ការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីសហរដ្ឋអាមេរិកនឹងធ្វើឡើងនៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខ។ នៅក្នុងការបោះឆ្នោតលើកនេះ ការស្ទង់មតិនានាបានបង្ហាញថា អ្នកបោះឆ្នោតមានចំណាប់អារម្មណ៍លើបញ្ហាសំខាន់ៗមួយចំនួនដូចជាបញ្ហាសេដ្ឋកិច្ច ឧក្រិដ្ឋកម្ម លទ្ធិប្រជាធិបតេយ្យ អន្តោប្រវេសន៍ សិទ្ធិរំលូតកូន និងបញ្ហាផ្សេងៗទៀត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ដោយសារតម្លៃទំនិញឡើងថ្លៃ ហើយអតិផរណាខ្ពស់រហូតដល់ទៅ ៨,២% អ្នកមានសិទ្ធិបោះឆ្នោតដែលបានចូលរួមនៅក្នុងការស្ទង់មតិស្ទើរតែទាំងអស់បានបញ្ជាក់ថា បញ្ហាសេដ្ឋកិច្ចគឺជាបញ្ហាអាទិភាពកំពូល។
អ្នកចូលរួមនៅក្នុងការស្ទង់មតិកាលពីខែកញ្ញារបស់សាកលវិទ្យាល័យ Monmouth ដែលចាត់ទុកបញ្ហាអតិផរណាថាជាបញ្ហាចម្បងបំផុតបានកើនពី ៣៧% ទៅ ៤៦%។
នៅក្នុងការស្ទង់មតិរបស់មជ្ឈមណ្ឌលសិក្សានយោបាយអាមេរិករបស់សាកលវិទ្យាល័យ Harvard (Harvard CAPS/Harris Poll) ដែលស្ទង់មតិលើអ្នកចុះឈ្មោះបោះឆ្នោតប្រហែល ២.០០០ នាក់ បានបង្ហាញថា អ្នកចូលរួមនៅក្នុងការស្ទង់មតិនេះចំនួន ៤៨% ថា អតិផរណាគឺជាមូលហេតុដែលទំនងជាធ្វើឱ្យពួកគេបោះឆ្នោតឱ្យគណបក្សសាធារណរដ្ឋ រីឯចំនួន ៣៦% ថាជាមូលហេតុដែលជំរុញឱ្យពួកគេបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យ។
ទាក់ទិននឹងបញ្ហាឧក្រិដ្ឋកម្ម ទិន្នន័យរបស់ទីភ្នាក់ងារសហព័ន្ធស៊ើបអង្កេត (FBI) បានបង្ហាញថា ឧក្រិដ្ឋកម្មហិង្សាជាទូទៅបានកើនឡើង ២៨% ពីចំនួន ៦៤០.៨៣៦ ករណីនៅក្នុងឆ្នាំ ២០២០ ទៅចំនួន ៨១៧.០២០ ករណីនៅក្នុងឆ្នាំ ២០២១។
អ្នកមានសិទ្ធិបោះឆ្នោតជាង ៧៥% ដែលបានចូលរួមនៅក្នុងការស្ទង់មតិរបស់ Politico/Morning Consult បាននិយាយថា ឧក្រិដ្ឋកម្មហិង្សាគឺជាបញ្ហាសំខាន់។ រីឯការស្ទង់មតិរបស់ទូរទស្សន៍ Fox News ក៏បានបង្ហាញលទ្ធផលស្រដៀងគ្នានេះផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាលទ្ធិប្រជាធិបតេយ្យ អ្នកមានសិទ្ធិបោះឆ្នោតជិត ៧៥% ជឿថា លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកកំពុងមានគ្រោះថ្នាក់ ប៉ុន្តែក្ដីបារម្ភរបស់ពួកគេគឺផ្ដោតខ្លាំងលើអំពើពុករលួយតាមស្ថាប័ន ដែលជាអំពើពុករលួយកម្រិតទាបដែលប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណជនលើការិយាធិបតេយ្យ។ នេះបើយោងតាមការស្ទង់មតិរួមគ្នាកាលពីពេលថ្មីៗនេះរបស់កាសែត New York Times និងមហាវិទ្យាល័យ Siena (New York Times/Siena College Poll)។
សម្រាប់បញ្ហាអន្តោប្រវេសន៍វិញ ការស្ទង់មតិរបស់សាកលវិទ្យាល័យ Monmouth កាលពីខែកញ្ញាបានបង្ហាញថា ពលរដ្ឋអាមេរិកាំង ៣១% ពេញចិត្តនឹងកិច្ចការដែលលោកប្រធានាធិបតី Joe Biden ធ្វើលើបញ្ហានេះ ចំណែកឯ ៦៣% វិញមិនពេញចិត្ត។
ទាក់ទិននឹងបញ្ហាសិទ្ធិរំលូតកូន ការស្ទង់មតិរបស់មជ្ឈមណ្ឌលសិក្សានយោបាយអាមេរិករបស់សាកលវិទ្យាល័យ Harvard (Harvard CAPS/Harris Poll) បានបង្ហាញថា អ្នកចូលរួមនៅក្នុងការស្ទង់មតិនេះចំនួន ៤១% បាននិយាយថា បញ្ហានេះទំនងជាបញ្ហាដែលជំរុញឱ្យពួកគេបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យ រីឯចំនួន ៣៨% វិញថា ពួកគេនឹងបោះឆ្នោតឱ្យគណបក្សសាធារណរដ្ឋ។
ក្រៅពីបញ្ហាខាងលើដែលអ្នកបោះឆ្នោតចាត់ទុកថាសំខាន់សម្រាប់ពួកគេ ការស្ទង់មតិទាំងនោះបានបង្ហាញថា នៅមានបញ្ហាមួយចំនួនទៀតដែលអ្នកបោះឆ្នោតចាប់អារម្មណ៍ខ្លះដែរ ដែលមានដូចជាបញ្ហាវិសមភាពជាតិសាសន៍ បញ្ហាគ្រប់គ្រងកាំភ្លើង និងវិបត្តិអាកាសធាតុជាដើម៕
តើបញ្ហាអ្វីខ្លះដែលអ្នកបោះឆ្នោតចាប់អារម្មណ៍សម្រាប់ការបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅឆ្នាំនេះ?
វ៉ាស៊ីនតោន —