អតីតនាយករដ្ឋមន្រ្តីថៃ លោក Yingluck Shinawatra បានបង្ហាញខ្លួននៅតុលាការ ដើម្បីប្រឈមនឹងការចោទប្រកាន់ខាងព្រហ្មទណ្ឌលើការរៀបចំចាត់ចែងមិនបានល្អនូវកម្មវិធីស្រូវអង្ករឧបត្ថម្ភប្រាក់ដោយរដ្ឋាភិបាល ដែលបានធ្វើឲ្យប្រទេសខាតបង់ប្រាក់រាប់ពាន់លានដុល្លារ។
លោកស្រី Yingluck ដែលត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្រ្តីកាលពីឆ្នាំទៅ ត្រូវបានស្វាគមន៍ដោយក្រុមអ្នកគាំទ្រមួយចំនួន ដែលបានស្រែកហៅឈ្មោះរបស់លោកស្រីនៅពេលដែលលោកស្រីបានមកដល់តុលាការកំពូលទីក្រុងបាងកកនៅថ្ងៃអង្គារនេះ។
អតីតនាយករដ្ឋមន្រ្តី បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកស្រីប្រាកដក្នុងចិត្តថា តុលាការនឹងមិនរកឃើញកំហុសលោកស្រី ដើម្បីចោទប្រកាន់ដែលអាចត្រូវកាត់ទោសឲ្យជាប់គុករហូត១០ឆ្នាំ។
«ខ្ញុំចង់និយាយថា យើងមានទំនុកចិត្តពិតប្រាកដពីភាពគ្មានទោសពៃរ៍របស់ខ្ញុំ ហើយយើងមានទំនុកចិត្តដើម្បីបង្ហាញខ្លួននៅតុលាការ ដោយមានភស្តុតាងនិងសាក្សី»។ លោកស្រីបាននិយាយនៅពេលដែលលោកស្រីបានអញ្ជើញទៅដល់តុលាការកំពូលក្នុងទីក្រុងបាងកក។
នៅឯសវនាការនៅថ្ងៃអង្គារនេះ លោកស្រី Yingluck មិនបានសារភាពទទួលកំហុសទេ ហើយបានស្ថិតនៅក្រៅឃុំដោយសារប្រាក់ធានា។ សវនាការលើកក្រោយនឹងត្រូវធ្វើនៅថ្ងៃទី២១ ខែកក្កដា។
លោកស្រី Yingluck ត្រូវបានរងការចោទប្រកាន់ពីការធ្វេសប្រហែសភារៈកិច្ច ចំពោះការខកខានមិនបានបញ្ឈប់អំពើពុករលួយនៅក្នុងកម្មវិធីស្រូវអង្ករ ដែលផ្គត់ផ្គង់ប្រាក់ដោយរដ្ឋាភិបាល ដោយបានបង់តម្លៃទៅឲ្យកសិករជិត២ដងលើសតម្លៃនៅក្នុងទីផ្សារ។
លោកស្រីអតីតនាយករដ្ឋមន្រ្តីបានអះអាងថា រឿងក្តីប្រឆាំងលោកស្រី ជាហេតុផលខាងនយោបាយ ហើយនិយាយទទូចថា កម្មវិធីដែលផ្តល់ប្រាក់ដោយរដ្ឋាភិបាលនេះ បានធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់កសិករថៃ។ ក្រុមអ្នកប្រឆាំងលោកស្រីនិយាយថា កម្មវិធីនេះមានគោលបំណងឲ្យបានទទួលការគាំទ្រខាងនយោបាយពីក្រុមកសិករ។
បន្ទាប់ពីការតវ៉ាប្រឆាំងអស់រយៈពេលជាច្រើនខែមក តុលាការថៃបានដកលោកស្រី Yingluck ចេញពីដំណែងកាលពីខែឧសភា ឆ្នាំទៅ។ ប៉ុន្មានថ្ងៃក្រោយមក ក្រុមយោធាថៃបានរឹបអូសយកអំណាចនៅក្នុងរដ្ឋប្រហារយោធាមួយ។ ចាប់តាំងពីពេលនោះមក អង្គការនីតិបញ្ញតិមួយដែលតែងតាំងដោយក្រុមយោធានៃប្រទេសថៃ បានប្តឹងចោទប្រកាន់លោកស្រីហើយបានហាមឃាត់លោកស្រីមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
លោកស្រី ជាប្អូនស្រីរបស់អតីតនាយករដ្ឋមន្រ្តី Thaksin Shinawatra ដែលខ្លួនលោកត្រូវបានបណ្តេញចេញពីដំណែងនៅក្នុងរដ្ឋប្រហារយោធានៅឆ្នាំ២០០៦។ លោក Thaksin បានរត់គេចខ្លួនចេញពីប្រទេសថៃនៅឆ្នាំ២០០៨ នៅពេលដែលប្រឈមនឹងការកាត់ទោសឲ្យជាប់គុក២ឆ្នាំ លើបទចោទប្រកាន់ពីអំពើពុករលួយ។
ក៏ប៉ុន្តែលោក Thaksin និងគណបក្សភឿថៃរបស់លោកនៅតែមានប្រជាប្រិយភាព ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល៕