សកម្មជនបរិស្ថានរាប់ពាន់នាក់បានដើរក្បួននៅរដ្ឋធានីសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍នៅក្នុងកិច្ចខំប្រឹងប្រែងមួយដើម្បីទាក់ទាញការគាំទ្រសម្រាប់បុព្វហេតុដែលទាក់ទិននឹងអាកាសធាតុ។
ពិធីនេះត្រូវបានគេហៅថា ការដើរក្បួនដើម្បីអាកាសធាតុរបស់ប្រជាពលរដ្ឋ ដែលគាប់ជួនគ្នាទៅនឹងការកាន់តំណែងរយៈពេល១០០ថ្ងៃរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នេះយោងតាមអ្នករៀបចំកម្មវិធីនេះដែលបានថ្កោលទោសអ្វីដែលពួកគេមើលឃើញថាជាការមិនអើពើពីបញ្ហាបរិស្ថានរបស់រដ្ឋបាលលោកត្រាំ។
ចលនាអាកាសធាតុរបស់ប្រជាពលរដ្ឋ ដែលរួមមានក្រុមសកម្មជនសេរីប្រហែល៥០បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «គោលនយោបាយរបស់រដ្ឋបាលត្រាំ ជាមហន្តរាយសម្រាប់អាកាសធាតុនិងសហគមន៍របស់យើង ជាពិសេស សហគមន៍មានប្រាក់ចំណូលទាបនិងសហគមន៍ចម្រុះជាតិសាសន៍ដែលស្ថិតនៅជួរមុខនៃវិបត្តិនេះ»។
បាតុករបានដើរក្បួនពីអាគាររដ្ឋសភា Capitol សហរដ្ឋអាមេរិកទៅកាន់សេតវិមានដែលនៅទីនោះពួកគេបានធ្វើការប្រជុំមហាជន។ការដើរក្បួនតូចៗរាប់សិបទៀតត្រូវគេរំពឹងនឹងធ្វើឡើងនៅក្នុងទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិក។
អង្គការដៃគូនានាដែលបង្កើតជាគណៈកម្មាធិការអចិន្ត្រៃយ៍របស់ពិធីនេះមានក្រុមបរិស្ថានសំខាន់ៗ ក៏ប៉ុន្តែ ក៏រួមមានសហជីពជាច្រើន ក្រុមប្រឆាំងនឹងសង្គ្រាមនិងគាំទ្រជនជាតិភាគតិចដូចជាអង្គការ NAACP ជាដើម៕