ស្ថាបនិកកាសែត The Cambodia Daily និងសប្បុរសជន លោក Bernard Krisher បានទទួលមរណភាពក្នុងវ័យ៨៧ឆ្នាំ ក្នុងមន្ទីរពេទ្យមួយនាទីក្រុងតូក្យូប្រទេសជប៉ុន ដោយបញ្ហាបេះដូង។ នេះបើយោងទៅតាមវេបសាយផ្លូវការរបស់កាសែត The Cambodia Daily នៅថ្ងៃចន្ទនេះ។
អ្នកកាសែតចាស់វស្សារបស់អាមេរិក លោក Bernard Krisher បានបង្កើត កាសែត The Cambodia Daily ដែលជាសារព័ត៌មានភាសាអង់គ្លេសដំបូងគេបង្អស់នៅកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលមួយដែលជួយផ្នែកអប់រំ និងសាងសង់សាលារៀនតាមតំបន់ជនបទរបស់ប្រទេសកម្ពុជា។
បេសកកម្មរបស់សារព័ត៌មាននេះគឺរាយការណ៍«គ្រប់ព័ត៌មានដោយមិនមានការភ័យខ្លាចឬលម្អៀង»។ ចាប់តាំងពីពេលបង្កើតក្នុងឆ្នាំ១៩៩៣មក សារព័ត៌មាន The Cambodia Daily បានបណ្ដុះបណ្ដាលអ្នកសារព័ត៌មានជាច្រើននាក់ទាំងក្នុងនិងក្រៅប្រទេស។
ជាអកុសលសារព័ត៌មាននេះត្រូវបង្ខំចិត្តបិទទ្វារកាលពីខែកញ្ញា ឆ្នាំ ២០១៧ ដោយសារបញ្ហាពន្ធដារ។ ការបិទទ្វារនេះ ត្រូវបានធ្វើឡើង ស្របពេលមានការរឹតត្បិតលើបណ្ដាញសារព័ត៌មានដែលមិនជិតស្និទ្ធនឹងរដ្ឋាភិបាល។ ស្ថាប័នអន្តរជាតិ និងរដ្ឋាភិបាលបស្ចិមលោកមួយចំនួន បានថ្កោលទោសលើការរឹតត្បិតនេះ។
យ៉ាងណាក្ដី អំឡុងពេលលោកស្ថិតនៅប្រទេសកម្ពុជា លោក Bernard Krisher ដែលជាប្រធានអង្គការ World Assistance for Cambodia ផងដែរនោះ បានផ្ដួចផ្ដើមជាគម្រោងអង្គការក្រៅរដ្ឋាភិបាលមួយដែលរួមចំណែកនៅក្នុងការលើកកម្ពស់វិស័យអប់រំនិងសុខាភិបាលនៅកម្ពុជា។
យោងតាមវេបសាយផ្លូវការរបស់សារព័ត៌មាន The Cambodia Daily គម្រោងសាងសង់រៀននៅជនបទរបស់លោក Krisher បានបង្កើតសាលារៀនចំនួនជាង ៥៦០ខ្នងតាមបណ្ដាខេត្តនានានៅទូទាំងប្រទេស ហើយការរួមចំណែកដ៏លេចធ្លោមួយក្នុងវិស័យសុខាភិបាលគឺជួយជ្រោមជ្រែងក្នុងការបង្កើតមន្ទីរពេទ្យ Sihanouk Hospital Center of HOPE ដែលផ្ដល់ការព្យាបាលនិងថែទាំសុខភាពដោយឥតគិតថ្លៃដល់ជនក្រីក្រនៅកម្ពុជា។
ពលរដ្ឋខ្មែរនិងអ្នកព័ត៌មានមួយចំនួនបានបង្ហាញភាពក្រៀមក្រំ និងចូលរួមរំលែកទុក្ខនៃការស្លាប់របស់លោកតាមបណ្ដាញសង្គមនិងសារព័ត៌មានរបស់ខ្លួន។
នៅថ្ងៃចន្ទនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាក៏បានបង្ហោះសារតាមបណ្ដាញសង្គមហេ្វសប៊ុក ចូលរួមរំលែកទុក្ខចំពោះការស្លាប់របស់លោក Bernard Krisher ផងដែរ ដោយសរសេរក្នុងន័យដើមថា «លោក Krisher មិនត្រឹមតែបានធ្វើឲ្យប្រជាជនកម្ពុជារាប់លាននាក់ទទួលបានព័ត៌មានតែប៉ុណ្ណោះទេ តែលោកថែមទាំងបានចំណាយពេលវេលារបស់លោករាប់ទសវត្សរ៍ក្នុងជីវិតរបស់លោក ដើម្បីធ្វើការងារមនុស្សធម៌នៅកម្ពុជា»។
ពិធីបុណ្យសពបែបសាសនាមួយដែលមានរយៈពេលពីរថ្ងៃនឹងត្រូវរៀបចំឡើងនៅល្ងាចថ្ងៃចន្ទនេះនៅការិយាល័យ អង្គការ World Assistance for Cambodia ស្ថិតក្នុងសង្កាត់វាលស្បូវខណ្ឌច្បារអំពៅ ដើម្បីឧទ្ទិសកុសលនិងគោរពវិញ្ញាណក្ខន្ធសពលោក Bernard Krisher៕