ក្រសួង​មហាផ្ទៃ៖​ ជនជាតិ​តំបន់​ភ្នំ​ម៉ុងតាញ៉ា​វៀតណាម​១៣​នាក់​មាន​លក្ខខណ្ឌ​​ជា​ជន​ភៀសខ្លួន

ជនជាតិ​តំបន់​ភ្នំ​ឬ​ម៉ុងតាញ៉ា​វៀតណាម (Montagnard) បាន​ឆ្លង​ព្រំដែន​ចូល​ភាគ​ឦសាន​​ប្រទេស​កម្ពុជា​​ដោយ​​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ។ ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​ថា​​អាជ្ញាធរ​កម្ពុជា​នឹង​​ចាប់​បញ្ជូន​ពួក​គេ​ទៅ​ប្រទេស​វៀតណាម​វិញ។ (រូបថត​​​ដោយ អង្គការ​សហប្រជាជាតិ)

ជនជាតិ​តំបន់​ភ្នំ​ឬ​ម៉ុងតាញ៉ា​វៀតណាម​ចំនួន​១៣​នាក់​ ដែល​បាន​រត់​គេច​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា​ ​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​ជា​ជន​ភៀស​ខ្លួន។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ផ្លូវ​ការ​កម្ពុជានៅ​ថ្ងៃ​ច័ន្ទ​នេះ។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ជនជាតិ​ភាគ​តិច​តំបន់​ភ្នំ​វៀតណាម​ចំនួន​៣៦​នាក់​ត្រូវ​ប៉ូលិស​កម្ពុជា​ចាប់​បញ្ជូន​ដោយ​សម្ងាត់​ទៅ​កាន់​ស្រុក​កំណើត​របស់​ពួក​គេ​វិញ។​

លោក​នាយ​ឧត្តមសេនីយ៍​ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​បញ្ចប់​កិច្ច​សម្ភាសន៍​ អគ្គ​នាយក​ដ្ឋានអន្តោ​ប្រវេសន៍បាន​រក​ឃើញ​ថា​ ជនជាតិ​ចារ៉ាយ​វៀតណាម​ដែលបាន​ភៀស​ខ្លួនមក​កាន់​ខេត្ត​រតនគីរី​កាល​ពីប៉ុន្មាន​ខែ​មុន​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​ជា​ជន​ភៀស​ខ្លួន។ ​ប៉ុន្តែ​មិន​ទាន់​មាន​ការ​សម្រេច​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។​

«អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​ ដែល​ជា​អ្នក​ជំនាញ​ បាន​រក​ឃើញ​ថា​ មាន​លក្ខណៈ​គ្រប់​គ្រាន់ឆ្លើយ​តប​តាម​លក្ខខន្តិកៈ​របស់​ជន​សុំ​សិទ្ធិ​ជ្រក​កោណ​ជា​ជន​ភៀស​ខ្លួន។​ ហើយ​រង់​ចាំ​សេចក្តី​សម្រេច​ចុង​ក្រោយ​របស់​ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ»។​

ជនជាតិ​ចារ៉ាយ​វៀតណាម​ទាំង​១៣​នាក់​បាន​ចូល​មក​ប្រទេស​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ​២០១៤​កន្លង​ទៅ ​ដោយ​គេច​វេស​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​ក្រុង​ហាណូយ​នៅ​តំបន់​ខ្ពង់​រាប​របស់​ពួក​គេ។​ ក្នុង​ចំណោម​នោះ​មាន​ស្ត្រី​ម្នាក់។​

ពួក​គេ​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​កាន់​ទី​ក្រុង​ភ្នំពេញ​ក្រោម​ការ​គាំពារ​ពី​សំណាក់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ទទួល​បន្ទុក​ផ្នែក​ជន​ភៀស​ខ្លួន។​ ហើយ​ជា​បន្ត​បន្ទាប់​ មាន​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​វៀតណាម​បន្ថែម​ទៀត​បាន​រត់​គេច​មក​លាក់​ខ្លួន​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគីរី។​ ក៏​ប៉ុន្តែ​សេចក្តី​រាយការណ៍​នានា​បង្ហាញ​ថា​ អាជ្ញាធរ​វៀតណាម​បាន​ស្នើ​ឲ្យ​សមត្ថ​កិច្ច​កម្ពុជា​សហការ​ដើម្បី​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ទាំង​នេះ​ទៅ​កាន់​ស្រុក​កំណើត​របស់​ពួក​គេ​វិញ។​

លោក​ ឆាយ ធី ​អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្សអាដហុក​ប្រចាំ​ខេត្ត​រតនគីរី​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ​អាជ្ញាធរ​ប៉ូលិស​កម្ពុជា​ទើប​តែ​បាន​ចាប់​បញ្ជូន​ជន​ម៉ុងតាញ៉ា​វៀតណាម​ចំនួន​៣៦​នាក់ដោយ​ស្ងាត់​កំបាំងទៅកាន់​ប្រទេស​វៀតណាម​វិញ​កាល​ពី​សប្តាហ៍​មុន។​

មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​បញ្ជាក់​ថា​ ជនជាតិ​ភាគតិច​វៀតណាម​ទាំង​៣៦​នាក់​បាន​ចេញ​ដំណើរពី​ខេត្ត​រតនគីរី​នៅ​វេលា​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ​ក្នុង​គោល​ដៅ​ឆ្ពោះ​មក​កាន់​ទី​ក្រុង​ភ្នំពេញ​ដើម្បី​ស្វែង​រកជំនួយ​ពី​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ ​ប៉ុន្តែ​ពួក​គេ​ត្រូវ​កង​ប៉ូលិស​ស្ទាក់​ចាប់​បី​ម៉ោង​ក្រោយ​មក​ ហើយ​បាន​បញ្ជូន​ពួក​គេ​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ។​ ជនជាតិ​ចារ៉ាយ​ខ្មែរ​ម្នាក់​ដែល​អម​ដំណើរ​ជាមួយ​ជន​ភៀស​ខ្លួន​ទាំង​នេះ​បាន​បាត់​ខ្លួន ​បន្ទាប់​ពី​ក្រុម​ប៉ូលិស​បាន​ចាប់​ឃាត់​ខ្លួន​រូប​គាត់។​ នេះ​បើ​យោង​តាម​លោក​ឆាយ ធី។​

«មាន​ការ​ចាប់​ខ្លួន​ចារ៉ាយ​វៀតណាម​ចំនួន​៣៦​នាក់​ រួម​ទាំង​ចារ៉ាយ​ខ្មែរ​ម្នាក់​ផង​ ដែល​ជា​អ្នក​ជូន​ផ្លូវ។ ​ចារ៉ាយ​វៀតណាម​ក៏​បាន​បញ្ជាក់​ថា ​ពួក​គាត់​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅវិញ​ពិត​ប្រាកដ​មែន។ ​ដោយឡែក​ចារ៉ាយ​ខ្មែរ​ត្រូវ​គេ​រុញ​ចូល​ឡាន​ប៉ូលិស​ខ្មែរ​ ​ហើយ​មិន​ដឹង​ជា​ត្រូវ​ដឹក​ទៅ​កាន់​ទីណា​ទេ។​ ចំណែកពួក​គាត់​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ប្រទេស​វៀតណាម»។​

លោក​ឆាយ​ ធី​បញ្ជាក់​ថា ​លោក​ទទួល​បាន​ព័ត៌មាន​ទាំង​នេះ​តាម​រយៈ​ការ​សាក​សួរ​តាម​ទូរស័ព្ទ​ទៅ​កាន់​ជនជាតិ​ចារ៉ាយ​វៀតណាម​ ដែល​ត្រូវ​ប៉ូលិស​ខ្មែរ​ចាប់​បញ្ជូន​ត្រឡប់​ទៅវិញ​នេះ​ និង​តាម​រយៈការ​សាក​សួរ​អ្នក​បើក​បរ​រថយន្តដោយ​ផ្ទាល់។​

លោក​ឧត្តមសេនីយ៍​ងួន កឿន ​ស្នងការ​ប៉ូលិស​ខេត្ត​រតនគីរី​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ​ ដោយសារ​លោក​អះអាង​លោក​ជាប់រវល់​ជាមួយ​មិត្ត​ភក្តិ។​ ដោយឡែក​លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ៍គ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​បង្វែរ​សំណួរ​ទៅ​កាន់​អាជ្ញាធរ​ខេត្ត ដោយ​លោក​ចាត់​ទុក​ថា ​ជនជាតិ​ភាគ​តិច​វៀតណាម​ទាំង​នេះ​ជា​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់។ ​ប៉ុន្តែ​ទាក់ទង​នឹង​ជន​ជាតិ​ចារ៉ាយ​កម្ពុជា​ ដែល​បាត់​ខ្លួន​នោះ​ លោក​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ជឿ​ថា ​អាច​នឹង​ដឹង​ដំណឹង​ក្នុង​ពេល​ខាង​មុខ៕