តុលាការខេត្តរតនគិរីបានសម្រេចដោះលែងលោក ថេង សាវឿន និងសហការីរបស់លោក២នាក់ ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។ នេះបើតាមអ្នកនាំពាក្យតុលាការ លោក កែវ ពិសិដ្ឋ។
លោក កែវ ពិសិដ្ឋ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ចៅក្រមស៊ើបសួរសម្រេចឱ្យបុគ្គលទាំង៣នៅក្រៅឃុំបណ្តោះអាសន្ន។ ប៉ុន្តែលោកមិនអាចបញ្ជាក់ថា តើមានលក្ខខណ្ឌអ្វីចងភ្ជាប់លើពួកគេទេ។ លោកបញ្ជាក់ថា នេះមិនមែនជាការទម្លាក់ចោលការចោទប្រកាន់លើពួកគេឡើយ។
ក្រោយត្រូវបានដោះលែងនៅថ្ងៃអង្គារនេះ នៅលើហ្វេសប៊ុករបស់លោក ថេង សាវឿន មានការបង្ហោះសារថា «ការវិលត្រឡប់ទាំងដោយទំនួលខុសត្រូវ និងកាតព្វកិច្ចបន្ថែម!»
ការដោះលែងនេះធ្វើឡើងបន្ទាប់ពីប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន បានចេញសារជាលិខិត និងវីដេអូដ៏គួរឱ្យភ្ញាក់ផ្អើល ប្រកាសទទួលស្គាល់កំហុសក្នុងសំណុំរឿងចោទប្រកាន់«បដិវត្តន៍កសិករ»។
តុលាការខេត្តរតនគិរីបានចោទប្រកាន់លោក និងសហការីលោក២នាក់ទៀត គឺលោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ និងលោក ញ៉ិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគម ពីបទ«រួមគំនិតក្បត់ និងញុះញង់»។ ពួកគេត្រូវបានឃាត់ខ្លួនកាលពីពាក់កណ្តាលខែឧសភា បន្ទាប់ពីលោកនិងក្រុមការងារលោកបានបញ្ចប់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិកសមាគម ដែលរៀបចំឡើងនៅខេត្តរតនគិរី ទីដែលអាជ្ញាធរមូលដ្ឋាននៅទីនោះ សង្ស័យថា សមាគមលោក ថេង សាវឿន បានលួចប្រជុំក្នុងសណ្ឋាគារមួយក្នុងក្រុងបានលុង ហើយមានផែនការធ្វើបដិវត្តន៍កសិករ៕