយ​មនុស្ស​ជា​ច្រើន​ដែល​ជំ​ទាស់​ប្រឆាំង​ដល់​ការគ្រប់គ្រងផ្តាច់​ការ​របស់​លោក៕