សកម្មភាពនៅសាលាឃុំត្រពាំងចាន់ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មិនសូវមមាញឹកនោះទេ ក្នុងរយៈពេលចុងក្រោយនេះ ក្រោយមេឃុំ សមាជិកក្រុមប្រឹក្សា២រូបមកពីគណបក្សសម រង្ស៊ីនិងមន្រ្តីជាប់កិច្ចសន្យាបីរូបត្រូវបានបញ្ចប់ការងារ។
ជំទប់ទី២គណបក្សប្រជាជនកម្ពុជាត្រូវបានតែងតាំងជាមេឃុំស្តីទី ចាប់តាំងពីថ្ងៃទី២០ ខែមីនា។
ចំណែកមន្រ្តីជាប់កិច្ចសន្យា៣នាក់ ក៏ត្រូវបានបញ្ឈប់ការងារកាលពីចុងខែមីនា បើទោះជាពួកគេមានកិច្ចសន្យាការងារត្រូវបញ្ចប់នៅចុងឆ្នាំ២០១៧ក៏ដោយ។
លិខិតបង្គាប់ការដែលចុះថ្ងៃទី២០ ខែមីនា ដោយរដ្ឋបាលស្រុកបរិបូណ៌ បានឲ្យដឹងថា សមាជិកក្រុមប្រឹក្សាឃុំត្រពាំងចាន់ ចំនួន៣រូបមកពីគណបក្សសម រង្ស៊ី បានបាត់បង់មុខតំណែង បន្ទាប់ពីពួកគេបានបោះបង់គណបក្សដើមរបស់ខ្លួន ទៅឈរឈ្មោះគណបក្សផ្សេងមួយទៀត។
ក្រោយបញ្ចប់ការងារនេះ សកម្មភាពបម្រើប្រជាពលរដ្ឋនៅសាលាឃុំមិនមានភាពសកម្ម ដូចមុននោះទេ។
អតីតមេឃុំត្រពាំងចាន់ អ្នកស្រី ស្ងួន សាមាន មានប្រសាសន៍ថា លិខិតបញ្ចប់ការងារនេះធ្វើឡើងភ្លាមៗ ដោយមិនបានជូនដំណឹងផ្ទាល់មកអ្នកស្រី ដែលធ្វើឲ្យអ្នកស្រីមិនបានផ្ទេរការងារដែលនៅសេសសល់ដល់មេឃុំថ្មី។ អ្នកស្រីចាត់ទុកចំណាត់ការនេះថា ធ្វើឲ្យខាតប្រយោជន៍របស់ប្រជាពលរដ្ឋ ដោយសារអ្នកស្រីមានឯកសារជាច្រើនដែលត្រូវចុះហត្ថលេខា។
អ្នកស្រីបានថ្លែងប្រាប់VOAថា៖ «សំខាន់បំផុតការផ្តល់សេវាគឺ អត្រានុកូលដ្ឋាន។ សំបុត្រអត្រានុកូលដ្ឋានហ្នឹងវាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋម្នាក់ៗណាស់ ហើយខ្ញុំអត់ចុះហត្ថលេខា នៅច្រើនណាស់។ ហើយចុះអត់មានផ្ទេរ អត់មានប្រគល់? ហើយចុះអាហត្ថលេខារបស់ខ្ញុំ តើអ្នកណាអ្នកចុះ»?
អ្នកស្រីបន្ថែមថា ប្រាក់ឧបត្ថម្ភប្រចាំខែមីនា ចំនួន៧៥ម៉ឺន ក៏មិនត្រូវបានបើកឲ្យអ្នកស្រីផងដែរ។ អ្នកស្រីមានប្រសាសន៍ថា៖ «សួរគេហើយ គេថាអត់បើកឲ្យ យើងសួរទៅ គេថាប្រាក់ហ្នឹងមានហើយក្នុងកុង(ធនាគារ)ហើយ ប៉ុន្តែគេអត់បើកឲ្យទេ»។
ជំទប់ទី១នៃឃុំត្រពាំងចាន់មកពីគណបក្ស សម រង្ស៊ី លោក អ៊ុំ សោម មានប្រសាសន៍ថា សមាជិកក្រុមប្រឹក្សាដែលត្រូវបានបញ្ឈប់ពីការងារ គួរទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ខែមីនា ដោយសារពួកគេបានបំពេញការងារអំឡុងពេលនោះ។
លោកបានថ្លែងប្រាប់VOAថា៖ «ក៏ប៉ុន្តែអ្វីដែលយើងសោកស្តាយ អ្វីដែលយើងធ្វើបានក្នុងខែមីនា ពាក់កណ្តាលខែ ទម្រាំតែសារាចរណ៍វាចេញ។ ហើយដល់អញ្ចឹងគាត់ផ្អាកប្រាក់ខែខ្ញុំ»។
តាមការសាកសួរ ប្រជាពលរដ្ឋបានអះអាងថា ពួកគេមិនបានដឹងពីការផ្លាស់ប្តូរមេឃុំនោះទេ។ អ្នកខ្លះបានទទួលព័ត៌មាននេះ តែពួកគេថា មិនដឹងមូលហេតុអ្វីឲ្យច្បាស់នោះទេ។
កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ប្រជាពលរដ្ឋម្នាក់ គឺអ្នកស្រី នុល សៀប បានមកសួរព័ត៌មានពីមេឃុំ ដើម្បីរៀបចំឯកសារ ឲ្យកូនទៅធ្វើការរោងចក្រ។ អ្នកស្រីមានប្រសាសន៍ថា អ្នកស្រីមិនបានដឹងថាមេឃុំត្រូវបានបញ្ឈប់ការងារទេ។
អ្នកស្រីមានប្រសាសន៍ថា៖ «អត់ដឹងទេ ឆ្ងល់ថាម៉េចគេបញ្ឈប់គាត់»។
បើតាមលិខិតចុះថ្ងៃទី៦ ខែមេសា ក្រសួងមហាផ្ទៃបានបញ្ជាក់ទៅគណបក្សសម រង្ស៊ី ថា ការសម្រេចបញ្ចប់ការងាររបស់មេឃុំនេះ គឺអនុវត្តតាមមាត្រា១៥ និងមាត្រា១៦នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលចែងថា ប្រសិនបើសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ណាម្នាក់ទៅឈរឈ្មោះនៅគណបក្សផ្សេងទៀត សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នោះ នឹងត្រូវបាត់បង់សមាជិកភាពពីគណបក្សនយោបាយដើមរបស់ខ្លួន និងបាត់បង់សមាជិកភាពពីក្រុមប្រឹក្សាឃុំ-សង្កាត់បច្ចុប្បន្នផងដែរ។
ស្របពេលដែលមានការបញ្ចប់ការងារមេឃុំ និងសមាជិកក្រុមប្រឹក្សាបក្សប្រឆាំង មន្រ្តីជាប់កិច្ចសន្យាឃុំចំនួន៣រូប ដែលបានឈរឈ្មោះឲ្យគណបក្សសង្រ្គោះជាតិសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ ក៏ត្រូវបានបញ្ចប់ការងារផងដែរ បើទោះជាកិច្ចសន្យាការងាររបស់ពួកគេ នឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។
មន្រ្តីជាប់កិច្ចសន្យាផ្នែកត្រួតពិនិត្យ និងវាយតម្លៃ លោក វ៉ាន់ ផារ៉ុន ដែលបានបម្រើការជាង២ឆ្នាំមកហើយ ចាត់ទុកការបញ្ចប់ការងារនេះថា ផ្ទុយពីកិច្ចសន្យាការងារ ហើយការបញ្ចប់នេះជារឿងនយោបាយ ដោយសារលោកបានឈរឈ្មោះឲ្យគណបក្សសង្រ្គោះជាតិ។
លោកមានប្រសាសន៍ថា៖ «មូលហេតុដែលគេបញ្ឈប់ខ្ញុំ គេគិតថាខ្ញុំចូលទៅក្នុងគណបក្សសង្រ្គោះជាតិ។ ហើយខ្ញុំគិតថាគេបញ្ឈប់ខ្ញុំនេះ គឺមិនអាចស្របទៅនឹងច្បាប់បានទេ ព្រោះកាលណាខ្ញុំបម្រើការ បើសិនជាខ្ញុំអសកម្មក្នុងការបម្រើការងារ នោះគេកោះប្រជុំ ដើម្បីបញ្ឈប់ការងារខ្ញុំ តែនេះគេបញ្ឈប់ខ្ញុំ ដោយគ្មានមូលហេតុ»។
ជំនួយការឃុំដែលជាមន្រ្តីជាប់កិច្ចសន្យាម្នាក់ទៀត លោក ឡុង រ៉ើន មានប្រសាសន៍ថា ការបញ្ឈប់នេះនឹងប៉ះពាល់ដល់ការងារមួយចំនួននៅសាលាឃុំ ជាពិសេសការងាររដ្ឋបាល និងការបំពេញឯកសារសម្រាប់ប្រជាពលរដ្ឋដែលមករកសេវាប្រចាំថ្ងៃ។ លោកចាត់ទុកការបញ្ចប់ការងារនេះ មិនស្របតាមច្បាប់នោះទេ។
លោកមានប្រសាសន៍ថា៖ «ការចេញលិខិតហ្នឹងគឺមិនត្រឹមត្រូវទេ គឺចេញត្រឹមមេឃុំស្តីទីហ្នឹងហ្មង ស្របតាមច្បាប់របស់ក្រសួងមហាផ្ទៃអីណា?»
បើតាមលិខិតបញ្ចប់ការងាររបស់មន្រ្តីជាប់កិច្ចសន្យា មេឃុំស្តីទី លោក សាំង ខាត់ មកពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងថាមន្រ្តីទាំង៣រូបនោះ មិនបានបំពេញការងារតាមកិច្ចសន្យានាពេលកន្លងមក។
លោក សាំង ខាត់ បានថ្លែងប្រាប់VOAថា ការបញ្ចប់ការងាររបស់មន្រ្តីជាប់កិច្ចសន្យា ដោយសារពួកគេមិនសកម្មនឹងការងារ ហើយមិនបានមកបំពេញការងារពេលមានការផ្លាស់ប្តូរមេឃុំ គឺមិនមែនដោយសារពួកគេឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឲ្យគណបក្សសង្រ្គោះជាតិនោះទេ។
លោកមានប្រសាសន៍ថា៖ «តាមពិតអាស្រ័យនឹងគាត់មកធ្វើការ បើគាត់អត់មកធ្វើការ ខ្ញុំត្រូវការរើសមន្រ្តីថ្មី។ បើគាត់អត់បំពេញការងារ យើងទុកគាត់ធ្វើអី។ គ្រាន់តែឮមេគាត់ឈប់ គាត់បោះបង់ការងារចោលអស់។ អត់មានអើតសាលាឃុំ។ អាហ្នឹងជារឿងមួយ អ្នកឯងបញ្ឈប់ដោយខ្លួនឯង»។
ទោះជាយ៉ាងណា មន្រ្តីជាប់កិច្ចសន្យាម្នាក់ទៀត អ្នកនាង ជ្រៃ ចាន់ធា ដែលទទួលបន្ទុកផ្នែកស្រ្តី និងកុមារ បានបដិសេធនឹងការលើកឡើងរបស់មេឃុំស្តីទីរូបនោះ ដែលថាខ្លួនមិនបានមកបំពេញការងារ។
អ្នកនាងនិយាយថា៖ «អញ្ចឹងវាមិនមែនត្រឹមត្រូវសម្រាប់ខ្ញុំទេ ព្រោះអីខ្ញុំកើតឡើងដោយមតិប្រជាពលរដ្ឋ ហើយក៏គណបក្សពីរចូលរួមដែរ មិនមែនគណបក្សមួយ គាត់សម្រេចវិនិច្ឆ័យតែម្នាក់។ ចំណាត់ការគាត់គឺអត្តនោម័តិតែខ្លួនគាត់។ និយាយរួម គាត់ចង់ធ្វើអីក៏បាន»។
មេឃុំស្តីទី សាំង ខាត់ បានថ្លែងប្រាប់VOAថា ការបញ្ចប់ការងាររបស់ក្រុមប្រឹក្សាឃុំគណបក្សសម រង្ស៊ី និងការតែងតាំងរូបលោកជាមេឃុំស្តីទី ជាសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ។ លោកបន្ថែមថាការបញ្ចប់ការងាររបស់មន្រ្តីក្រុមប្រឹក្សាទាំងនោះ មិនប៉ះពាល់ការងារធំដុំនោះទេ ហើយនេះគ្រាន់តែក្នុងរយៈពេលមួយតែប៉ុណ្ណោះ គឺរង់ចាំរហូតដល់ក្រោយថ្ងៃបោះឆ្នោតឃុំ-សង្កាត់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
មេឃុំស្តីទីរូបនោះបានឲ្យដឹងទៀតថាចំពោះការមិនបើកប្រាក់ឧបត្ថម្ភប្រចាំខែមីនា ក៏ជាសេចក្តីសម្រេចរបស់រដ្ឋាភិបាល តែលោកថាពួកគេគួរតែទទួលបានប្រាក់ឧបត្ថម្ភទាំងនោះ។
លោកមានប្រសាសន៍ថា៖ «អាហ្នឹងបើតាមគំនិតខ្ញុំ ខ្ញុំថាគួរតែផ្តល់។ មិនមែនតែគាត់ម្នាក់ទេ ក្រុមប្រឹក្សាទាំងអស់គួរតែផ្តល់។ ប៉ុន្តែបើរាជរដ្ឋាភិបាលអត់ផ្តល់ឲ្យ នរណាហ៊ានបានលុយហ្នឹង»។
អភិបាលស្រុកបរិបូណ៍ លោក ឃួន សៅរុំ បានថ្លែងប្រាប់VOAថា ការសម្រេចផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ខែមីនាទៅដល់ក្រុមប្រឹក្សាឃុំ-សង្កាត់បក្សប្រឆាំង ផ្អែកតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ និងរដ្ឋាភិបាល ដែលហួសពីការសម្រេចរបស់លោក។ លោកបន្ថែមថា មេឃុំស្តីទីមិនអាចបញ្ឈប់ការងាររបស់មន្រ្តីជាប់កិច្ចសន្យាបាននោះទេ ហើយលោកថាលោកនឹងអន្តរាគមន៍ករណីនេះ។
លោកមានប្រសាសន៍ថា៖ «គាត់អត់មានសិទ្ធិសម្រេចទេ កិច្ចការហ្នឹងទេ។ មេឃុំស្តីទីនេះ គាត់ជាយន្តការដឹកនាំបំពេញការងាររដ្ឋបាល ខ្លាចលោបងប្អូនមករកសំបុត្រស្នាមអីទេ។ គាត់រាល់ថ្ងៃអត់គ្រប់កូរ៉ុម(ក្រុមប្រឹក្សាចំនួន៥នាក់)អញ្ចឹងគាត់មិនអាចបញ្ឈប់គាត់បានទេ។ គាត់មកធ្វើការធម្មតា»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួងមិនអាចសម្រេចបើកប្រាក់ឧបត្ថម្ភសម្រាប់ក្រុមប្រឹក្សាគណបក្សប្រឆាំងដែលបានបញ្ចប់ការងារនោះទេ ដោយសារគណបក្សមិនបានជ្រើសរើសមនុស្សថ្មីមកទទួលការងាររបស់មេឃុំ នៅពេលដឹងថា ក្រសួងនឹងបញ្ចប់តំណែងមេឃុំទាំងនោះ។
លោកបន្ថែមថាការបញ្ចប់ការងារនេះ មិនប៉ះពាល់ដល់ការផ្តល់សេវានៅសាលាឃុំនោះទេដោយសារក្នុងឃុំនីមួយៗ ក្រុមប្រឹក្សាផ្សេងអាចទទួលការងារជំនួសបាន។
លោកមានប្រសាសន៍ថា៖ «ឃុំនីមួយៗ គាត់មានអ្នកបារម្ភជំនួសគាត់ហើយ បាត់គាត់ ក៏មិនមែនឃុំហ្នឹងមិនដំណើរការទេ។ គាត់មិនមែនជាបុគ្គលដែលសំខាន់បំផុតទេ ក្រុមប្រឹក្សាឃុំដទៃទៀត គេធ្វើការបានទេ»។
ក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រច្រើន រហូតដល់៨.២៩២អាសនៈក្នុងចំណោមអាសនៈក្រុមប្រឹក្សាចំនួន១១.៤៥៩ និងទទួលបានតំណែងមេឃុំ-ចៅសង្កាត់ចំនួន១.៥៩២ក្នុងចំណោមឃុំសង្កាត់ទាំង១.៦៣៣។
គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ទទួលបានអាសនៈក្រុមប្រឹក្សាសរុបចំនួន២.៩៥៥ និងតំណែងមេឃុំចៅសង្កាត់តែចំនួន៤០ប៉ុណ្ណោះ៕