ការប្រកួត កីឡាអាស៊ីឬAsian Games ជាព្រឹត្តិការណ៍ទាក់ទាញចំណាប់អារម្មណ៍។ ចំពោះអ្នកមិនបានដឹងពីមុន ព្រឹត្តិការណ៍កីឡាទាំងនេះ មានការទាក់ទិនអ្នកចូលរួមច្រើនជាងកីឡាអូឡាំពិករដូវក្តៅ។ ពួកអ្នករៀបចំចាត់ចែងនិយាយថាអ្នកចូលរួមជាង១២.០០០នាក់នឹងត្រូវចូលរួមនៅ ពេលដែលពិធីបើកការប្រកួតកីឡានេះធ្វើឡើងនៅថ្ងៃសៅរ៍នៅទីក្រុង Hangzhou (ហាំងចូ) ភាគខាងកើតប្រទេសចិន។ ចំនួននេះគឺច្រើនជាងអ្នកចូលរួមជាង១០.៥០០នាក់ដែលត្រូវគេរំពឹងសម្រាប់កីឡាអូឡាំពិកក្រុងប៉ារីស ប្រទេសបារាំងនៅឆ្នាំក្រោយ។
ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះមួយផ្នែកបណ្តាលមកពីព្រឹត្តិការណ៍រៀបចំពេលតៗគ្នាជាច្រើន ជាមួយវិញ្ញាសាកីឡាឯកទេសក្នុងតំបន់ កីឡានិងប្រភេទការប្រកួតដែលលោកអ្នកនឹងមិនឃើញមាននៅក្នុងកីឡាអូឡាំពិកឡើយ។ ហើយក៏មានកីឡាគ្រីឃិត (cricket)ដែរដែលទំនងនឹងលេចចេញនៅក្នុងការប្រកួតកីឡាអូឡាំពិកនៅឆ្នាំ២០២៨ នៅក្នុងក្រុង Los Angeles សហរដ្ឋអាមេរិកនិងប្រាកដណាស់នៅឆ្នាំ២០៣២នៅក្រុង Brisbane ប្រទេសអូស្ត្រាលី។
ហើយនឹងមានកីឡាវាលកូនបាល់ខ្ទប់នឹងជញ្ជាំងឬ squash ដែលបានព្យាយាមជាច្រើនលើកដើម្បីឱ្យមានការទទួលស្គាល់នៅអូឡាំពិក។
កីឡាតំបន់រួមមានការប្រណាំងទូក កីឡាសីដក់ឬ sepaktakraw ក្បាច់គុណចិនវូស៊ូ (Wushu) និងកីឡាបោកចំបាប់ជាក្រុមឬ Kabaddiជាកីឡាប្រជាប្រិយមួយនៅឧបទ្វីបឥណ្ឌា។ ក៏មានកីឡាក្បាច់គុណមិនមែនសម្រាប់កីឡាអូឡាំពិកដែរដូចជា Jitsu និង Kurash ដែលជាប្រភេទកីឡាបោកចំបាប់ដ៏មានប្រជាប្រិយភាពនៅក្នុងតំបន់អាស៊ីកណ្តាល។
ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ជិត៤៨១នេះ ផ្តល់ឱកាសដល់គណៈប្រតិភូតូចៗដើម្បីអាចឈ្នះមេដាយ ដែលជារឿយៗពួកគេមិនអាចឈ្នះបាននៅឯកីឡាអូឡាំពិក។
ប្រទេសចិនបានឈ្នះមេដាយទាំងអស់ជិត៣រយនៅឯការប្រកួតកីឡាអាស៊ីចុងក្រោយនៅក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំ២០១៨។ ប្រទេសបាតតារាងមានប្រទេសស៊ីរីនិងនេប៉ាល់បានទទួលមេដាយម្នាក់មួយ។ ប្រទេសប៊ូតង់និងបង់ក្លាដែសស្ថិតក្នុងចំណោមគណៈប្រតិភូ៩ដែលមិនបានឈ្នះមេដាយអ្វីទាំងអស់។
ប្រទេសចិន នឹងទទួលបានមេដាយច្រើនជាងគេនៅក្នុងតារាងដូចដែលចិនបានទទួលក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ បន្ទាប់មកមហាអំណាចកីឡាអាស៊ីផ្សេងទៀតមានដូចជាប្រទេសជប៉ុននិងកូរ៉េខាងត្បូង។ កីឡាអាស៊ីលាតសន្ធឹងលើតំបន់ដ៏ធំល្វឹងល្វើយពីប្រទេសលីបង់នៅសមុទ្រមីឌីទែរ៉ាណេរហូតដល់តំបន់អាស៊ីកណ្តាលនិងឧបទ្វីបឥណ្ឌាដល់ប្រទេសកូរ៉េខាងជើង ដោយអ្នករៀបចំថានឹងមាននឹងមានប្រទេសនិងដែនដី៤៥ ត្រូវចូលរួមការប្រកួតកីឡាអូឡាំពិកនេះដែរ។
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន