មួយ​ថ្ងៃ​មុន​គម្រប់​៣០​ឆ្នាំ​ដែល​លោកហ៊ុន សែន​កាន់អំណាច​ អង្គការ​ Human Rights Watch ​​បរិហារ​រដ្ឋា​ភិបាល​របស់​លោក

នាយក​រដ្ឋមន្រ្តី ហ៊ុន សែន (ស្តាំ) និយាយ​ជាមួយ​មេដឹក​នៅក្នុង​គណបក្ស​របស់​លោក​មុន​ពិធី​រំឭក​ខួប​៣៦​ឆ្នាំ​នៃ​ការរំដោះ​ប្រទេស​កម្ពុជា​ពី​របប​ខ្មែរ​ក្រហម​ថ្ងៃ​ទី​៧​មករា នៅ​ថ្ងៃពុធ​ទី៧ ខែមករាឆ្នាំ ២០១៥។

៣០​ឆ្នាំ​ក្រោមតំណែងនាយក​រដ្ឋមន្ត្រី​របស់​លោក​ហ៊ុន​ សែន​ត្រូវ​ឆ្លុះ​បញ្ចាំង​ដោយ​អំពើ​ហិង្សា​ ការ​កៀប​សង្កត់​ និង​អំពើ​ពុក​រលួយ ​បញ្ហា​ដីធ្លី​ និង​ការ​សម្លាប់​សកម្ម​ជន​នយោបាយ​ ដែល​ប្រជែង​អំណាច។​ នេះបើ​យោងតាម​របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ Human Rights Watch​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ។​ អង្គការ​ដដែល​បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​បញ្ឈប់​ភាព​អសកម្ម​របស់​ខ្លួនលើ​រដ្ឋា​ភិបាល​ក្រុង​ភ្នំពេញ។​

របាយ​ការណ៍​នេះធ្វើ​ឡើងមួយ​ថ្ងៃ​មុន​នឹង​ខួប​គម្រប់​៣០​ឆ្នាំ​នៃ​ការ​កាន់​កាប់​តំណែងនាយក​រដ្ឋ​មន្ត្រី​របស់​លោក​ហ៊ុន សែន។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ឡើង​កាន់​តំណែងនៅ​ថ្ងៃ​ទី​១៤​ ខែ​មករា ​ឆ្នាំ​១៩៨៥។

ការ​កាន់​តំណែងយូរ​នេះ​បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ជាមេដឹក​នាំទី​៦​ដែល​កាន់​តំណែងយូរ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក​ ​គឺ​ឈរ​បន្ទាប់​ពី​លោក ​Robert ​Mugabe ​នៃ​ប្រទេស​ហ្ស៊ីម​បាវ៉េ ​និង​នៅ​ពី​លើ​លោក​ Yoweri Museveni ​នៃ​ប្រទេស​អ៊ូហ្គាន់ដា។​

ដោយ​ឡែក​នៅ​ក្នុង​ពិភព​លោក​ អ្នក​ដែល​កាន់​តំណែងយូរ​ជាង​គេ​គឺ​ប្រធានាធិបតី​ប្រទេស​កាម៉ារូន​គឺ​លោក​ប៉ូល ប៊ីយ៉ា​ ដែល​ឈរ​ក្នុង​តំណែងរយៈ​ពេល​ជាង​៣៩​ឆ្នាំ​មក​ហើយ។​

នៅ​ក្នុង​របាយ​ការណ៍​កម្រាស់​៧៥​ទំព័រ ​អង្គការ​សិទ្ធិមនុស្ស​ Human Rights Watch ​បាន​រៀប​រាប់ការ​រំលោភ​សិទ្ធិ​មនុស្សក្រោម​របប​គ្រប់​គ្រង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន ​ចាប់​តាំង​ពី​ទសវត្ស​ឆ្នាំ១៩៨០​ ដូចជា​ការ​កេណ្ឌ​មនុស្ស​ឲ្យ​ទៅ​កាប់​ព្រៃ​ឈើ​ក-៥​ នៅតាម​តំបន់​ព្រំដែន។ ​បើតាម ​Human Rights Watch​ ឲ្យ​ដឹង​ថា​ មនុស្ស​រាប់​ម៉ឺន​នាក់​ស្លាប់​ដោយ​ជំងឺ​ និង​រាប់​ពាន់​នាក់​ស្លាប់​ និង​ពិការ​ដោយសារ​គ្រប់​មីន។​

មនុស្ស​ប្រមាណ​៥០០០​នាក់​ត្រូវ​ចាប់​ខ្លួន​ជា​អ្នក​ទោស​នយោបាយ។​

ក្រៅ​ពីនោះ​ Human Rights Watch ​ក៏​បាន​រំឭក​ពី​ការ​សម្លាប់​ និង​ធ្វើ​ឲ្យ​របួស​ក្នុង​សម័យ​ UNTAC​ ដើម​ទសវត្ស​ឆ្នាំ​១៩៩០ដែរ។ ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នៅ​ថ្ងៃ​ទី​៣០​ខែមិនា ​ឆ្នាំ​១៩៩៧​លើ​ហ្វូង​បាតុករ​ដឹក​នាំ​ដោយ​លោក​សម រង្ស៊ី។​ការ​វាយ​ប្រហារ​នោះ បើ​តាមអង្គការ ​Human Rights Watch ​ឲ្យ​ដឹង​ថា ​ធ្វើ​ឡើង​ក្នុង​គោល​ដៅ​ផ្តាច់​ផ្តិល​គូ​ប្រជែង​នយោបាយ​គឺ​លោក​សម រង្ស៊ី។​ ក្នុង​ព្រឹត្តិ​ការណ៍​នោះ មនុស្ស​ស្លាប់​១៦​នាក់​ និង​មនុស្ស​ច្រើន​ជាង​១៥០​នាក់​រង​របួស។​

​អង្គការ​ដដែល​នេះ​ចោទ​ប្រកាន់​ថា​ កង​ពល​ង-៧០​ ដែល​ជា​កងទ័ព​អន្តរាគមន៍​ការពារ​នាយក​រដ្ឋមន្ត្រី​ត្រូវពង្រាយ​នៅ​ទី​នោះ​ ហើយ​បាន​បើក​ផ្លូវ​ឲ្យ​ខ្មាន់​គ្រាប់​បែក​ចូល​វាយ​ប្រហារ។​

ប៉ូលិស​សហ​ព័ន្ធ​របស់​សហ​រដ្ឋ​អាមេរិក​បាន​ស៊ើប​អង្កេត​ក្នុង​រឿង​នេះ​ ប៉ុន្តែ​ត្រូវ​បញ្ជា​ឲ្យ​ចាក​ចេញ​ពី​កម្ពុជា​វិញ​ មុន​ពេល​ដែល​ការ​ស៊ើប​អង្កេត​ត្រូវ​បញ្ចប់។​

​អង្គការ ​Human Rights ​Watch ​ក៏​បាន​លើក​ឡើង​អំពី​រដ្ឋ​ប្រហារ​ខែ​កក្កដា​ឆ្នាំ​១៩៩៧​ ដើម្បី​ទម្លាក់​ព្រះ​អង្គម្ចាស់​នរោត្តម ​រណឫទ្ធិ​ពី​សហ​នាយក​រដ្ឋមន្ត្រី​ទី១​ផង​ដែរ។​ មនុស្ស​ជាច្រើន​ទទួល​រង​ការ​ធ្វើ​ទារុណ​កម្ម ​ជម្រិតយក​ចម្លើយ​ ការ​សម្លាប់​លើ​ឥស្សរជន​មេទ័ព​ជាន់​ខ្ពស់​របស់​គណបក្ស​ហ៊្វុន​ស៊ីន​ប៉ិច ​និង​ការចាប់​ឃុំ​ខ្លួន។​

កងពល​លេខ​៩១១​ទទួល​រង​ការ​ចោទ​ប្រកាន់​ក្នុង​របាយ​ការណ៍​នេះ​ថា ​បាន​រួម​ចំណែក​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ រួម​ទាំង​ការ​សម្លាប់​ក្នុង​ហេតុការណ៍​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​ Human Rights Watch។​

បន្ថែម​ពី​នោះ​ទៀត​ ការ​វាយ​ប្រហារ​លើ​គណបក្ស​ជំទាស់​ និង​បញ្ហា​ដីធ្លី ​ករណី​បាញ់​សម្លាប់​សកម្មជន​ព្រៃឈើ​ដ៏ល្បីល្បាញ​គឺ​លោក​ឈុត វុទ្ធី ​ការ​បង្រ្កាប និង​ការ​សម្លាប់​បាតុករ​ដោយ​ហិង្សា​ក្រោយ​ការ​បោះ​ឆ្នោត​ក៏​ត្រូវ​បាន​លើក​ឡើង​ក្នុង​របាយ​ការណ៍​ផង​ដែរ។​

លោក​ប្រេដស៍ ​អាដាម ​នាយក​អង្គការ​ Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដែល​មាន​ឥទ្ធិពល​ និង​ប្រទេស​ម្ចាស់​ជំនួយ​បញ្ចប់​ភាព​អសកម្មក្នុង​ការ​ឆ្លើយ​តបចំពោះភាព​អវិជ្ជមាន​ក្នុង​របាយ​ការណ៍​ខាង​លើ​នេះ។​

លោក​លើក​ឡើង​ថា៖​ «បទ​ពិសោធន៍​៣០​ឆ្នាំ ​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ជឿ​ថា​ លោក​ហ៊ុន សែន​នឹង​ភ្ញាក់​ខ្លួន​នៅ​ថ្ងៃ​ណាមួយ​ និង​សម្រេច​ចិត្ត​ដឹក​នាំ​ប្រទេស​កម្ពុជា​ក្នុង​បរិយាកាស​បើក​ទូលាយ​ជាង​មុន ​មាន​ការ​សណ្តោស​ប្រណី ​និងការ​គោរព​សិទ្ធិ​មនុស្ស​ទេ» ​ហើយ​«សហគមន៍​អន្តរជាតិ​គួរ​តែ​ចាប់​ផ្តើម​ស្តាប់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទាំង​នេះ​ ដែល​ទាមទារ​ការ​ការពារ​និង​ការ​លើក​តម្កើង​ផ្នែក​សិទ្ធិ​មនុស្ស»។​

លោក​ផៃ ស៊ីផាន ​រដ្ឋ​លេខា​ធិការ ​និង​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាល​មួយ​រូបចាត់​ទុក​ថា​ ជា​របាយ​ការណ៍​វាយ​ប្រហារ ​និង​ឈ្នានីស ​និង​ជា​ការ​មើល​រំលង​ការ​ខិតខំ​ប្រឹង​ប្រែងរបស់​លោក​ហ៊ុន សែន។​

«យើង​ដឹង​ហើយ​ថា​ សម្តេច​ហ៊ុន សែន​ជា​ជម្រើស​របស់​ប្រជា​ពលរដ្ឋ។ ​ការ​បំភ្លេច​ ការ​មើល​រំលង ​ឬការ​ឈ្លាន​ពានលើ​ភាព​ស្វ័យ​សម្រេច​របស់​កម្ពុជាគឺ​ជា​ឥរិយាបថ​របស់​ពួក​ ឬ​ក្រុម​ព្រៃ​ផ្សៃ​នៃ​ចក្រ​ពត្តិ​និយម»។​

សម្រាប់​លោក​អ៊ូ វីរៈ ​នាយក​វេទិកា​អនាគត​ ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវលើ​គោល​នយោ​បាយ​សាធារណៈ ​មិន​គាំទ្ររបាយ​ការណ៍​របស់​អង្គការ​ Human Rights Watch​ ទាំង​ស្រុង​នោះ​ទេ។​

លោក​និយាយ​ថា​ ការ​រំលោភ​សិទ្ធិ​មនុស្ស​មាន​ការ​ថយ​ចុះ បើ​ធៀប​ទៅ​នឹងទសវត្ស​១៩៨០ ​និង​ទសវត្ស​១៩៩០។ ប៉ុន្តែ​លោក​យល់​ថា ​របាយ​ការណ៍​នេះ​នឹង​ជួយ​ជំរុញ​ការ​លើក​តម្កើង និង​ការ​ការពារ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​បន្ថែម​ទៀត៕