វ៉ាក់សាំង​កូវីដ១៩​​ទី​៣​បង្ហាញ​លទ្ធផល​ល្អ​ ខណៈ​ការឆ្លង​ថ្មី​នាំ​ឲ្យ​​ប្រទេស​កាន់​តែ​ច្រើន​បិទ​សកម្មភាព​សង្គម

រូបឯកសារ៖ រូបថតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ថ្ងៃ​ព្រហស្បតិ៍​មាន​ព័ត៌មាន​ល្អៗ​បន្ថែម​ទៀត​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​សាកល ​ដើម្បី​ផលិត​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព​និង​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​ ដែល​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ១៩។​

វ៉ាក់សាំង​ដ៏​មាន​សក្តានុពល​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ឱសថ​ធំ​មួយ​របស់​អង់គ្លេស​ឈ្មោះ​ AstraZeneca​ ដែល​សហការ​ជាមួយ​សាកល​វិទ្យាល័យ ​Oxford​ មាន​សុវត្ថិភាព​និង​បង្កើត​នូវ​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​ចំពោះ​អ្នកចូល​រួម​ទាំង​ក្មេង​ទាំង​ចាស់។​

វ៉ាក់សាំង​ពីរ​ដូស​ត្រូវ​បាន​ផ្តល់​ឱ្យ​អ្នក​ស្ម័គ្រ​ចិត្ត​មនុស្ស​ពេញវ័យ​ដែល​មាន​សុខភាព​ល្អ​ចំនួន ​៥៦០ ​នាក់​នៅ​ក្នុង​ការ​សាកល្បង​ដំណាក់កាល​ទី២ ​ក្នុង​នោះ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន ​២៤០​ នាក់ ​មាន​អាយុ​លើស​ពី​ ៧០ ​ឆ្នាំ។​

ទិន្នន័យ​ពី​ការ​សាកល្បង​របស់​ Oxford និង AstraZeneca ​ដំណាក់កាល​ទី​ ២​ នេះ​កើត​ឡើង​នៅ​ពេល​ដែល​ក្រុមហ៊ុន​ផលិត​ឱសថ​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​រាយការណ៍​ថា ​វ៉ាក់សាំង​កូវីដ១៩​ របស់​ពួកគេ​មាន​ប្រសិទ្ធភាព​ជាង ​៩០% ​ប្រឆាំង​នឹង​វីរុស​នេះ។

​ក្រុមហ៊ុន​ Pfizer ​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ​ខ្លួន​នឹង​ស្វែងរក​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើ​គ្រា​បន្ទាន់​នូវ​វ៉ាក់សាំង​ ដែល​ក្រុមហ៊ុន​នេះ​បានសហការ​ផលិតជាមួយ​ក្រុមហ៊ុន ​BioNTech​ របស់​អាល្លឺម៉ង់។​ចំណែក​ក្រុមហ៊ុន​ Moderna​ បាន​ប្រកាស​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា ​វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ជិត ​៩៥%​ បន្ទាប់ពី​ការ​វិភាគ​បណ្តោះ​អាសន្ន​នៃ​ការ​សិក្សា​ដំណាក់​កាលចុង​ក្រោយ​របស់​ខ្លួន។​

ប៉ុន្តែ ភាព​ជឿនលឿន​ឆ្ពោះទៅ​រក​វ៉ាក់សាំងកូវីដ១៩​ មាន​ប្រសិទ្ធភាព​នេះកើត​មាន​ នៅ​ពេល​ដែល​ប្រទេស​ជាច្រើន​បាន​ដាក់​ការ​រឹតត្បិត​ឬ​ការ​បិទ​សកម្មភាព​សង្គម​យ៉ាង​តឹងរ៉ឹង​ជា​ថ្មីប្រឆាំង​នឹង​ការឆ្លង​ថ្មី។​

អាជ្ញាធរ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ខ្លួន​បាន​បង្កើន​កម្រិត​ប្រកាស​អាសន្ន​អំពី​វីរុស​កូរ៉ូណា​ដល់​កម្រិត​ខ្ពស់​បំផុត​របស់​ខ្លួន​ បន្ទាប់​ពី​បាន​រាយការណ៍​ថា មាន​ការ​ឆ្លង​ថ្មី​កម្រិត​ខ្ពស់​បំផុតចំនួន​ ៥៣៤ ​ក្នុង​មួយ​ថ្ងៃ។​ ចំនួន​ឆ្លង​នៅ​ទូទាំង​ប្រទេស​ក៏​បាន​កើន​លើស ​២.០០០ ​ករណី ​នៅ​ថ្ងៃ​ពុធ​ដែលខ្ពស់​បំផុត​ក្នុង​មួយ​ថ្ងៃ​ដែរ៕