ទស្សនៈ៖ «តំណក់​ទឹក​ភ្លៀង​ដែល​នឹង​ពន្លត់​ភ្លើង‍»

តំណក់​ទឹក​ភ្លៀង​ដែល​ធ្លាក់​យ៉ាង​ជោកជាំ​នៅ​មុខ​តុលាការ​ខេត្ត​កោះកុង ខណៈពេល​ដែល​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ចំនួន​៨​នៅ​ក្នុង​ខេត្ត​កោះកុង នាំ​គ្នា​តវ៉ា​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ទាំង​បីនាក់​របស់​ចលនា​មាតាធម្មជាតិ កាលពី​ថ្ងៃច័ន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០១៦។ (រូបថត​ដោយ​អ្នកនាង ម៉ម កល្យាណី)

សកម្មជន​បរិស្ថាន​របស់​ចលនា​មាតា​ធម្មជាតិ​ទាំង​បី​រូប រួមមាន​ សាន់ ម៉ាឡា ទ្រី សុវិគា និង ស៊ីម សំណាង ត្រូវបាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង​១០ខែ​មក​ហើយ។

យើង​បាន​នាំគ្នា​ឈរ​ក្រោម​មេឃ​ភ្លៀង​ដ៏​ជោកជាំ។ អ្នក​ខ្លះ​ឈរ​ជ្រោក​ក្រោម​ឆាត់ និង​តង់​កៅស៊ូ ហើយ​អ្នក​ខ្លះ​ទៀត​ជ្រោក​ក្រោម​ភ្លៀង​ដោយ​ពាក់​អាវ​ភ្លៀង​ពណ៌​ខៀវ ផ្កាឈូក និង​បៃតង​ខ្ចី ទាំង​ញ័រ​ខ្លួន​ទទ្រឺត។ ប៉ុន្តែ​សម្រាប់​ គីមលី ដែល​ជា​ប្អូន​ស្រី​របស់ ទ្រី សុវិគា នាង​ឈរ​នៅ​ក្បែរ​របង​តុលាការ​ខេត្ត​កោះកុង ហើយ​ដៃ​របស់​នាង​កាន់​ចម្រឹង​របង​ដែក​ពណ៌​ខៀវ​យ៉ាង​ណែន ដោយ​ព្យាយាម​តាម​រក​មើល​បង​ប្រុស​របស់​នាង​ដែល​នៅ​ម្ខាង​ទៀត​ក្នុង​របង​តុលាការ​ខេត្ត​កោះកុង​នេះ។

ចុចស្តាប់ការអត្ថបទ​បែប​ទសន្សៈដែល​រៀបរៀង​ឡើង​ដោយ​អ្នក​នាង ម៉ម កល្យាណី និង​អាន​ដោយ​នាង ទែន សុខស្រីនិត នៃ VOA

Your browser doesn’t support HTML5

សហគមន៍​នៅ​ខេត្ត​កោះកុង​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន​របស់​ចលនា​មាតា​ធម្មជាតិ‍

សកម្មជន​បរិស្ថាន​របស់​ចលនា​មាតា​ធម្មជាតិ​ទាំង​បី​រូប រួមមាន​ សាន់ ម៉ាឡា ទ្រី សុវិគា និង ស៊ីម សំណាង ត្រូវបាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង​១០ខែ​មក​ហើយ។ ពួកគេ​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋកម្ម​ដែល​មិន​គួរ​ឲ្យ​ជឿ ដោយសារ​តែ​ពួកគេ​ស្រឡាញ់ និង​ខំ​ការពារ​បរិស្ថាន ដោយ​បាន​ទៅ​រារាំង​ក្រុមហ៊ុន​មិន​ឲ្យ​បូម​ខ្សាច់​នៅ​តាម​តំបន់​ព្រៃ​កោងកាង​ដ៏​មាន​តម្លៃ​របស់​កម្ពុជា។ សប្តាហ៍​នេះ​គឺជា​សប្តាហ៍​ទីមួយ​នៃ​ដំណើរ​ការ​ជំនុំជម្រះ​ក្តី​របស់​អ្នក​ទាំង​បី ដែល​ត្រូវបាន​ពន្យារ​ពេល​យ៉ាង​យូរ។ ហើយ​នៅ​ថ្ងៃសុក្រ ទី១ ខែ​កក្កដា​ខាង​មុខ​នេះ តុលាការ​នឹង​ប្រកាស​សាលក្រម​សម្រាប់​រឿង​ក្តី​របស់​ពួក​គេ។

ប្រជាពលរដ្ឋ​ជាង​១០០នាក់​មក​ពី​ភូមិ​ចំនួន៨​នៅ​ខេត្ត​កោះកុង ដូចជា​អារ៉ែង កោះសាឡៅ ព្រែក​អណ្តូង​ទឹក ព្រែក​ខ្សាច់ ដូងពែក ព្រែកជីក ជីខលើ និង​ជីខ​ក្រោម បាន​នាំគ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ទីរួមខេត្ត​កោះកុង ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ទាំង​បីរូប ដែល​អ្នក​ភូមិ​ទាំង​អស់​នេះ​ស្គាល់ គោរព ហើយ​ធ្លាប់​បាន​ធ្វើការងារ​សហគមន៍​ជាមួយ​គ្នា ដើម្បី​ការពារ​ទឹកដី ព្រៃឈើ និង​ត្រី ពី​សកម្មភាព​រំលោភ​ដីធ្លី ការ​កាប់​ព្រៃឈើ​ខុស​ច្បាប់ ការ​បូម​ខ្សាច់ និង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី។

ចុចមើលកម្រងរូបភាព៖ «‍សហគមន៍នៅ​ខេត្ត​កោះកុង​ទាមទារឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន​របស់​ចលនា​មាតា​ធម្មជាតិ»

កម្រង​រូបភាព៖ «សហគមន៍​នៅ​ខេត្ត​កោះកុង​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន​របស់​ចលនា​មាតា​ធម្មជាតិ‍»

ថៃ្ងនេះ ខ្ញុំ​មាន​អារម្មណ៍​ពីរ។​ ទី១ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​សំណាង ដែល​បាន​ចូលរួម​ជាមួយ​បងប្អូន​ដែល​មក​ពី​សហគមន៍​ទាំង​អស់​នេះ ហើយ​ពួកគាត់​មិន​ខ្លាច​នឹង​តស៊ូ ដើម្បី​បញ្ចេញ​មតិ​ដែល​ពួកគាត់​ជឿ​ថា​ត្រឹមត្រូវ​នោះទេ។ ពួកគាត់​ថា៖ បើ​សិន​ជា​ពួកយើង​មិន​តស៊ូ​ការពារ​កេរតំណែល​ធម្មជាតិ និង​ដួង​ព្រលឹង​របស់​យើង តើ​នរណា​នឹង​ការពារ​ទៅ? យើង​មិន​អាច​បាត់បង់​ដើមឈើ និង​ព្រៃឈើ និង​ដី ដែល​ជួយ​ទ្រទ្រង់​ជីវិត​របស់​យើង​បាន​ទេ។ ដូច្នេះ​យើង​នឹង​តស៊ូ​លះបង់​ជីវិត​របស់​យើង​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ទាំង​អស់​នេះ។

ទី២ ខ្ញុំ​មាន​អារម្មណ៍​ថា វា​មិន​យុត្តិធម៌​ទេ។ អ្វី​ដែល​ខ្ញុំ​បាន​ឮ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​២​ថ្ងៃ​កន្លង​ទៅ​នេះ និង​ក្នុង​អំឡុងពេល​ជាង​៥ឆ្នាំ ដែល​ខ្ញុំ​បាន​ចូលរួម​ក្នុង​ការ​ធ្វើបាតុកម្ម​ជា​ច្រើន​នោះ​គឺថា៖ អ្នក​ដែល​ចូលរួម​ការពារ​ប្រទេស​កម្ពុជា​បែរ​ជា​ត្រូវបាន​ចាប់​ឃុំ​ខ្លួន ហើយ​អ្នក​ដែល​បំផ្លាញ​សម្បត្តិ​ដីធ្លី​បែរ​ជា​ទទួល​បាន​សេរីភាព​ទៅ​វិញ។ ក៏ប៉ុន្តែ សេរីភាព​នេះ​គ្រាន់តែ​ជា​ការ​បោក​បញ្ឆោត​តែប៉ុណ្ណោះ។ នៅ​ថ្ងៃ​ណាមួយ ភ្លើង​ដែល​បាន​ដុត​បំផ្លាញ​ផ្ទះ​សម្បែង​របស់​អ្នក​ជិត​ខាង​អ្នក និង​ដុត​បំផ្លាញ​ផ្ទះ​អ្នក​វិញ​ជា​មិន​ខាន។

ទស្សនាវីដេអូ៖ គ្រួសាររបស់​សកម្មជន​ចលនាមាតា​ធម្មជាតិ​ដែល​ជាប់​ឃុំ​ស្វែង​រក​យុត្តិធម៌

Your browser doesn’t support HTML5

គ្រួសាររបស់​សកម្មជន​​ចលនា​មាតា​ធម្មជាតិ​ដែល​ជាប់ឃុំស្វែងរក​យុត្តិធម៌

ខ្ញុំ​បាន​អង្គុយ​នៅ​ក្បែរ​គ្រួសារ​របស់​សកម្មជន​ទាំង​បី​នាក់​ដែល​បាន​ជាប់​ឃុំ នៅ​មុខ​ខ្លោងទ្វារ​តុលាការ​ខេត្ត​កោះកុង ហើយ​ខ្ញុំ​បាន​ឃើញ​រូបសាក់​តូច​មួយ​នៅ​លើ​ដៃ​ប្អូនស្រី​របស់ ទ្រី សុវិគា។ រូបសាក់​នោះ​គឺ​អក្សរ​ឡាតាំង​«‍K» ដែល​មាន​រូប​ម្កុដ​នៅ​ពី​លើ។ អក្សរ​ឡាតាំង​«‍K»​នេះ​គឺ​តំណាង​ឲ្យ​ឈ្មោះ​បងប្រុស​របស់​នាង។ ខ្ញុំ​សួរ​ប្អូនស្រី​របស់ សុវិគា ថា រូបសាក់​នេះ​មាន​ន័យ​យ៉ាង​ដូចម្តេច។ ភ្លាម​នោះ ទឹកភ្នែក​ចាប់ផ្តើម​ធ្លាក់​លើ​ថ្ពាល់​ខាង​ឆ្វេង​របស់​នាង។ នាង​ប្រាប់​ខ្ញុំ​ថា នាង​ចង់​ចងចាំ​បងប្រុស​របស់​នាង ហើយ​នាង​នឹក​បងប្រុស​របស់​នាង​ខ្លាំង​ណាស់ ហើយ​នាង​ចង់​ឲ្យ​បងប្រុស​នាង​ត្រឡប់​មក​ផ្ទះ​វិញ។ ក៏ប៉ុន្តែ នាង​ក៏​មាន​មោទនៈភាព​ដែល​បងប្រុស​របស់​នាង​បាន​លះបង់​ជីវិត ដើម្បី​តស៊ូ​ការពារ​សម្បត្តិ​ធម្មជាតិ​របស់​កម្ពុជា។ ឥឡូវនេះ នាង​ចង់​ធ្វើការងារ​ដូច​គ្នា​នឹង​បងប្រុស​របស់​នាង​ដែរ។ នេះ​ហើយ​គឺជា​តំណក់​ទឹក​ភ្លៀង​ដែល​នឹង​ពន្លត់​ភ្លើង ដែល​ដុត​ផ្ទះ​សម្បែង​របស់​យើង៕