ដោយមានកាន់បដាហើយនិងស្រែកប្រកាសប្រឆាំងប្រធានាធិបតីជាប់ឆ្នោតថាជាអ្នកប្រកាន់ពូជសាសន៍និងជាមនុស្សស្អប់ស្រីៗ បាតុកររាប់ពាន់នាក់បានចេញមកតាមផ្លូវនានានៅទីក្រុងទូទាំងសហរដ្ឋអាមេរិកនៅថ្ងៃពុធនេះដើម្បីតវ៉ាប្រឆាំងជ័យជម្នះរបស់លោក Donald Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
ហ្វូងមនុស្សដ៏ធំបានជួបជុំគ្នានៅរុក្ខវិថីទី៥នៃទីក្រុងញូវយ៉កនៅខាងមុខអាគារ Trump Tower ដែលនៅទីនោះប្រធានាធិបតីជាប់ឆ្នោតរស់នៅ ដោយពួកគេ បានគ្រវីសញ្ញាដែលមានន័យថា «ស្រឡាញ់ភាពស្អប់ខ្ពើមរបស់លោក Trump»។
ក្រុមមួយទៀតបានជួបជុំគ្នានៅម្ខាងទៀតនៃសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែលនឹងក្លាយជាគេហដ្ឋានរបស់លោក Trump នៅពេលឆាប់ៗនេះ។នៅតាមផ្លូវ Pennsylvania នៅឯសណ្ឋាគារដែលទើបបើកថ្មីរបស់លោក Trump ពួកបាតុករបានស្រែកថា «និយាយឲ្យឮ និយាយឲ្យច្បាស់ថា ជនភៀសខ្លួនបានទទួលការស្វាគមន៍នៅក្នុងសហរដ្ឋអាមេរិក»។
នៅកន្លែងផ្សេងទៀតនៅតំបន់ឆ្នេរសមុទ្រខាងកើតសហរដ្ឋអាមេរិក បាតុកម្មបានធ្វើឡើងនៅក្នុងទីក្រុង Miami ទីក្រុង Philadelphia និងទីក្រុង Boston ដែលនៅទីនោះ ពួកបាតុករបានកាន់បដាដែលអំពាវនាវឲ្យមានការប្តឹងចោទប្រកាន់លោក Trump នៅមុខតុលាការហើយនិងបញ្ចប់ការបោះឆ្នោតតាមការជ្រើសរើសចំនួនប្រតិភូ ដែលជាដំណើរការមួយបានត្រូវបង្កើតឡើងដោយរដ្ឋធម្មនុញ្ញដែលបាននាំឲ្យលោក Trump ឈ្នះតំណែងប្រធានាធិបតីថ្វីបើលោកចាញ់ចំនួនសន្លឹកឆ្នោតក៏ដោយ។
នៅឆ្នេរម្ខាងទៀត ពួកបាតុករនៅក្នុងទីក្រុង Los Angeles ក្រុង San Francisco ក្រុង Portland និងទីក្រុង Seattle បានបិទខ្ទប់ចរាចរណ៍ដើម្បីសម្តែងនូវការខឹងសម្បានឹងលោក Trumpដែលបានជ័យជម្នះលើលោកស្រី Hillary Clinton ។
នៅតំបន់ពាក់កណ្តាលភាគខាងលិចការតវ៉ាប្រឆាំង បានធ្វើឡើងនៅក្នុងទីក្រុង Chicago ទីក្រុង Twin Cities នៃរដ្ឋ Minnesota ទីក្រុង Omaha នៃរដ្ឋ Nebraska និងទីក្រុង Kansas City រដ្ឋ Missouri៕