តុលាការភ្នំពេញបដិសេធសំណើលោក ថាច់ សេដ្ឋា សុំដោះលែង

រូបឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បង្ហាញខ្នោះដៃពីក្នុងឡាន នៅពេលលោកត្រូវបានដឹកចេញពីតុលាការកំពូលទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ចៅក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃព្រហស្បតិ៍​នេះ បាន​បដិសេធ​សំណើ​សុំដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ ​ដើម្បី​ព្យាបាល​ជំងឺ​របស់​លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​ ដោយ​អះអាង​ថា​ពន្ធនាគារ​មាន​ថ្នាំ និង​ពេទ្យ​គ្រប់​គ្រាន់​សម្រាប់​ព្យាបាល​អ្នកជំងឺ។

ក្នុង​សវនាការលើ​ពាក្យ​សុំ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​លើ​សំណុំ​រឿង «ចេញ​សែក​អត់​សាច់​ប្រាក់» នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ចៅ​ក្រម​ស៊ើបសួរ លោកស្រី ឈុន ដាវី បាន​ថ្លែង​ថា ​តុលាការ​មិន​អនុញ្ញាត​ដោះ​លែង​លោក ថាច់ សេដ្ឋា ​ដើម្បី​ព្យាបាល​ជំងឺ​តាម​ការ​ស្នើ​សុំ​នោះទេ ដោយ​លោកស្រីលើក​ឡើង​ថា ក្នុង​ពន្ធនា​គារ​មានធនធាន​គ្រប់គ្រាន់​ក្នុង​ការ​ព្យាបាល ហើយ​ថា ​លោក​ថាច់ សេដ្ឋា ​ក៏​អាច​យក​គ្រូពេទ្យ​ពី​ខាង​ក្រៅ ដើម្បី​ចូល​ពិនិត្យ​ផង​ដែរ។

ចៅ​ក្រម​រូបនេះ​បន្ថែម​ថា ការ​អនុញ្ញាត​ឲ្យលោក ថាច់ សេដ្ឋា នៅ​ក្រៅឃុំ​ អាច​បង្កឲ្យមាន​អសន្តិសុខ​សង្គម និង​អាច​ប៉ះពាល់​ដល់​នីតិវិធី​បន្ត។

​លោក ជូង ជូងី មេធាវី​ការពារ​ក្តីរបស់​លោក ថាច់ សេដ្ឋា ប្រាប់​វីអូអេ​ក្រោយ​បញ្ចប់សវនាការ​ថា​ ចៅ​ក្រម​ស៊ើប​សួរ​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ហើយ​ ដូច្នេះ​មិន​មាន​ភាព​ចាំបាច់​ត្រូវ​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា​ ឡើយ។ លោក​បន្ដ​ថា​ ការ​ស្នើ​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បន្ត​បន្ទាប់​នេះ ដោយ​ហេតុ​ថា លោក ថាច់ សេដ្ឋា មាន​បញ្ហា​សុខភាព​បេះដូង ដោយ​មាន​ខ្លាញ់​រុំ​បេះដូង លើស​ឈាម ឡើង​ជាតិ​ស្ករ ឡើង​ជាតិ​អាស៊ីត ហើយ​លោក​ត្រូវ​ការ​ការ​ព្យាបាល​ជា​ប្រចាំ។

លោក ជូង ជូងី ​បន្ថែម​ថា ​ការ​មិន​អនុញ្ញាត​ឲ្យកូនក្តី​របស់​លោកមាន​សេរីភាព​ដើម្បី​ព្យាបាល​ជំងឺ គឺជា​រឿង​អយុត្តិធម៌ និង​ធ្វើ​ឲ្យប៉ះពាល់​ដល់​សុខភាព​កូនក្តី​របស់​លោក។

លោក​ថ្លែង​ថា៖ «វា​ជាសិទ្ធិ​សម្រេច​របស់​ចៅក្រម។​ ប៉ុន្តែខ្ញុំ​មានការ​សម្គាល់​ថា ​ខ្លាចមាន​បញ្ហា​មិន​ប្រក្រតី​ ប៉ះពាល់​ដល់​យុត្តិធម៌ ​ក្នុងការ​ចាត់ការ​រឿង​ក្តី»។

លោក​មេធាវី​បន្ថែម​ថា​ លោក ថាច់ សេដ្ឋា មិន​បាន​បដិសេធ មិន​បាន​គេច​វេស មិន​ចូល​ខ្លួន​មក​តុលាការ​ទេ ហើយ​ផ្ទុយ​ទៅ​វិញ លោក​មិន​ដែល​ទទួល​បាន​ដីកា​ពី​តុលាការ​ម្តង​ណា​ឡើយ។

លោក ​អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ យល់​ថា​ បើ​តាម​នីតិវិធី​ច្បាប់ ​បុគ្គល​ជាប់​ចោទ​មាន​សិទ្ធិ​ស្នើ​សុំ​ទម្លាក់​បទ​ចោទ ​និង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ប្រសិន​បើ​ពួក​គេ​មាន​លក្ខខណ្ឌ​ និង​ភស្ដុ​តាង​គ្រប់​គ្រាន់​បង្ហាញ​ថា ​ពួកគេ​ពិត​ជា​មាន​បញ្ហា​សុខភាព។​

លោក​បញ្ជាក់ថា៖ «ករណី​លោក​ ថាច់ សេដ្ឋា នោះ ​បើសិនជា​មិន​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​ក្នុងការ​ស្នើ​សុំ​នៅ​ក្រៅឃុំ​ ដូច​ការ​ចោទ​ប្រកាន់​ ប្រសិន​ជា​គ្មាន​ភស្ដុតាង​ទេ ​អាហ្នឹង​ធ្វើ​តាម​អាហ្នឹង​ក៏​ធ្វើ​ទៅ​បាន។ ហើយ​មួយ​ទៀត​ យោង​ទៅ​តាម​កត្ដា​សុខភាព​របស់​គាត់ ​ប្រសិន​ជា​សុខភាព​គាត់​ធ្ងន់ធ្ងរ​ ក៏​អាច​ត្រូវ​ការ​ព្យាបាល​ អាហ្នឹង​តុលាការ​ត្រូវ​តែ​ពិចារណាតាម​ហ្នឹងដែរ ដើម្បី​ឲ្យ​គាត់​មាន​លទ្ធភាព​ទទួល​បាន​ការ​ព្យាបាល»។

លោក អំ សំអាត បន្ថែមថា ​ជា​រឿយៗ​សំណុំ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ន​យោបាយតែង​ត្រូវ​បាន​អូស​បន្លាយពេល​យូរ។

​លោក ថាច់ សេដ្ឋា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃទី​ ១៦​ ខែ​មករា ​ឆ្នាំ​ ២០២៣ ក្នុង​សំណុំ​រឿង​ «ចេញ​សែក​អត់​សាច់​ប្រាក់»។ លោក​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ ​ចេញ​ដីកា​តម្រូវ​ឲ្យស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ ពី​បទ​ «មិន​បាន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន»។

​ក្នុង​អំឡុង​ពេល​កំពុង​ឃុំ​ខ្លួន ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ក៏​បាន​ចោទ​ប្រកាន់​លោក​ ថាច់ សេដ្ឋា ​មួយ​ទៀត ​ពី​បទ «ញុះ​ញង់​ឲ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» និង​បទ​ «ញុះ​ញង់​ឲ្យមាន​ការ​រើស​អើង» ​ពាក់​ព័ន្ធ​នឹង​ការ​និយាយ​អំពី​នយោ​បាយ និង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ជាមួយ​ពលករ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ដើម​ឆ្នាំ ២០២៣។ បើ​តាម​មេធាវី លោក ថាច់ សេដ្ឋា ​បាន​និយាយ​អំពី​ប្រវត្តិ​សាស្រ្ត​ថ្ងៃ ៧ ​មករា ឆ្នាំ​ ១៩៧៩ ​ជា​ថ្ងៃ​ «យួន​ឈ្លាន​ពាន» ​ការ​សង់​ស្តូប​មិត្តភាព​កម្ពុជា​វៀត​ណាម ​ធ្វើ​ឲ្យ​ «បែក​បាក់​ជាតិ» និង​និយាយ​អំពី​ប្រវត្តិ​នៃ​ការ​កកើត​គណបក្ស​ប្រជាជន​កម្ពុជា៕