ព័ត៌មាន​វិទ្យា​ដើរ​តួ​សំ​ខាន់​ណាស់ តែ​គ្រឹះស្ថាន​អប់រំ​សាធារណៈ​នៅ​កម្ពុជា​ខ្សោយ​ក្នុង​វិស័យ​នេះ

នៅ​ប្រទេស​កម្ពុជា ការបណ្តុះ​បណ្តាល​ផ្នែក​វិទ្យាសាស្ដ្រ​ព័ត៌មាន​វិទ្យា ​ឬ ​ចំណេះ​ដឹង​ផ្នែក​ព័ត៌មាន​វិទ្យា​ភាគ​ច្រើន​ចាប់​ផ្តើម​នៅ​កម្រិត​​មហា​វិទ្យាល័យ។​

វិស័យព័ត៌​មាន​វិទ្យា ​ឬ​ កុំ​ព្យូ​ទ័រ​ដើរ​តួ​សំ​ខាន់​ណាស់​មិន​ថា​ ប្រទេស​កំ​ពុង​អភិវឌ្ឍន៍​ និង​ប្រទេស​អភិ​វឌ្ឍន៍​ទេ។​ យ៉ាង​ណា​មិញ​ គ្រឹះស្ថាន​អប់រំ​សាធារណៈ​នៅប្រទេស​កម្ពុជា​ ហាក់​ដូច​ជា​មាន​ការ​យឺ​ត​យាវ​ក្នុង​ការ​ផ្តល់​ការ​អប់រំ​ទាក់​ទង​នឹង​វិស័យ​នេះ​ បើ​ធៀប​ជា​មួយ​សាលា​ឯកជន​ ដែល​មានកម្ម​វិធី​សិក្សា​យក​លំនាំ​តាម​ប្រទេស​អភិវឌ្ឍន៍។​

ថ្វី​បើ​ចំណេះ​ដឹង​ផ្នែក​ព័ត៌មាន​វិទ្យា​ ឬ​កុំព្យូទ័រ​មាន​សារៈ​សំខាន់ខ្ពស់សម្រាប់​កិច្ច​ការ​រដ្ឋបាល​ទូទៅ​ និងការ​គ្រប់​គ្រង​ជំនួញ​ក្តី ​ក៏ប្រទេស​កម្ពុជាហាក់​ដូចជា​មិនទាន់​បាន​ផ្តោត​ការ​បណ្តុះ​បណ្តាល​ពេញលេញ ​និង​ទូលំ​ទូលាយ​លើ​មុខវិជ្ជា​នេះ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​របស់​ខ្លួន​នៅ​ឡើយ។​

ការ​សិក្សា​មុខ​វិជ្ជា​នេះ​ហាក់​ដូចជា​ចាប់​ផ្តើម​យឺតបំផុត​នៅ​ក្នុង​គ្រឹះស្ថាន​អប់​រំ​សាធារណៈ​ ជាពិសេស​ក្នុង​គ្រឹះស្ថាន​អប់រំ​ចំណេះ​ដឹង​ទូទៅ។​ បន្ថែម​ពី​នោះ​ ការបណ្តុះ​បណ្តាល​ផ្នែក​វិទ្យាសាស្ដ្រ​ព័ត៌មាន​វិទ្យា​ឬ​ចំណេះ​ដឹង​ផ្នែក​ព័ត៌មាន​វិទ្យា​ភាគ​ច្រើន​ចាប់​ផ្តើម​នៅ​កម្រិតមហា​វិទ្យាល័យ។​

លោក​រស់​ សាលីន ​អ្នក​នាំ​ពាក្យ​របស់​ក្រសួ​ង​អប់រំយុវជន​ និង​កី​ឡា​ បាន​ឲ្យ​ដឹង​ថា​ ​ក្រសួងមាន​ផែន​ការ​ដាក់​បញ្ចូល​កម្មវិធី​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​នៅ​តាម​វិទ្យាល័យនៅ​ថ្នាក់​ទី​១១​ និង​ថ្នាក់​ទី​១២ ​ដែល​ជា​ថ្នាក់សិក្សា​ចុង​ក្រោយ​របស់​សិស្សានុសិស្ស​មុន​នឹងបន្ត​ការ​សិក្សា​នៅ​កម្រិត​ឧត្តម​សិក្សា។​ ក៏ប៉ុន្តែ​កម្មវិធី​សិក្សា​នេះ​សម្រាប់​តែ​វិទ្យាល័យ​នៅ​តាម​បណ្តា​ខេត្ត​តែ​ប៉ុណ្ណោះ។​

«ក្នុងឆ្នាំ​សិក្សា​ថ្មី​នេះ​ យើង​បាន​ទាក់​ទង​ជា​មួយ​នឹង​ដៃ​គូ​មួយ​ចំនួន​ឲ្យ​គេ​បំពាក់​កុំព្យូទ័រ​ ​តាម​សាលា​ដើ​ម្បី​ឲ្យ​សិស្ស​នៅ​តាម​បណ្តា​ល​ខេត្ត​ចេះ​ប្រើ​ប្រាស់»។​

កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រុម​ហ៊ុន​ Mobitel​ បាន​សហការ​ជា​មួយ​ក្រសួង​អប់​រំ​ យុវ​ជន​ និង​កីឡា​ក្នុង​ការ​បង្កើត​នូវ​មជ្ឈមណ្ឌល​តាម​អនឡាញ​ដើម្បី​ឲ្យ​សិស្ស​អា​ច​ធ្វើ​លំហាត់​ និង​ទាញ​យក​មេ​រៀន​បាន​ សម្រាប់​ថ្នាក់​មធ្យម​សិក្សា។​ គម្រោង​នេះ​មាន​តម្លៃ​ជា​ង​១​លាន​ដុល្លារ​អាមេរិក​ ដែល​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​បណ្ណោះ​អាសន្ន​នៅវិទ្យាល័យ​ព្រះស៊ីសុវត្ថិ។​

យ៉ាង​ណា​ក៏​ដោយ​ កា​រសិក្សា​ខាង​ផ្នែក​កុំព្យូទ័រ​បាន​ចាប់​ផ្តើម​រួច​ទៅ​ហើយ​ ចាប់​តាំង​ពី​កម្រិត​បឋម​សិក្សា​ នៅ​តាម​សាលា​ឯកជន​សំខាន់ៗ​មួ​យ​ចំនួន​ដែល​អនុលោម​តាម​និយាម​អន្តរជាតិ។​

ជាក់ស្តែង ​ប្រព័ន្ធអប់រំ​សាលា​អន្តរជាតិ ​វេស្ទើន​យក​តាម​ប្រព័ន្ធ​ធំៗ​បី​គឺ​សិង្ហបូរី​ អាមេរិក​ កាណាដា។ ​លោក​ហ៊ូ ផល្គុណ​ ជា​ប្រធាន​ក្រុមបច្ចេកទេស​ផ្នែក​ភាសាខ្មែរ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​បង្រៀន​មុខ​វិជ្ជា​វិទ្យាសាស្រ្ត​កុំព្យូទ័រ​នេះ​ចាប់​ផ្តើម​ចាប់​ពី​ថ្នាក់​ទី៤​ ហើយ​កម្ម​វិធី​សិក្សា​គឺមាន​២​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ និង​១​ម៉ោង​ក្នុង​មួយ​សប្តាហ៍​សម្រាប់​ថា្នក់​ធំ។​

«ថ្នាក់​តូច ​ទី​៤​ដល់​ទី​៨ ​រៀន​២​ម៉ោង។​ ថ្នាក់​ធំ ​ទី១០​និង​ទី​១១ ​រៀន​១​ម៉ោង។ ​ខាង​បំណិន​វិជ្ជា​ចែក​ចេញ​ជា​ច្រើន ​ឧទាហរណ៍​ ដូច​ជា​ Special Case (ថ្នាក់ពិសេស), Art (សិល្បៈ)​,music (ដន្ត្រី), ​dance (របាំ)។ ​អញ្ចឹងសាលា​យើង​មាន​ទុន​ស្រាប់​ យើង​ក៏​ដាក់​មុខ​វិជ្ជា​វិទ្យា​សាស្រ្ត​កុំព្យូទ័រ​ចូល​តែ​ម្តង​ ដើម្បី​ឲ្យ​កូន​ខ្មែរ​ចេះ​ច្រើន​ទៅ​មុខ​ទៀត​ ព្រោះ​វិទ្យាសាស្រ្ត​ឥឡូវ​លឿន​ណាស់»។

លោក​ខៀវ​ ភីត​ ​ជា​នាយក​រង​ខាង​កម្ម​វិធី​អប់រំ​ភាសា​ខ្មែរ​នៅ​សាលា​អន្តរជាតិ​ហ្សា​ម៉ាន់​ (Zaman)។ លោក​និយាយថា៖​

«កម្ម​វិធី​សិក្សា​នៅ​ហ្សាម៉ាន់​គឺ​មាន​ប្រ​ព័ន្ធ​ពីរ​គឺ​ប្រព័ន្ធ​ក្រសួង​អប់រំ​មួយ​ទៀត​គឺ​ស្រប​តាម​ប្រ​ព័ន្ធ​អ៊ីនធឺណែត​សិន​ណាល់​ ដើម្បី​ឲ្យ​វា​ស្រប​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ដើម្បី​ឲ្យ​សិស្ស​មាន​ការ​យល់​ដឹង​ ហើយ​វា​ជា​គោល​ការណ៍របស់​សាលា​ឲ្យ​សិស្ស​ចេះ​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​ ព្រោះប្រយោជន៍​វា​មាន​ច្រើន​ ងាយ​ស្រួល​ធ្វើ​ការ​ និង​ស្រាវជ្រាវ»។​

យ៉ាងណាមិញ​ វិស័យ​ព័ត៌​មាន​វិទ្យា​រាប់​បញ្ជូល​ទាំង​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​និង​អ៊ីនធឺណែត​ផង​ដែរ។​ បច្ចុប្បន្នវិ​ស័យ​ឯកជន​មាន​ការ​រីក​លូត​លាស់​ក្នុង​វិស័យ​នេះ​យ៉ាង​ច្រើន។​ ប៉ុន្តែ​ក្នុង​វិស័យ​សា​ធា​រណៈ​ ផ្នែក​ព័ត៌មាន​វិទ្យា​នៅ​មាន​កម្រិត​នៅ​ឡើយ។​ ​

ដំណាល​គ្នា​នេះ ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​នេះ​ភាគ​ច្រើន​នៅ​ថ្នាក់​ឧត្តម​សិក្សា។​

ក្នុង​ប្រ​ទេស​កម្ពុជានេះ​ ការ​បណ្តុះ​បណ្តាល​ទាក់​ទង​នឹង​ផ្នែក​ព័ត៌មាន​វិទ្យា​ក្នុង​កម្រិត​ឧត្តម​សិក្សាធ្វើ​ឡើង​នៅ​ក្នុង​សាលា​ចំនួន​១០៥​ រាប់​ទាំង​សកល​វិទ្យា​ល័យ​រដ្ឋ​ និង​ឯកជន។​

ជាក់​ស្តែង​កញ្ញា​សែត ហត្ថា​ជា​និស្សិត​អាហារូបករណ៍​ឆ្នាំទី​មួយ​ផ្នែក​បង្កើត​គេហទំព័រ​ (Web Programming)​ នៅ​សាលា​ Passerelles Numériques Cambodia ​(PNC)។​ ជា​និស្សិត​ស្រី​ដែល​មាន​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​ពោធិសាត់​ យុវតី​រូបនេះមិន​ធ្លាប់​បាន​ដឹង​ពី​មុន​ថា​ អ្វី​ជា​ព័ត៌មាន​វិទ្យា​ឡើយ។​

«កាល​ពី​មុន​ ខ្ញុំ​អត់​ស្គាល់​ថា​ អាយធី​ជា​អី​ទេ​ តែ​តាំង​ពី​ខ្ញុំ​បាន​មក​រៀន​នៅ​ទី​នេះ​ ខ្ញុំ​គិត​ថា​ សម័យ​ឥឡូវ​បច្ចេក​វិទ្យា​មាន​ការ​ជឿន​លឿន​ ដូរ​រហូត។​ អញ្ចឹងផ្នែក​អាយធី​មិន​ថា​ ប្រុស​ មិន​ថា​ស្រី​ទេ​ សំខាន់​គឺ​យើង​មាន​ឆន្ទៈ​ក្នុង​ការ​រៀន»។​

ក្រោយ​ពី​បាន​មក​រស់​នៅ​ និង​សិក្សា​ផ្នែក​ព័ត៌មាន​វិទ្យា​នៅ​ឯ​ភ្នំ​ពេញ​ប្រមាណ​ជិត​មួយ​ឆ្នាំ​នេះ ​យុវតី​រូបនេះ​បាន​សង្កេត​ឃើញ​ថា​ សម័យ​បច្ចុប្បន្ន​នេះ​គ្មាន​នរណា​ដែល​មិន​ប្រើ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​នោះ​ទេ។​

«មនុស្ស​រស់​នៅ​ពឹង​ផ្អែក​លើ​អាយធី​ខ្លាំង​ រៀន​ក៏​ពឹង​លើ​បច្ចេក​វិទ្យា​ ព្រោះ​ចំណេះ​ដឹង​បាន​ពី​គ្រូ​បង្រៀន​គឺ​អត់​គ្រប់​គ្រាន់​ទេ។​ ដូច្នេះ​យើង​ត្រូវ​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៅ​លើ​អ៊ីនធឺណែត ​ដោយ​ប្រើ​បច្ចេក​វិទ្យា។​ ​បើ​បច្ចេក​វិទ្យា​អត់​រី​ក​ចម្រើន ​នោះ​ការ​សិក្សា​ក៏​អត់​រីក​ចម្រើន​ដែរ»។​

លោក​ឌុក​ ឧត្តមជា​គ្រូ​បង្រៀន​អាយធី​នៅ​សាលា​ Passerelles Numériques ​Cambodia​ (PNC) ​បាន​ពន្យល់​ថា៖​ «ព័ត៌មាន​គឺ​ជា​វិទ្យា​សាស្រ្ត​ដែល​សិក្សា​ពី​ការ​រីក​ចម្រើន​នៃ​ផ្នែក​បច្ចេក​វិទ្យា។​ អាយធី​នៅ​ស្រុក​ខ្មែរ​ឥឡូវ​គឺ​មាន​ការ​រីក​ចម្រើន​ច្រើន​ បើ​យើង​ប្រៀប​ទៅ​លើ​៥​ឆ្នាំ​មុន​ ព្រោះ​កាលពី​មុន​ ការ​ប្រើ​ប្រាស់​ទាក់​ទង​នឹង​កុំព្យូទ័រ​ ឬ​ក៏​ទូរស័ព្ទ​គឺ​វា​នៅ​ខ្សោយ​ណាស់​ ប៉ុន្តែ​មក​ដល់​សម័យ​បច្ចុ​ប្បន្ន​នេះ​ ប្រ​ព័ន្ធ​តិចណូឡូជី​គឺ​មាន​ការ Update (ជឿនលឿន)​ ខ្លាំ​ង​មែន​ទែន»។​

ជាមួយ​គ្នា​នេះ​ដែរ​ លោក​ឌុក​ ឧត្តម​យល់​ថា​ ប្រ​ទេស​កម្ពុជា​គួរ​តែ​ពង្រឹង​ការ​សិក្សា​លើ​វិស័យបច្ចេក​វិទ្យា​កុំព្យូទ័រនេះ​ឲ្យច្រើន។​

បន្ថែម​ពី​នេះ​ទៀត​ លោក​រស់​ សាលីន ​អ្នក​នាំពាក្យ​ក្រសួងអប់រំ​ យុវជន ​និង​កីឡា​ បាន​ទទួល​ស្គាល់​ថា​ ធនធាន​មនុស្ស​នៅ​កម្ពុជា​ពុំ​ទាន់​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ទីផ្សារ​បាន​ទេ​ ជា​ពិសេស​គឺ​ពេល​អាស៊ាន​ចូល​មក​ក្នុង​ឆ្នាំ​២០១៥ ​ព្រោះ​ថា ដើម្បី​អាច​ប្រកួត​ប្រជែង​បាន​ លុះ​ត្រា​តែ​និស្សិត​ខ្មែរ​ខ្លាំង​ខាង​ភាសា​ មាន​ជំនាញ​ច្បាស់​លាស់​ និងពូ​កែ​ខាង​ទំនាក់​ទំនង​និងផ្នែក​ព័ត៌មាន​វិទ្យា​ផង​ដែរ៕​