ការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធទៅនឹងមេរោគឆ្លងកូរ៉ូណា ឬ Covid-19 មិនមែនជាបែបផែននៃការបញ្ចេញមតិនោះទេ ហើយអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការទប់ស្កាត់ដើម្បីបញ្ចៀសចលាចលក្នុងសង្គម។ នេះជាការកត់សម្គាល់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង។
ថ្លែងនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តព្រៃវែង លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា ពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការនិយាយស្តី តែការនិយាយនោះមិនត្រូវប៉ះពាល់សិទ្ធិអ្នកដទៃ ឬក៏បង្កឲ្យមានភាពច្របូកចប្រល់ក្នុងសង្គមនោះទេ។
លោកបានបន្ថែមថា ការចាប់ខ្លួនបុគ្គលដែលផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងស្ថានភាពនៃការឆ្លងកូរ៉ូណាវីរុស ឬ Covid-19 មិនមែនធ្វើឡើងតាមតែនឹកឃើញទេ តែជាវិធានការត្រឹមត្រូវតាមច្បាប់ ប្រឆាំងអ្នកដែលដឹងពីផលវិបាកនៃការផ្សាយព័ត៌មានមិនពិត ហើយនៅតែប្រព្រឹត្ត។
«អ្នកខ្លះថា វិធានការឃាត់ឃាំងចឹងវាមិនសមស្របទេ គួរតែអប់រំជាសំខាន់។ យើងយល់បញ្ហាហ្នឹង មិនមែនមិនយល់ទេ។ ប៉ុន្តែអ្នកខ្លះអប់រំយ៉ាងម៉េច? និយាយយ៉ាងម៉េច ក៏មិននៅតែគាត់មិនស្តាប់។ បើថា គាត់ដាក់ចិត្តមិនស្តាប់ហើយ វានៅតែអ៊ីចឹងដែរ។ វានៅអ៊ីចឹងតទៅទៀត។ វាអត់មានអីប្រែប្រួលទេ។ អ៊ីចឹងហើយនិយាយដូច្នេះ មិនមែនចង់ថា យើង ដូចថា វិធានការងាកចាប់ ងាកចង ងាកចាប់ ងាកចងទេ។ យើងតែងតែយកការផ្សព្វផ្សាយ យកការអប់រំជាសំខាន់»។
កាលពីថ្ងៃច័ន្ទកន្លងទៅ មន្ត្រីនគរបាលនៅក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប បានចាប់ខ្លួនអ្នកប្រើប្រាស់ហ្វេសប៊ុកពីរនាក់ ចំពោះការបង្ហោះព័ត៌មានដែលថា វៀតណាមជាប្រទេសដែលបានបញ្ជាក់ថា កម្ពុជាមានករណីឆ្លងកូរ៉ូណាវីរុស និងព័ត៌មានដែលថា មានពលរដ្ឋមួយគ្រួសារបានឆ្លងមេរោគនេះនៅខេត្តសៀមរាប។ មន្ត្រីនគរបាលអះអាងថា ព័ត៌មានដែលបានផ្សព្វផ្សាយដោយអ្នកទាំងពីរនេះជាព័ត៌មានក្លែងក្លាយ។
កាលពីថ្ងៃទី១១ ខែមីនានេះ អាជ្ញាធរមានសមត្ថកិច្ចខេត្តសៀមរាបបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ ភុត ថុនា ហៅ ឡន នី អាយុ៣៥ឆ្នាំ និងជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ឡនលី គ្រួសាររីករាយ» ក្រោមបទចោទ «ក្លែងព័ត៌មាន»។ នេះបើតាមការបញ្ជាក់របស់មន្ត្រីប៉ូលិសជាន់ខ្ពស់នៅខេត្តសៀមរាប។
លោក ហួត សុធី ស្នងការរងប៉ូលិសខេត្តសៀមរាប បានប្រាប់ VOA តាមទូរស័ព្ទថា មន្ត្រីនគរបាលខេត្តបានឃ្លាំមើលសកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិតរបស់លោក ភុត ថុនា ជាច្រើនថ្ងៃ មុនឈានដល់ការចាប់ខ្លួនកាលពីថ្ងៃពុធ។ លោកថា លោក ភុត ថុនា បានផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងចន្លោះ ថ្ងៃទី៥ និង១០ ខែមីនា។
«យើងតាមដានយូរដែរហើយ យើងប្រមូលព័ត៌មានបានគ្រប់ ភស្តុតាងគ្រប់គ្រាន់ ហើយយើងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយខាងអយ្យការក៏បានចោទ ហើយចៅក្រមក៏បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន»។
VOA បានព្យាយាមសុំឲ្យលោក សុធី ផ្តល់សេចក្តីពន្យល់ត្រួសៗអំពីខ្លឹមសារនៃការបង្ហោះរបស់លោក ភុត ថុនា នៅលើបណ្តាញសង្គមហ្វេសប៊ុកដែលនាំដល់ការចាប់ខ្លួនលោក ភុត ថុនា តែលោកបានស្នើឲ្យ VOA ចូលទៅមើលការបង្ហោះរបស់លោក ភុត ថុនា តាមគណនីហ្វេសប៊ុកឡនលី គ្រួសាររីករាយ។
បើតាមការបង្ហោះជាច្រើននៅគណនីហ្វេសប៊ុករបស់លោក ភុត ថុនា នោះមានឃ្លីបវីដេអូចំនួនពីរបានបង្ហាញពីការអធិប្បាយរបស់យុវជនម្នាក់ និងស្ត្រីម្នាក់ ដែលនិយាយអំពីសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានវៀតណាម ដែលបានរាយការណ៍ថា មានពលរដ្ឋជប៉ុនម្នាក់មានផ្ទុកកូរ៉ូណាវីរុស ហើយបានចាកចេញពីប្រទេសកម្ពុជា តែរដ្ឋាភិបាលកម្ពុជាមិនតវ៉ានឹងការផ្សាយនោះ និងមិនមានវិធានការហ្មត់ចត់តាមដានការធ្វើដំណើរ និងទីកន្លែងស្នាក់នៅរបស់ជនជាតិជប៉ុននោះនៅកម្ពុជាទេ។
លោក ភុត ថុនា បានចែករំលែកឃ្លីបវីដេអូទាំងពីរនេះកាលពីថ្ងៃទី៥និងទី៦ខែមីនាកន្លងទៅ។
លោក ភុត ថុនា ដែលមានទីកន្លែងកំណើតនៅទីក្រុងភ្នំពេញ និងមានមុខរបរជាអ្នករត់ម៉ូតូកង់បី ត្រូវបានចោទ ដោយផ្អែកតាមមាត្រា៤២៥ នៃក្រមព្រហ្មទណ្ឌនៃប្រទេសកម្ពុជា។
មាត្រា៤២៥នៃក្រមព្រហ្មទណ្ឌបានចែងថា៖ «ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំទៅ២(ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០(ពីរលាន)រៀលទៅ៤.០០០.០០០(បួនលាន)រៀលអំពើផ្តល់ ឬបើកកកាយព័ត៌មានក្លែងដើម្បីធ្វើឲ្យជឿថា នឹងកើតមានឡើងនូវការបំផ្លិចបំផ្លាញ ការធ្វើឲ្យទ្រុឌទ្រោម ឬការធ្វើឲ្យខូចខាត ប្រកបដោយគ្រោះថ្នាក់ចំពោះមនុស្ស»។
យោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោក ភុត ថុនា ក៏ត្រូវបានចោទថា បាន«ជេរប្រមាថថ្នាក់ដឹកនាំតាមបណ្តាញសង្គម»។ ប៉ុន្តែរបាយការណ៍មិនបានបញ្ជាក់ពីខ្លឹមសារនៃការជេរប្រមាថនោះទេ។
ដោយឡែក នៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនគរបាលខេត្តកំពតបានឃាត់ខ្លួនយុវតីម្នាក់ឈ្មោះ នាងយូម៉ី ហៅក្រៅ «ម៉ី»ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mey Royal ចំពោះការចែករំលែកព័ត៌មានក្លែងកា្លយអំពីការឆ្លងកូរ៉ូណាវីរុសនេះ តែយុវតីរូបនេះត្រូវបានដោះលែង បន្ទាប់ពីយុវតីរូបនេះបានធ្វើការសុំទោសជាសាធារណៈ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុតិ្តធម៌ បានប្រាប់ VOA កាលពីថ្ងៃពុធថា លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានណែនាំឲ្យព្រះរាជអាជ្ញាទាំងនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ចាត់វិធានការច្បាប់ប្រឆាំងនឹងបុគ្គលណាដែលផ្សព្វផ្សាយព័ត៌មានក្លែងកា្លយ ទាក់ទិនការឆ្លងកូរ៉ូណាវីរុស ឬ Covid-19។ លោកមានប្រសាសន៍ថា វិធានការច្បាប់នេះគឺទប់ស្កាត់ការបង្កចលាចលក្នុងសង្គមដោយជនទុច្ចរិតមួយចំនួន។
លោក អំ សំអាត នាយករងកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ផ្តល់ការកត់សម្គាល់ថា អាជ្ញាធរកម្ពុជាត្រូវបង្កើនការអប់រំពលរដ្ឋឲ្យយល់ច្បាស់ពីការឆ្លង និងការបង្ការកូរ៉ូណាវីរុសនេះ ជាជាងការចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងការនិយាយស្តីរបស់ពួកគេអំពីមេរោគឆ្លងនេះ៕