ប្រជាជនរាប់ពាន់នាក់នៅពាសពេញប្រទេសមីយ៉ាន់ម៉ាកំពុងធ្វើកូដកម្មស្ងាត់ស្ងៀមដែលជាការបង្ហាញការបន្តប្រឆាំងរបបយោធាដែលកំពុងកាន់អំណាចចូលដល់ថ្ងៃទី៥១ជាប់គ្នា។
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យកំពុងទទូចដល់អ្នកផ្សេងទៀតឲ្យស្នាក់នៅផ្ទះ និងមិនធ្វើជំនួញអ្វីទាំងអស់សម្រាប់ថ្ងៃពុធម្សិលមិញនេះ។ នេះជាវិធីចៀសវាងការបង្ក្រាបដែលកើនឡើងដ៏ប្រល័យដោយរបបយោធាលើបាតុកម្មជារៀងរាល់ថ្ងៃ ដែលបានកើតឡើងមិនឈប់តាំងពីអ្នកស្រី Aung San Suu Kyi និងសមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាលស៊ីវិលត្រូវបានបណ្តេញចេញពីតំណែង និងត្រូវបានឃុំឃាំងដោយយោធាតាំងពីថ្ងៃទី១ ខែកុម្ភៈមក។
សមាគមសកម្មជនក្នុងតំបន់មួយឈ្មោះសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) និយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន២៧៥នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងយោធាក្នុងពេលបង្ក្រាប។ ម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់គឺក្មេងស្រីអាយុ៧ ឆ្នាំម្នាក់ដែលត្រូវបានគេបាញ់កាលពីថ្ងៃអង្គារនៅពេលដែលទាហានបានសម្រុកចូលផ្ទះរបស់នាងនៅទីក្រុង Mandalay។ នេះបើតាមបណ្តាញព័ត៌មាន Myanmar Now និង Reuters។
កុមាររងគ្រោះត្រូវបានគេរាយការណ៍ថា កំពុងអង្គុយនៅលើភ្លៅឪពុករបស់នាងនៅពេលដែលពួកទាហានបានសម្រុកចូលផ្ទះ ហើយសួរថា អ្នកទាំងអស់គ្នានៅផ្ទះមិនបានចេញធ្វើបាតុកម្មទេមែនទេ? ឪពុកនាងបាននិយាយថា មែនហើយ។ ប៉ុន្តែទាហានបានចោទថា លោកបានកុហក ហើយបានបាញ់ប្រហារចំក្មេងស្រីនោះតែម្ដង។
សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) និយាយថា មនុស្សជាង២.០០០ នាក់ត្រូវបានចាប់ខ្លួននិងឃុំខ្លួនចាប់តាំងពីការបង្ក្រាបបានចាប់ផ្តើម។ បណ្តាញព័ត៌មាននានានិយាយថា ឡានជាច្រើនគ្រឿងដឹកបាតុករប្រឆាំងរដ្ឋប្រហារពេញៗចេញពីពន្ធនាគារ Insein នៅក្នុងទីក្រុងរ៉ង់ហ្គូនកាលពីថ្ងៃពុធដែលអាចជាកាយវិការសុច្ឆន្ទៈរបស់របបយោធាដោះលែងពួកគេ។
ទីភ្នាក់ងារព័ត៌មាន Associated Press និង AFP និយាយថា ចំនួនអ្នកដែលត្រូវបានដោះលែងមានច្រើនជាង៦០០នាក់។
ក្នុងចំណោមអ្នកដែលត្រូវបានដោះលែងទាំងនោះក៏មានអ្នកកាសែតរបស់ទីភ្នាក់ងារព័ត៌មានម្នាក់ AP ឈ្មោះ Thein Zaw ដែលត្រូវបានចាប់ខ្លួន ខណៈពេលលោកកំពុងយកព័ត៌មានអំពីការតវ៉ាតាមដងផ្លូវមួយនៅក្នុងទីក្រុងរ៉ង់ហ្គូនជាមួយអ្នកសារព័ត៌មានចំនួន៨ នាក់ផ្សេងទៀត។
ស្របពេលជាមួយគ្នានេះដែរ ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា សវនាការតាមអ៊ីនធឺណិតដែលបានគ្រោងនឹងធ្វើនៅថ្ងៃពុធសម្រាប់លោកស្រី Aung San Suu Kyi នៅរដ្ឋធានីណៃពិដោ ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី១ ខែមេសាវិញ៕