ភាពមមាញឹកនៃការធ្វើដំណើរក្នុងរដូវបុណ្យរំឭកគុណ Thanksgiving នៅសហរដ្ឋអាមេរិកបានត្រឡប់មកវិញហើយនៅក្នុងឆ្នាំនេះ ខណៈពេលដែលមនុស្សម្នាជាច្រើនមិនធ្លាប់ឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើដំណើរតាមយន្តហោះដើម្បីទៅជួបជុំក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់របស់ខ្លួននៅក្នុងរដូវបុណ្យនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
អ្នកជំនាញផ្នែកធ្វើដំណើរថា លទ្ធភាពដែលមនុស្សជាច្រើនអាចធ្វើការតាមអនឡាញបានបានធ្វើឱ្យពួកគេអាចចាប់ផ្ដើមការធ្វើដំណើរថ្ងៃបុណ្យ Thanksgiving នេះបានមុន ឬក្រត្រឡប់មកផ្ទះវិញជាងសព្វមួយដង។
ចំនួនអ្នកធ្វើដំណើរនៅក្នុងរដូវបុណ្យ Thanksgiving នៅសហរដ្ឋអាមេរិកឆ្នាំនេះត្រូវគេរំពឹងថាអាចប្រហាក់ប្រហែលឬក៏លើសចំនួនអ្នកធ្វើដំណើរកាលពីឆ្នាំ ២០១៩ ដែលជារដូវបុណ្យ Thanksgiving ចុងក្រោយបង្អស់មុនពេលវិបត្តិជំងឺកូវីដ១៩ បានផ្ទុះឡើង។
ទីភ្នាក់ងារសន្តិសុខដឹកជញ្ជូន (TSA) របស់សហរដ្ឋអាមេរិកបានត្រួតពិនិត្យអ្នកធ្វើដំណើរជាង ២.៦លាននាក់កាលពីថ្ងៃចន្ទ ដែលនេះជាចំនួនដែលលើសចំនួនអ្នកធ្វើដំណើរចំនួន ២.៥លាននាក់ដែលទីភ្នាក់ងារនេះបានត្រួតពិនិត្យកាលពីថ្ងៃចន្ទនៃសប្ដាហ៍បុណ្យ Thanksgiving នេះដែរកាលពីឆ្នាំ ២០១៩។
សមាគមយានយន្តសហរដ្ឋអាមេរិក (AAA) បានទស្សន៍ទាយថា មនុស្សជិត ៥៥ លាននាក់នៅសហរដ្ឋអាមេរិកនឹងធ្វើដំណើរយ៉ាងតិចបានចម្ងាយ ៨០ គីឡូម៉ែត្រពីផ្ទះនៅសប្ដាហ៍នេះ ដែលនេះគឺជាការកើនឡើងជាងឆ្នាំមុន និងមានចំនួនតែ ២% ប៉ុណ្ណោះតិចជាងចម្ងាយធ្វើដំណើរកាលពីឆ្នាំ ២០១៩៕