Your browser doesn’t support HTML5
វ៉ាស៊ីនតោន៖ អ្នកវិភាគបានអះអាងថា ថ្ងៃរំដោះ៧មករាជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះឲ្យខ្មែររួចផុតពីរបបខ្មែរក្រហមនិងជាថ្ងៃឈ្លានពាននៃកងទ័ពវៀតណាម។ នេះជាការអះអាងរបស់លោកបណ្ឌិតសុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈនិងជាអ្នកវិភាគនយោបាយដែលបានថ្លែងក្នុងកម្មវិធីហេឡូវីអូអេពិសេស កាលពីយប់ថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០១៤។
លោកថ្លែងថា ការដឹងគុណគ្នាទៅវិញទៅមកល្មមដល់ទីបញ្ចប់ហើយ ចំពោះប្រទេសទាំងពីរ។ លោកថ្លែងថានៅពេលនោះ បើវៀតណាមមិនវ៉ៃខ្មែរក្រហម ទេនោះខ្មែរក្រហមក៏មិនឲ្យវៀតណាមបានសុខដែរ ធ្វើសង្គ្រាមទៅក្នុងប្រទេស វៀតណាម ហើយសង្គ្រាមត្រូវកើតឡើងតាមព្រំដែនដែលមិនអាចឲ្យវៀតណាម អភិវឌ្ឍន៍បានទេ។ មួយទៀតវៀតណាម វ៉ៃខ្មែរក្រហមគឺដើម្បីធ្វើជាបងធំនៅឥណ្ឌូចិន ព្រោះវៀតណាមមានសហភាពសូវៀតជាបងធំនៅពីក្រោយ។
លោកថ្លែងថា អ្នកនយោបាយខ្មែរមិនគួរបិទបាំងប្រវត្តិសាស្ត្រខ្លួន ហាមមិនឲ្យរៀនប្រវត្តិសាស្ត្រពិតរបស់ខ្លួននៅវគ្គនេះទេ គួរតែចងក្រងដើម្បីឲ្យកូនខ្មែរនិង អ្នកដឹកនាំជំនាន់ក្រោយបានរៀនសូត្រនិងចៀសវៀងបញ្ហាអតីតកាលកើតឡើង សម្រាប់អ្នកជំនាន់ក្រោយទៀត ហើយបញ្ចប់ការបកស្រាយផ្ទុយគ្នាដែលនាំឲ្យ ខ្មែរបែកបាក់គ្នា៕