ទោះបីជាជាង៣០ឆ្នាំបានកន្លងផុតទៅ ស្រមោលអតីតកាលនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហមមិនត្រឹមតែប៉ះពាល់សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់ជនរងគ្រោះ និងអ្នកនៅរស់រានមានជីវិត ដែលភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេ តែថែមទាំងបង្កផលប៉ះពាល់ដល់កូន និងចៅរបស់ពួកគេផងដែរ។
ក្នុងរវាងទសវត្សរ៍១៩៧០ និង១៩៨០ ជនភៀសខ្លួនខ្មែរប្រមាណ១០ម៉ឺននាក់ត្រូវបានទទួលយកជាជនភៀសខ្លួន ឲ្យមកតាំងទីលំនៅថ្មីនៅសហរដ្ឋអាមេរិក។ របាយការណ៍ជាបន្តបន្ទាប់បានឲ្យដឹងថា ស្ថានភាពរស់នៅប្រចាំថ្ងៃរបស់អតីតជនភៀសខ្លួនមួយចំនួន និងកូនៗរបស់ពួកគេ បន្តប្រឈមនឹងភាពក្រីក្រ បញ្ហាសុខភាពផ្លូវចិត្ត និងភាពឯកោក្នុងសង្គម។
បទពិសោធន៍របស់ Jennifer ka ដែលមានឪពុកម្តាយជាជនភៀសខ្លួនខ្មែរ ឆ្លុះបង្ហាញពីបញ្ហាទាំងអស់នេះ។ Jennifer បានឲ្យដឹងថា កាលពីក្មេង នាងមិនយល់ហេតុអ្វីបានជាឪពុករបស់នាងតែងតែខឹង មិនសប្បាយចិត្ត និងមិនអាចស្រឡាញ់កូនៗបាន។
«ខ្ញុំឈឺចាប់ នៅពេលដែលខ្ញុំចង់ស្នីទស្នាលជាមួយគាត់ តែគាត់មិនអាចធ្វើបាន ហើយខ្ញុំក៏មិនដឹងថា មានរឿងអ្វីខ្លះដែលបានកើតឡើងចំពោះគាត់នៅក្នុងអំឡុងរបបខ្មែរក្រហមដែរ»។
នាងបានបន្ថែមទៀតថា ភាពក្រីក្រគឺជាបញ្ហាដ៏ចម្បងបំផុតដែលកើតឡើងនៅក្នុងគ្រួសាររបស់នាង។ នាងថា៖ «មានបញ្ហាខាងផ្លូវអារម្មណ៍ច្រើន ដោយសារយើងមិនយល់ពីគ្នាទៅវិញទៅមក ហើយម្យ៉ាងទៀតភាពក្រីក្រធ្វើឲ្យយើងព្រួយបារម្ភជារៀងរាល់ថ្ងៃ ការណ៍ដែលយើងមិនមានគ្រប់គ្រាន់»។
ការកាត់ផ្តាច់ទំនាក់ទំនង
យោងតាមការបកស្រាយរបស់លោកស្រី Mary Scully នាយិកាខាងគម្រោងនៃអង្គការគាំពារសុខភាពខ្មែរប្រចាំនៅរដ្ឋ Connecticut គួ្រសារខ្មែរដែលរស់នៅសហរដ្ឋអាមេរិកជាច្រើនគ្រួសារ បានជួបនឹងបញ្ហាខ្វះការទាក់ទងគ្នាជាមួយនឹងកូនៗ និងចៅរបស់ពួកគេ ដោយសារតែភាពតានតឹងផ្លូវចិត្ត ដែលបានបន្សល់ពីរបបខ្មែរក្រហម។
«៦០ភាគរយនៃឪពុកម្តាយ ដែលបានឆ្លងកាត់របបខ្មែរក្រហម ជួបបញ្ហាសុខភាពផ្លូវចិត្តក្នុងកម្រិតខុសៗគ្នា។ បើសិនជាពួកគេរំឭកពីអតីតកាល ហើយមានអារម្មណ៍ស្មុគស្មាញ នោះពួកគេមិនចង់ទាក់ទងជាមួយនឹងកូនៗរបស់ពួកគេទេ។ ហើយការណ៍នេះអាចធ្វើឲ្យក្មេងៗជំនាន់ក្រោយដែលកើតនៅសហរដ្ឋអាមេរិកមានភាពច្របូកច្របល់។
លោកស្រី Mary Scully បានធ្វើការងារខាងកិច្ចការសង្គមកិច្ចជួយដល់ពលរដ្ឋខ្មែរទាំងនៅជំរុំក្នុងអំឡុងទសវត្សរ៍១៩៨០ និងនៅសហរដ្ឋអាមេរិករហូតមកដល់បច្ចុប្បន្ននេះ អស់រយៈពេលជាង៣៥ឆ្នាំមកហើយ។
លោកស្រីបានពន្យល់បន្តទៀតថា បញ្ហាខ្វះការទាក់ទងនេះអាចបង្កផលប៉ះពាល់ខាងសតិអារម្មណ៍ដល់ក្មេងៗជំនាន់ក្រោយផងដែរ។ លោកស្រីថា៖ «កូនៗរបស់ខ្មែរអាមេរិកាំងយល់ថា ឪពុកម្តាយរបស់ពួកគេមិនចង់ជិតស្និតជាមួយពួកគេ ដោយយល់ថា ពួកគេជាមនុស្សមិនល្អ។ តាមពិតទៅ កូនៗរបស់ជនភៀសខ្លួនខ្មែរនៅសហរដ្ឋអាមេរិកបារម្ភពីឪពុកម្តាយរបស់ពួកគេ ហើយក្តីបារម្ភទាំងនោះបានធ្វើឲ្យពួកគេមិនសប្បាយចិត្ត ហើយចង់ចាកចេញឆ្ងាយពីឪពុកម្តាយទៅវិញ»។
ចាប់តាំងពីទសវត្សរ៍១៩៩០មក លោកស្រី Mary Scully និងសកម្មជនខ្មែរអាមេរិកាំង និងអាមេរិកាំងមួយចំនួន បានធ្វើការស្រាវជ្រាវជាច្រើនអំពីសុខភាពផ្លូវចិត្តក្នុងសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក។ ការស្រាវជ្រាវទាំងនោះបានបង្ហាញថា ផលប៉ះពាល់នៃសុខភាពផ្លូវចិត្ត អាចបណ្តាលឲ្យមានជំងឺរុំារ៉ៃជាច្រើនដល់ជនភៀសខ្លួនខ្មែរនៅសហរដ្ឋអាមេរិក។
ជាមធ្យម ពលរដ្ឋខ្មែរអាមេរិកាំងមានជំងឺទឹកនោមផ្អែមប្រភេទទី២ ក្នុងអត្រាទ្វេរដង បើធៀបនឹងពលរដ្ឋអាមេរិកាំង និងមានជំងឺតានតឹងផ្លូវចិត្តក្នុងអត្រា៧ដងខ្ពស់ជាងពលរដ្ឋអាមេរិកាំងធម្មតា និងមានជំងឺបាក់ស្បាត ឬជំងឺបាក់ទឹកចិត្តក្នុងអត្រា១៥ដងខ្ពស់ជាងពលរដ្ឋអាមេរិកាំងជាមធ្យម។
លោកស្រី Mary Scully បានបញ្ជាក់ថា៖ «យើងបានមើលឃើញបញ្ហាសុខភាពផ្លូវចិត្តនៅក្នុងសហគមន៍ខ្មែរតាំងពីដំបូងមកម្ល៉េះ។ ពួកគេមួយចំនួនធំ ចេះតែឈឺក្បាល យល់សុបិនអាក្រក់ និងមានអារម្មណ៍ច្របូកច្របល់។ ខណៈដែលពេលវេលាចេះតែកន្លងផុតទៅ យើងនៅតែឃើញបញ្ហាទាំងនេះដដែល»។
ក៏ប៉ុន្តែ ជំនួយខាងបញ្ហាសុខភាពផ្លូវចិត្តនេះមិនដែលទទួលបានគ្រប់គ្រាន់ទេនៅក្នុងសហគមន៍។
លោកស្រីថា៖ «រដ្ឋាភិបាលយើងបានដឹងពីបញ្ហារបស់ជនភៀសខ្លួនខ្មែរ ហើយក៏បានដឹងថា ពួកគេត្រូវការជំនួយច្រើនណាស់ ក៏ប៉ុន្តែ រដ្ឋាភិបាលយើងមិនបានផ្តល់ជំនួយទាំងនោះឲ្យគ្រប់គ្រាន់នោះទេ»។
បញ្ហាដែលបានកើតមានឡើងក្នុងសហគមន៍ពលរដ្ឋខ្មែរ កាន់តែមានស្ថានភាពយ៉ាប់យ៉ឺន នៅឆ្នាំ១៩៩៦ នៅពេលដែលសភាអាមេរិកបានកែទម្រង់គោលនយោបាយខាងសុខមាលភាពសង្គម ដែលបានកាត់បន្ថយជំនួយ ដូចជាខាងរបបម្ហូបអាហារ ផ្ទះសម្បែង និងផលប្រយោជន៍ផ្សេងៗទៀតរបស់ជនភៀសខ្លួន ដែលមិនមែនជាពលរដ្ឋអាមេរិកាំងពេញសិទ្ធិ។
លោកស្រី Mary Scully បានបញ្ជាក់ថា នៅពេលនោះអង្គការតាមសហគមន៍នៅសហរដ្ឋអាមេរិកជាច្រើនបានសម្រេចចិត្តផ្លាស់ប្តូរកិច្ចការចម្បងរបស់ខ្លួន ដែលផ្តោតលើការអភិវឌ្ឍខាងសេដ្ឋកិច្ច មកផ្តល់ជំនួយដល់ជនភៀសខ្លួនឲ្យបានដាក់សំណុំឯកសារសុំសិទ្ធិជាពលរដ្ឋអាមេរិកាំងវិញ។ មុនកំណែទម្រង់នេះ អង្គការតាមសហគមន៍ដែលជួយជនភៀសខ្លួនមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍មានចំនួនប្រមាណ១០០អង្គការ ក៏ប៉ុន្តែ សព្វថ្ងៃនេះមានអង្គការតែចំនួន៥ប៉ុណ្ណោះទូទាំងសហរដ្ឋអាមេរិក ដែលបន្តជួយដល់សហគមន៍ទាំងនេះ។
លោកស្រី Mary Scully បានលើកឡើងថា៖ «កាលនោះ យើងទទួលបានការហៅទូរស័ព្ទមកទាំងពាក់កណ្តាលយប់ពីជនភៀសខ្លួនទាំងនេះ ហើយពួកគេនិយាយថា បើពួកគេមិនមានរបបម្ហូបអាហារ និងផ្ទះសម្បែង នោះពួកគេមិនអាចរស់បានទេ ហើយពួកគេមិនអាចឆ្លងកាត់បទពិសោធន៍បែបនេះម្តងទៀតទេ។ ហើយមន្ត្រីតាក់តែងច្បាប់ មិនដឹងពីផលប៉ះពាល់នៃកំណែទម្រង់គោលនយោបាយនោះមកលើសហគមន៍ទាំងនេះទេ»។
ខណៈដែលរដ្ឋាភិបាលអាមេរិកបន្តមិនយកចិត្តទុកដាក់លើបញ្ហាទាំងនេះដែលកើតមានក្នុងសហគមន៍ខ្មែរអាមេរិកាំងនេះ លោកស្រីបានបញ្ជាក់ថា៖ «ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនធំដែលឆ្លងកាត់របបខ្មែរក្រហម កំពុងបន្តរងទុក្ខដោយភាពស្ងប់ស្ងាត់។ ពួកគេមិនមានសម្លេងច្រើន ដើម្បីទទួលបានជំនួយនោះទេ»។
គោលនយោបាយបរាជ័យ
គោលនយោបាយតាំងទីលំនៅថ្មីដល់ជនអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកមានចំណុចខ្វះខាតច្រើន នេះបើយោងតាមការយល់ឃើញរបស់លោក Eric Tang សាស្ត្រាចារ្យនៅសកលវិទ្យាល័យតិចសាស់។ លោកសាស្ត្រាចារ្យទើបតែបានបោះពុម្ពសៀវភៅលើកដំបូងរបស់លោក ដែលបានធ្វើការស្រាវជ្រាវអំពីស្ថានភាពរស់នៅរបស់ជនភៀសខ្លួនខ្មែរនៅក្នុងចន្លោះទសវត្សរ៍១៩៧០ និង១៩៩០ នៅសង្កាត់ Bronx នៃទីក្រុងញូវយ៉ក។
លោកថា៖ «នេះគឺជាបរាជ័យរបស់រដ្ឋាភិបាលមួយ ដែលមិនបានផ្តល់ជំនួយគ្រប់គ្រាន់ដល់ជនភៀសខ្លួន ក្នុងដំណាក់កាលប្រែក្លាយពីជនភៀសខ្លួនទៅជាពលរដ្ឋអាមេរិកាំងពេញសិទ្ធិ ហើយថែមទាំងកាត់ផ្តាច់ជំនួយខាងសង្គមកិច្ចពីពួកគេទៀត ទោះបីជាដឹងថាជំនួយទាំងនេះ អាចជួយឲ្យពួកគេកសាងជីវិតថ្មីនៅអាមេរិកនេះឲ្យផុតពីភាពក្រីក្រក៏ដោយ»។
ក្នុងអំឡុងទសវត្សរ៍១៩៩០ លោកសាស្ត្រាចារ្យ Eric Tang បានធ្វើការជាអ្នកជួយរៀបចំសហគមន៍ជនភៀសខ្លួនខ្មែរនៅសង្កាត់ Bronx ជាទីដែលជនភៀសខ្លួនទាំងនេះឆ្លងកាត់បទពិសោធន៍តាំងទីលំនៅថ្មីដ៏លំបាក។
លោកបានលើកឡើងថា៖ «បញ្ហាទីមួយ ដែលពួកគេត្រូវប្រឈមនោះគឺស្ថានភាពរស់នៅលំបាក ហើយជនភៀសខ្លួនខ្មែរភាគច្រើន ដែលជាកសិករនោះមិនមានវិជ្ជាជីវៈគ្រប់គ្រាន់ដើម្បីទទួលបានការងារល្អធ្វើនោះទេ។ ដូច្នេះ ពួកគេត្រូវធ្វើការងារដែលបានប្រាក់កម្រៃទាប»។
លោកសាស្ត្រាចារ្យថា គោលនយោបាយតាំងទីលំនៅថ្មីរបស់អាមេរិកមិនមានផែនការអភិវឌ្ឍខាងសេដ្ឋកិច្ចយូរអង្វែង ដើម្បីជួយឲ្យជនភៀសខ្លួនរួចផុតពីការរស់នៅក្នុងភាពក្រីក្រនោះទេ។ លោកថា៖ «គោលនយោបាយនោះមិនផ្តោតលើការជួយផ្តល់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈអ្វីទេ ហើយក៏មិនបានផ្តល់ជំនួយខាងសុខភាពផ្លូវចិត្តដល់ពួកគេ មុនពេលជំរុញឲ្យពួកគេរកការងារធ្វើ ដូចជាការងារតាមរោងចក្រ និងកសិដ្ឋានជាដើម»។
សម្រាប់កូនៗរបស់អតីតជនភៀសខ្លួនទាំងអស់នេះ លោកសាស្ត្រាចារ្យ Eric Tang បានបញ្ជាក់ថា ស្ថានភាពរបស់ពួកគេក៏មិនសូវខុសគ្នាប៉ុន្មានពីឪពុកម្តាយរបស់ពួកគេដែរ។ យុវជនខ្មែរអាមេរិកាំងមួយចំនួនជួបបញ្ហាខ្វះការងារធ្វើ មិនបានទទួលឱកាសបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ និងត្រូវប្រឈមនឹងប្រព័ន្ធច្បាប់អាមេរិក ដោយសារការប្រព្រឹត្តបទល្មើស ឬឧក្រិដ្ឋកម្មផ្សេងៗ។ យុវជនខ្មែរអាមេរិកាំងមួយចំនួនត្រូវបានផ្តន្ទាទោស ហើយបញ្ជូនត្រឡប់ទៅកាន់ប្រទេសកម្ពុជា បើទោះបីជាពួកគេមិនដែលស្គាល់ និងរស់នៅក្នុងប្រទេសកម្ពុជាក្តី។
លោកថា៖ «ការពិតគឺថា យុវជនខ្មែរអាមេរកាំងមួយចំនួន បានបន្តជួបបញ្ហាការងារ ហើយអ្នកខ្លះមិនបានរៀននៅមហាវិទ្យាល័យដូចយុវជនអាស៊ីអាមេរកាំងផ្សេងទៀតទេ ហើយអ្នកខ្លះត្រូវសមត្ថកិច្ចអាមេរិកតាមដាន និងចាប់ខ្លួន បញ្ជូនទៅប្រទេសកម្ពុជា ដោយសារការប្រព្រឹត្តឧក្រិដ្ឋកម្មជាដើម»។
ក៏ប៉ុន្តែ សម្រាប់ Jennifer Ka ទោះបីជាឆ្លងកាត់ភាពក្រីក្រ និងបញ្ហាសុខភាពផ្លូវចិត្តក្នុងគ្រួសារក្តី នាងបានតស៊ូបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ហើយបានធ្វើការងារស្ម័គ្រចិត្តនៅប្រទេសកម្ពុជាមួយរយៈពេលខ្លី។
កាលពីពេលដែលនាងមានអាយុទើប២០ឆ្នាំ នាងបានសម្រេចចិត្តធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាជាលើកដំបូង បើទោះបីជានាងបានកើតនៅសហរដ្ឋអាមេរិក និងមិនសូវចេះនិយាយភាសាខ្មែរ និងមិនសូវស្គាល់ពីវប្បធម៌ខ្មែរក្តី។
នាងបានឲ្យដឹងថា៖ «ក្រោយពីបានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ខ្ញុំបានស្វែងយល់ពីប្រវត្តិសាស្ត្រកម្ពុជា ស្គាល់ពីទឹកដីខ្មែរ ប្រជាពលរដ្ឋខ្មែរ ដែលខ្ញុំក៏ជាខ្មែរ ហើយបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ទីនេះជាផ្ទះរបស់ខ្ញុំ»។
នាងបានបញ្ជាក់ថា ការធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាពេលនោះ បានធ្វើឲ្យនាងយល់ និងដឹងពីអ្វីដែលបានកើតឡើងចំពោះឪពុកម្តាយរបស់នាងក្នុងអំឡុងខ្មែរក្រហម និងបញ្ហាមួយចំនួនទៀតដែលបានកើតមានឡើងចំពោះពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក៕