អ្នកតស៊ូមតិដើម្បីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា លើកឡើងថា ការធ្វើឃាតលើលោកបណ្ឌិត កែម ឡី ពិតជាបានធ្វើឲ្យមានភាពភ័យខ្លាចខ្លះៗ និងប៉ះពាល់ខ្លាំងដល់សិទ្ធិបញ្ចេញមតិ ប៉ុន្តែ ទន្ទឹមពេលគ្នានេះ ឃាតកម្មនេះ ក៏បានធ្វើឲ្យពលរដ្ឋខ្មែររាប់លាននាក់ ភ្ញាក់រលឹកនិងមានស្មារតីក្រោកឡើងតស៊ូ ដើម្បីសិទ្ធិសេរីភាពរបស់ខ្លួន។
Your browser doesn’t support HTML5
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ថ្លែងបែបនេះនៅក្នុងកម្មវិធី «Hello VOA» កាលពីថ្ងៃច័ន្ទ ទី១៨ ខែកក្កដានេះ៖
«ផលប៉ះពាល់នៃការស្លាប់នេះ គឺលោក កែម ឡី ម្នាក់ បានបិទភ្នែក បិទមាត់ ប៉ុន្តែ វាបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ រាប់លាននាក់ បានងើបឡើង»។
លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគបញ្ហាសង្គមនិងនយោបាយដ៏មានប្រជាប្រិយភាពខ្លាំងបំផុតមួយរូបនៅក្នុងប្រទេសកម្ពុជា ត្រូវបានបាញ់ស្លាប់នៅពេលលោកកំពុងអង្គុយក្នុងហាងលក់ទំនិញមួយកន្លែង ចំកណ្ដាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅនេះ។
លោក ប៉ា ងួនទៀង មានប្រសាសន៍ថា «ចំពោះខ្ញុំ ការបាញ់ពីរគ្រាប់នេះ ធ្វើឲ្យលោក កែម ឡី ម្នាក់ស្លាប់ ប៉ុន្តែរបួសខ្មែររាប់លាននាក់»។
លោក កែម ឡី ចាប់ផ្ដើមមានកេរ្តិ៍ល្បីល្បាញដោយទទួលបានការចូលចិត្តយ៉ាងច្រើនពីមជ្ឈដ្ឋានទូទៅនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារ លោកបានធ្វើការស្រាវជ្រាវនិងហ៊ានវិភាគបញ្ហាសង្គមសំខាន់ៗ ដោយពេលខ្លះ បាននិយាយរិះគន់ចំៗនិងត្រង់ៗ ទៅលើចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល និងគណបក្សនយោបាយនានា រួមទាំងបុគ្គល ដែលមានអំណាចនិងឥទ្ធិពលនៅក្នុងប្រទេសផងដែរ។
ក្រោយពីការបាញ់សម្លាប់រូបលោកភ្លាម ប្រជាពលរដ្ឋបានទាមទារមិនឲ្យអាជ្ញាធរដឹកសាកសពរបស់លោកចេញពីកន្លែងកើតហេតុភ្លាមៗទេ ដោយពួកគេ សុខចិត្តដង្ហែសពរបស់លោក ទៅតម្កល់ទុកក្នុងវត្តមួយក្នុងរាជធានីភ្នំពេញវិញ។
ចាប់តាំងពីថ្ងៃនោះមក មនុស្សម្នាយ៉ាងច្រើនកុះករ រួមទាំងមន្ត្រីអង្គទូត អង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីគណបក្សប្រឆាំងផង បាននាំគ្នាមកគោរពវិញ្ញាណក្ខន្ធរបស់លោក ជាបន្តបន្ទាប់។
លោក ប៉ា ងួនទៀង ដែលជាសមាជិកម្នាក់នៃគណៈកម្មការរៀបចំបុណ្យសព លោក បណ្ឌិត កែម ឡី ថ្លែងថា ទោះបីជាការបាញ់សម្លាប់លោក កែម ឡី បង្កឲ្យមានការភ័យខ្លាចខ្លះក៏ដោយ ក៏វីរភាពរបស់លោកបណ្ឌិតរូបនេះ បានដក់ជាប់ក្នុងក្រអៅបេះដូងរបស់ពលរដ្ឋខ្មែរទូទាំងប្រទេសទៅហើយ។
«គំរូរបស់គាត់នេះ វាចាក់ទៅក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ ជាពិសេសគឺយុវជនជាច្រើនទៅហើយ ដូច្នេះ ខ្ញុំថា យុវជននឹងងើបឡើង ហើយនឹងបន្តបេសកកម្មរបស់លោក កែម ឡី»។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងនៅក្នុងកម្មវិធី «Hello VOA» កាលពីថ្ងៃច័ន្ទ ទី១៨ ខែកក្កដានេះដែរថា រដ្ឋាភិបាលកម្ពុជា ក៏បានសម្ដែងការសោកស្ដាយចំពោះការស្លាប់លោកបណ្ឌិត កែម ឡី ដែរ ហើយថា អាជ្ញាធរ មានសមត្ថកិច្ច នឹងស៊ើបអង្កេតឲ្យបានល្អិតល្អន់ ដើម្បីស្វែងរកការពិតនៃការបាញ់សម្លាប់លោក កែម ឡី នេះ៕