កម្មករ​រាប់​ម៉ឺន​នាក់​ចាក​ចេញ​ពី​ប្រទេស​ថៃ

កម្មករ​ភូមា​នៅ​​ខេត្ត​អយុធ្យា ប្រទេស​ថៃ (រូបថត​ឯកសារ)

ក្រុម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រដ្ឋា​ភិបាល​យោធា​ថៃបានបញ្ជូន​ពលករ​កម្ពុជា​ខុស​ច្បាប់​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​កើន​ដល់​ជាង​២​ម៉ឺន​នាក់​ហើយ។ ប៉ុន្តែ​មន្ត្រី​សិទ្ធិមនុស្ស​ប៉ាន់​ប្រមាណ​ថា ពលករ​កម្ពុជា​ដែល​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​អាច​កើន​រហូត​ដល់​៤​ម៉ឺន​នាក់​យ៉ាង​តិច។

ពលករ​ទាំង​នេះ​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​កសិកម្ម នេសាទ សំណង់​និង​ជំនួយ​ការ​ផ្នែក​លក់​ដូរ​ជាដើម​ត្រូវ​បាន​បញ្ជូន​មក​កាន់​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​ចាប់​តាំង​ពីក្រុម​យោធា​ថៃ បាន​ឡើង​កាន់​អំណាច​ក្រោយ​ពី​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី​យីងឡាក់ ស៊ីណាវ៉ាត់ កាល​ពី​ថ្ងៃ​ទី ២២ ខែ ឧសភា។

ក្រុម​អាជ្ញាធរ​និង​មន្ត្រី​សិទ្ធិមនុស្ស​អះអាង​ដូចគ្នា​ថា ពលករ​កម្ពុជា​ត្រូវ​បាន​ដឹក​ជញ្ជូន​ដោយ​រថយន្ត​និង​ទម្លាក់​នៅ​ទី​ប្រជុំជន​ក្រុង​ប៉ោយប៉ែត។ ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់​មក​វិញ​ចំនួន​ជាង​១​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ។

លោក គោ ស៊ុំសារឿន អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រកាស​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​យ៉ាង​តិច​ចំនួន​២​ម៉ឺន​នាក់។

«គឺ​យើង​ដោះស្រាយ​ទី​១​ឲ្យ​មាន​បាយ​មួយ​កញ្ចប់​និង​ទឹក​មួយ​ដប​ពេល​ដែល​គាត់​អញ្ជើញ​មក​ដល់។​ហើយ​មាន​ពេទ្យ​ជំនួយ​ប្រសិន​បើ​គាត់​មាន​ការ​ឈឺ​ថ្កាត់។ ហើយ​ទី​២​គឺ​មធ្យោបាយ​ដឹក​ជញ្ជូន​គឺ​ខាង​អង្គការ OM ជួយ រថយន្ត​ជាង​៣០​គ្រឿង។ ហើយ​មកដល់​ថ្ងៃ​នេះ​គាត់​បន្ត​ជួយ​ទៀត។ ខាង​អគ្គ​ស្នងការ​នគរបាល​ជាតិ​ជួយ​ប្រាំ​គ្រឿង ខាង​វិស្វកម្ម​ជួយ​មក​១០​គ្រឿង និង​ខាង​អគ្គ​អន្តោប្រវេសន៍​គ្រោង​ជួយ​ប្រាំ​គ្រឿង»។

​អ្នក​នាំ​ពាក្យ​យោធា​ថៃ​ត្រូវ​ស្រង់​សម្តី​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ថា អន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​គឺ​ជា​ការ​គំរាម​កំហែង​មួយ​ដល់​រដ្ឋាភិបាល​ក្រុង​បាងកក​ដែល​កើត​ចេញ​ពី​រដ្ឋ​ប្រហារនោះ។ ក្រុង​បាងកក​នឹង​បញ្ជូន​ពលករ​ខុស​ច្បាប់​ចេញ​ពី​ប្រទេស​ថៃ។

លោក ស៊ុម ចាន់គា អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយមាន​ជ័យ​ឲ្យ​ដឹង​ថា អាជ្ញាធរ​យោធាថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​យ៉ាង​គំហុក​ត្រឡប់​មក​វិញ​ក្នុង​អំឡុង​សប្តាហ៍​នេះ។

«យើង​ឃើញ​ថា មាន​ការ​បញ្ជូន​មក​ច្រើន​គឺ​រយៈ​ពេល​ពី​ថ្ងៃ​ទី ៩ ដល់​ទី ១០ ទី ១១ និង​ទី​១២។​ម្សិលមិញ​យើង​សម្ភាស ​មាន​ឃើញ​ទាក់​ទង​គឺ​មាន​មេ​ខ្យល់​យក​លុយ​ហើយនឹង​មក​ដល់​កន្លែង​ទាហាន​គេ​យក​លុយ​គាត់​ទៀត​និង​បាន​វាយ​ធ្វើ​បាប​ទៀត»។

របាយការណ៍​ពី​អង្គការ​នានា​ឲ្យ​ដឹង​ថា ពលករ​កម្ពុជា​ខុស​ច្បាប់​និង​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​មាន​ចំនួន​ប្រមាណ​៤០​ម៉ឺននាក់។ ពលករ​ទាំង​នេះ​ធ្វើ​ការ​ភាគ​ច្រើន​នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ដូចជា​ខេត្ត​ឈុនបូរី ខេត្ត​បូរីរ៉ាំ និង​ខេត្ត​សាប៊ីន​ជាដើម។

លោក គង់ វាសនា អាយុ​៤៧​ឆ្នាំ មាន​ដើមកំណើត​នៅ​ខេត្ត​ព្រៃវែង។ លោក​ទៅ​ធ្វើ​ការ​ជា​កម្មករ​រោង​ចក្រ​ប្លាស្ទិក​អស់​រយៈ​ពេល​បី​ឆ្នាំ​ហើយដោយ​មិនមាន​ច្បាប់​អនុញ្ញាត​នោះ​ទេ។ លោក​ត្រូវ​បាន​បញ្ជូន​មក​ដល់​ក្រុង​ប៉ោយប៉ែត​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ លោក​បញ្ជាក់​តាម​ទូរសព្ទ​ពី​ខេត្ត​បន្ទាយ​មានជ័យថា កម្មករ​មួយ​ចំនួន​ត្រូវ​កង​យោធា​ថៃ​ចាប់​បណ្តេញ​ចេញ​មក​វិញ ​ប៉ុន្តែ​កម្មករ​មួយ​ចំនួន​បាន​វិល​ត្រឡប់​មក​ដោយ​ខ្លួន​ឯង​ដោយសារ​ការ​ភ័យ​ខ្លាច។

«នៅ​ស្រុក​នោះ រក​ស៊ី​អី​មិន​បាន​ជំពាក់​បំណុល​គេ។ អញ្ចឹង​ទាល់​តែ​ទៅ​ធ្វើ​ខ្ញុំ​គេ​នៅ​ទី​នោះ​ទៅ ទើប​អាច​រួច​ដោះ​បំណុល​ខ្លះ។ ដល់​ពេល​ថៅ​កែ​ថៃ​ធ្វើ​បាប​ខ្លះ​ដែរ ចឹង​ខ្លាច​គេ​ក៏​នាំគ្នា​មកវិញ»។

​លោក សេង ឡា អាយុ​២៨​ឆ្នាំ​មក​ពី​ខេត្ត​តាកែវ។

«មាន​គេ​ចាប់​យើង​ខ្លះ។ ហើយ​ប្រហែល​ជា​ដប់​ឡាន​ផ្សេង​ទៀត​គឺ​មក​ដោយ​ស្ម័គ្រចិត្ត​ព្រោះ​នៅ​ក្នុង​នោះ​មាន​គេ​ចាប់។ គេ​បិទ​កន្លែង​ធ្វើ​ការ គេ​ចុះ​ចាប់​យើង»។

មន្ត្រី​ផ្លូវ​ការ​នៃ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​និង​លោក កុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ៕