ស្ថាបនិកកម្មវិធីទំនាក់ទំនងថ្មី CoolApp លោក លឹម ជាវុត្ថា បានចេញមុខការពារកម្មវិធីទំនាក់ទំនងរបស់ខ្លួនក្រោយមានការរិះគន់ពីអតីតមេដឹកនាំគណបក្សជំទាស់ដែលភៀសខ្លួនទៅក្រៅប្រទេស ពាក់ព័ន្ធនឹងការគ្រប់គ្រងទិន្នន័យឯកជនភាព និងថាជាកម្មវិធីដែលនឹងចូលប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់ឱ្យរដ្ឋាភិបាល។
បើតាមសារដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់អតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកាលពីថ្ងៃទី៣០ ខែមិថុនា លោក លឹម ជាវុត្ថា អគ្គនាយក CoolApp និងជាអគ្គនាយកអង្គភាពសារព័ត៌មាន Fresh News បានឆ្លើយតបអំពីការរិះគន់លើកម្មវិធីទំនាក់ទំនង CoolApp របស់អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងគ្នីគ្នារបស់លោកថា មិនបានសិក្សាស្វែងយល់ពីកម្មវិធី CoolApp ហើយថាកម្មវិធីនេះមិនត្រូវបានបង្កើតឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នោះទេ។
សំណេរដដែលរបស់លោក លឹម ជាវុត្ថា បន្តថា កម្មវិធីទំនាក់ទំនង CoolApp បានប្រើប្រាស់ប្រព័ន្ធរក្សាការសម្ងាត់ជាកូដ (Encryption) ដូច WhatsApp និង Telegram ដែលមិនអាចមានជនណាម្នាក់ចូលមើលបានឡើយ សូម្បីតែម្ចាស់ក្រុមហ៊ុន។ CoolApp មិនរក្សាទិន្នន័យរបស់អ្នកប្រើប្រាស់នោះទេ គឺទិន្នន័យរក្សានៅលើទូរសព្ទ និងកុំព្យូរទ័ររៀងៗខ្លួនរបស់អ្នកប្រើ។
លោកបានផ្តល់សេចក្តីពន្យល់ថា ការមិនរក្សាទិន្នន័យគឺមានហេតុផលច្បាស់លាស់២យ៉ាងទី១ បង្ហាញពីទំនុកចិត្តកាន់តែច្បាស់ដល់អ្នកប្រើ និងទី២គឺមិនចាំបាច់ចំណាយលុយរាប់សិបលានដុល្លារ ដើម្បីសង់ Data Center [កន្លែងផ្ទុកទិន្នន័យ] ដើម្បីស្តុកទិន្នន័យរបស់អ្នកប្រើប្រាស់រាប់លាននាក់នោះទេ។
លោក លឹម ជាវុត្ថាបញ្ជាក់នៅក្នុងសំណេរដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ថា៖ «CoolApp មិនមែនបង្កើតឡើងដើម្បីប្រមូលទិន្នន័យឱ្យរដ្ឋាភិបាលនោះទេ ហើយក៏គ្មានទិន្នន័យឱ្យនោះដែរ ព្រោះនៅលើអ្នកប្រើទាំងអស់។ អ្នកទាំង ៣ គួរពិចារណាលើកទឹកចិត្តដល់អ្នកបង្កើត ដើម្បីបង្ហាញស្នាដៃខ្មែរដល់អន្តរជាតិ ដែលប្រទេសគេមានកម្មវិធីបែបនេះច្រើនប្រទេសលើពិភពលោក។
មួយម៉ាត់ណាក៏អ្នកទាំង ៣ អួតពីប្រទេសគេ ខ្ញុំសូមសួរត្រឡប់ទៅវិញថា ចុះប្រសិនបើ WhatsApp Telegram របស់បរទេសទាំងនោះបិទ ឬក៏គាំង តើប្រជាជនខ្មែរមានអ្វីប្រើ វានឹងបង្កចលាចលពេញប្រទេស ចំណែកអ្នកទាំង ៣ ប្រាកដណាស់មិនខ្វល់ទេ ព្រោះកំពុងរស់នៅប្រទេសគេស្រាប់»។
កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងកម្មវិធីវេទិកាសំឡេងសង្គ្រោះជាតិ អតីតមេដឹកនាំគណបក្សជំទាស់លោក សម រង្ស៊ី លើកឡើងថា អតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន បង្កើតកម្មវិធីទំនាក់ទំនង CoolApp នេះឡើងគឺដូចទៅនឹងប្រទេសចិនដែលមានប្រព័ន្ធទំនាក់ទំនងសង្គមរបស់ខ្លួនឈ្មោះថា WeChat ដែលតម្រូវឱ្យប្រជាជនចិនទាំងអស់ត្រូវប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងមួយនេះ។ លោក សម រង្ស៊ីថា ការអំពាវនាវពីលោក ហ៊ុន សែន ឱ្យប្រជាពលរដ្ឋប្រើប្រាស់កម្មវិធីទំនាក់ទំនង CoolApp នេះ គឺដើម្បីឱ្យរដ្ឋាភិបាលរបស់លោកងាយស្រួលចូលស្តាប់ និងមើលសារដែលអ្នកប្រើប្រាស់បានឆ្លើយឆ្លងគ្នាទៅវិញទៅមក។
លោក សម រង្ស៊ី ថ្លែងថា៖ «អ៊ីចឹងហើយបានហ៊ុន សែន គាត់មានគំនិតអាក្រក់មួយគាត់ថាត្រូវធ្វើដូចចិនកុម្មុយនិស្ត ត្រូវរៀបចំកម្មវិធីមួយដែលគាត់ហៅថា CoolApp ធ្វើដូចចិនកុម្មុយនិស្តអ៊ីចឹង ដែលគាត់អាចលួចចូលមើល លួចស្តាប់ប្រជាពលរដ្ឋដែលឆ្លើយឆ្លងគ្នាដោយប្រើកម្មវិធីហ្នឹង។ អ៊ីចឹងបានខ្ញុំសូមអំពាវនាវឱ្យបងប្អូនជនរួមជាតិកុំជឿការភូតភររបស់ហ៊ុន សែន កុំជឿការបោករបស់ហ៊ុន សែន ហើយគាត់ចង់បង្ខំឱ្យពលរដ្ឋគាត់ចាប់ផ្តើមពីមន្រ្តីរាជការដែលក្រោមឱវាទរបស់គាត់គឺគេបង្ខំថាកុំប្រើ WhatsApp ទៀតព្រោះអី WhatsApp ហ្នឹងរបស់អាមេរិកាំង គាត់លួចចូលមើលចូលស្តាប់អត់បាន»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក លឹម ជាវុត្ថា អគ្គនាយក CoolApp និងជាអគ្គនាយកអង្គភាពសារព័ត៌មាន Fresh News បានទេ ដោយទូរសព្ទរោទិ៍ ប៉ុន្តែមិនមានអ្នកទទួល។
ទិន្នន័យលើគេហទំព័រ Datareportal ក្នុងឆ្នាំ ២០២៣ បង្ហាញថា ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រមាណជា ៦៥% នៃប្រជាជនសរុប ហើយហ្វេសប៊ុកជាបណ្តាញសង្គមមួយ ដែលប្រជាជនកម្ពុជាប្រើប្រាស់ច្រើនជាងគេ ដោយមានជាង ៩០% នៃអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់។
យ៉ាងណាមិញ អ្នកជំនាញលើសុវត្ថិភាពឌីជីថលជំរុញឱ្យអ្នកប្រើប្រាស់ទាំងអស់មានការសិក្សាឱ្យបានច្បាស់លាស់មុននឹងសម្រេចប្រើប្រាស់នូវកម្មវិធីទំនាក់ទំនងណាមួយ ដើម្បីចៀសវាងការបាត់បង់ទិន្នន័យ និងបង្កផលប៉ះពាល់ជាអវិជ្ជមានណាមួយនៅក្នុងប្រព័ន្ធអនឡាញ។
លោក ជី សុផាត អ្នកស្រាវជ្រាវលើវិស័យបច្ចេកវិទ្យា និងជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ប្រាប់វីអូអេថា អ្នកប្រើប្រាស់តែងតែរំពឹងទៅលើអ្នកបង្កើតកម្មវិធីទំនាក់ទំនងថាតើអាចគ្រប់គ្រង និងអាចរក្សាសុវត្ថិភាពទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់បានក្នុងកម្រិតណា។ លោកបន្តថា ជាទូទៅក្រុមហ៊ុនកម្មវិធីទំនាក់ទំនងតែងតែមានកន្លែងរក្សាទុកទិន្នន័យអ្នកប្រើប្រាស់ ឬ Data Center ដែលអាចធានាថាទិន្នន័យទាំងអស់ត្រូវបានរក្សាការសម្ងត់។
លោកថ្លែងថា៖ «ជាទូទៅការ hack [វាយប្រហារ] នៅក្នុង system [ប្រព័ន្ធ] ឬក៏វាយប្រហារនៅក្នុង system វាកម្រឃើញមានរូបភាពនេះកើតឡើងណាស់អាចថាជាចន្លោះប្រហោងរបស់កម្មវិធីទាំងអស់ហ្នឹង ហើយវាស៊ីសងទៅលើអ្នកអភិវឌ្ឍកម្មវិធីទាំងអស់ហ្នឹង»។
លោក ឡាំ សុជាតិ នាយកប្រតិបត្តិនៃវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ លើកឡើងថា អ្នកប្រើប្រាស់គួរសិក្សាអំពីក្រុមហ៊ុនដែលបង្កើតកម្មវិធីទាំងនោះ និងគួរយល់ដឹងពីកម្រិតឯករាជ្យភាពរបស់ស្ថាប័ន។ ប្រសិនបើក្រុមហ៊ុនឬស្ថាប័នដែលផលិតបណ្តាញសង្គមនោះជារបស់រដ្ឋាភិបាល ដូច្នេះវាអាចជាឧបករណ៍មួយដែលរដ្ឋាភិបាលអាចដឹងព័ត៌មានពីអ្នកប្រើប្រាស់ដោយងាយស្រួល។
ទោះជាយ៉ាងណា លោកថា ការបង្កើតឱ្យមានកម្មវិធីទំនាក់ទំនងថ្មីដែលជារបស់ខ្មែរជារឿងល្អ ប៉ុន្តែអ្វីដែលលោកព្រួយបារម្ភនោះ ថាតើកម្មវិធីទំនាក់ទំនង CoolApp នេះអាចការពារទិន្នន័យ និងឯកជនភាពរបស់អ្នកប្រើប្រាស់បានកម្រិតណា។
លោកថ្លែងថា៖ «ខ្ញុំគិតថា នៅក្នុងកាលៈទេសៈនេះ យើងលើកទឹកចិត្តឱ្យមានរបស់ប្រទេស ប៉ុន្តែយើងចៀសមិនផុតពីការព្រួយបារម្ភរឿងសុវត្ថិភាព ឯកសារផ្ទាល់ខ្លួន ទិន្នន័យផ្ទាល់ខ្លួន ឬក៏ការយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅប្រើក្នុងមុខងារផ្សេង អ៊ីចឹងវាអាចដល់ពេលមានបញ្ហាយើងអត់ដឹងមានច្បាប់អីច្បាស់លាស់លម្អិតក្នុងការការពារសិទ្ធិ និងការទទួលបានព័ត៌មាន ឬការគ្រប់គ្រងបានល្អវាអាចថានៅមានភាពក្មេងខ្ចីនៅឡើយ»។
លោកយល់ថា កម្ពុជាមិនទាន់មានច្បាប់ការពារទិន្នន័យ សុវត្ថិភាពឌីជីថល ច្បាប់ទាក់ទងឧក្រិដ្ឋកម្មអ៊ីនធឺណិត (cyber crime) និងច្បាប់ទទួលបានព័ត៌មាននៅឡើយ។ លោកក៏សង្ឃឹមថា រដ្ឋាភិបាលនឹងបង្កើតឱ្យមានច្បាប់ការពារទិន្នន័យអ្នកប្រើប្រាស់ឱ្យបានពេញលេញ ដូចជាការបង្កើតឱ្យមានច្បាប់ដែលមានស្តង់ដារជាអន្តរជាតិក្នុងការការពារសុវត្ថិភាពអ្នកប្រើប្រាស់អ៊ីនធឺណិត និងការការពារទិន្នន័យរបស់អ្នកប្រើប្រាស់។
ស្របពេលជាមួយគ្នានេះ រដ្ឋសភាកម្ពុជាកាលពីថ្ងៃទី ២៦ ខែមិថុនា ក៏បានចេញសេចក្តីប្រកាសមួយដោយគំាទ្រ និងលើកទឹកចិត្តឱ្យមានការប្រើប្រាស់កម្មវិធីទំនាក់ទំនង CoolApp។ រដ្ឋសភាកម្ពុជាបញ្ជាក់ថា CoolApp ប្រើបច្ចេកវិទ្យាទំនើប និងមានការច្នៃប្រឌិតខ្ពស់ មានប្រយោជន៍សម្រាប់ទំនាក់ ទំនងក្នុងការងារប្រចាំថ្ងៃរបស់មន្ត្រីរាជការ និងទំនាក់ទំនងរវាងគ្នានិងគ្នារបស់ប្រជាពលរដ្ឋទូទៅប្រកបដោយភាពងាយស្រួល រហ័សទាន់ចិត្ត និងសុវត្ថិភាព។
បច្ចេកវិទ្យាជាអាទិភាពគន្លឹះមួយរបស់រដ្ឋសភា ជាពិសេសរបស់រដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានផ្តោតលើ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្នុងនោះការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថលគឺជាការងារស្នូល។
កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២៤ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏កំពុងពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ (Cybersecurity Law) ដែលច្បាប់នេះកំណត់អំពីវិធាន និងយន្តការគ្រប់គ្រងហានិភ័យសន្តិសុខសាយប័រ ដើម្បីការពារលំហសាយប័រនៅកម្ពុជា ក្នុងគោលបំណងកសាងទំនុកចិត្តនិងភាពជឿជាក់លើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដែលគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះអង្គភាពហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់និងបុគ្គលពាក់ព័ន្ធ ដែលមានទាំងវិស័យសាធារណៈនិងឯកជន។ ប៉ុន្តែអ្នកជំនាញធ្លាប់បានវិភាគថាសេចក្តីព្រាងច្បាប់នេះប៉ះពាល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ សិទ្ធិឯកជនភាព និងបារម្ភអំពីការចែងមិនច្បាស់មួយចំនួនដែលនឹងប៉ះពាល់ដល់អង្គការសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយ។
ក្រៅពីសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ រដ្ឋាភិបាលកម្ពុជាក៏កំពុងតែពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសតាមបច្ចេកវិទ្យាព័ត៌មាន និងការការពារទិន្នន័យឯកជន។ អ្នកជំនាញបានរិះគន់សេចក្តីព្រាងច្បាប់ទាំងនេះថាមិនទាន់ស្របតាមស្តង់ដារអន្តរជាតិនៅឡើយទេ។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២០ រដ្ឋាភិបាលកម្ពុជាក៏បានអនុម័តអនុក្រឹត្យស្តីពី«ការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ» ខណៈមានការព្រួយបារម្ភអំពីការផ្តល់សិទ្ធិអំណាចទូលំទូលាយដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងទិន្នន័យលើប្រព័ន្ធអ៊ីនធឺណិត។ ប្រសិនបើដំណើរការពេញលេញ ច្រកទ្វារអ៊ីនធឺណិតជាតិថ្មីរបស់កម្ពុជានឹងបញ្ជូនចរាចរណ៍អ៊ីនធឺណិតទាំងអស់តាមច្រកតែមួយដែលគ្រប់គ្រងដោយរដ្ឋាភិបាល។
ប៉ុន្តែរដ្ឋាភិបាលបានពន្យារពេលអនុវត្ត ដោយមិនកំណត់ ខណៈមានការលើកឡើងថារដ្ឋាភិបាលត្រូវចំណាយថវិកាច្រើនសម្រាប់ការបង្កើតច្រកទ្វារនេះ៕