វិស័យ​ទេសចរណ៍​ថៃ​មាន​សង្ឃឹម​លើ​ជនជាតិ​ចិន​ និង​ភ្ញៀវ​ទេសចរ​លំដាប់​ខ្ពស់

  • Steve Herman

អ្នក​លក់​គ្រឿង​អលង្ការ​កំប៉ិកកំប៉ុក​នៅ​សង្កាត់​ទេសចរណ៍​ Kao San Road នៅ​ក្រុង​បាងកក​។ វិស័យ​ទេសចរណ៍​ថៃ​មាន​សង្ឃឹម​លើ​ជនជាតិ​ចិន​ និង​ភ្ញៀវ​ទេសចរ​លំដាប់​ខ្ពស់។

ការ​ផ្សព្វផ្សាយ​មិន​សូវ​ល្អ​ពាក់ព័ន្ធ​ជាមួយ​នឹង​ច្បាប់​អាជ្ញាសឹក​ ការ​សម្លាប់​អ្នក​ទេសចរណ៍​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង​ និង​ការ​សម្លុត​គម្រាមរបស់​ប៉ូលិស​ទៅ​លើ​ជន​បរទេស​បាន​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ប្រទេស​ថៃ​ជា​ទីកន្លែង​ទាក់​ទាញ​ភ្ញៀវទេសចរ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ។ វិស័យ​ទេសចរណ៍​ប្រទេស​ថៃ​នៅ​ក្នុង​ឆ្នាំ​២០១៥​ កំពុង​តែ​ព្យាយាម​ទាក់​ទាញ​ភ្ញៀវទេសចរ​លំដាប់​ខ្ពស់ ក៏​ដូច​ជា​ភ្ញៀវទេសចរ​តាម​ដំណើរ​ទេសចរណ៍​ជា​ក្រុម​ពី​ប្រទេស​ចិន ដែល​បាន​ចំណាយ​ច្រើន​ជាង​គេ​ក្នុង​មួយ​ថ្ងៃ​ជាង​ជនជាតិ​ដទៃទៀត។

មាន​ប្រជាជន​ថៃ​ម្នាក់ក្នុង​ចំណោម​១០​នាក់​មាន​ការងារ​នៅក្នុង​វិស័យ​ទេសចរណ៍ ដែល​មានចាប់​ពី​អ្នក​លក់​របស់របរ​តូចតាច​នៅ​តាម​បណ្តោយ​ឆ្នេរ​កោះ Phuket រហូត​ដល់​អ្នក​គ្រប់គ្រង​នៅ​ក្នុង​សណ្ឋាគារ​ផ្កាយ​ប្រាំ។

វិស័យ​ទេសចរណ៍​នេះ​បាន​រង​ការ​ប៉ះពាល់​កាល​ពី​ឆ្នាំ​មុន​ នៅ​ស្រប​ពេល​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​ ជាមួយ​នឹង​បាតុកម្ម​តាម​ដង​ផ្លូវ​រយៈពេល​វែង​នៅ​ក្នុង​ក្រុង​បាងកក​ដែល​បាន​នាំ​ទៅ​ដល់ការ​ធ្វើ​រដ្ឋប្រហារ​យោធា។

ច្បាប់​អាជ្ញាសឹក​នៅ​តែ​ត្រូវ​បាន​អនុវត្ត។ កត្តា​ទាំង​នេះ និង​ការ​ផ្សព្វផ្សាយ​នៅ​ក្រៅ​បរទេស​អំពី​ក្រុម​អ្នក​ទេសចរណ៍​ក្លាយ​ជា​ជនរងគ្រោះ​នៃ​ឧក្រិដ្ឋកម្ម​នៅ​តាម​រម្មណីយដ្ឋាន​តាម​បណ្តា​កោះ​ផ្សេងៗ ប៉ូលិស​សម្លុត​គម្រាមអ្នកបរទេស​នៅ​ក្នុង​រាជធានី​ អ្នក​រត់​តាក់ស៊ី​រក​ថ្លៃ​លើស​កម្រៃ​ ជា​កត្តា​រួម​បញ្ចូល​គ្នា​ ដែល​បាន​ធ្វើ​ឲ្យអ្នក​ទេសចរ​ពិចារណា​សារ​ជាថ្មីថា​តើ​គួរ​មក​លេង​ប្រទេស​ថៃឬ​ទេនោះ​។

នៅ​ក្នុង​សណ្ឋាគារ​ Dusit Thani នៅ​ក្នុង​ទីក្រុង​បាងកក ដែលជា​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ដែល​មាន​ ឈ្មោះ​ចាប់​ពី​ឆ្នាំ​១៩៧០​មក អ្នក​គ្រប់គ្រង​ទូទៅ​ Sukanya Janchoo និយាយ​ថា​ វិស័យ​ទេសចរណ៍​តែង​តែ​អាច​រើប​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​ពី​វិបត្តិ​ផ្សេងៗ ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​គ្រោះធម្មជាតិ ឬ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច។

«យើង​ត្រូវ​ប្រឈមសឹង​តែ​គ្រប់​វិបត្តិផ្សេងៗ​ដែល​យើង​មាន។ យើង​អាច​រៀន​សូត្រ​ពី​វិបត្តិ​ទាំង​នោះ​ ហើយ​វា​ជា​វិបត្តិ​មួយ​ដែល​បន្ត​ដោយ​វិបត្តិ​មួយ​ទៀត។ វា​ប្រហែល​ជា​មាន​ការ​ប្រឈម​បន្តិច​បន្តួច​មែន​ ប៉ុន្តែ​យើង​តែង​តែ​អាច​គ្រប់គ្រង​វា​យ៉ាង​ប្រសើរ»។

ដោយ​ត្រូវ​បាន​ស្គាល់​ថា​ជា «ដែនដី​នៃ​ស្នាម​ញញឹម»​ ប្រទេស​ថៃ​សង្ឃឹម​នឹង​ធ្វើ​ឲ្យ​វិស័យ​នោះ​មាន​ភាព​ប្រសើរ​ឡើង​វិញ​នា​ឆ្នាំ​នេះ​ និង​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​២៨ ​លាន​នាក់ ដែល​នេះ​ជា​គោលដៅ​ចាត់​ឡើង​កាល​ពី​ឆ្នាំ​មុន។ នៅ​ក្នុង​ឆ្នាំ​២០១៤ ចំនួន​ភ្ញៀវ​ទេសចរ​សរុប​ពិត​ប្រាកដមាន​២៦​លាន​នាក់។

ចំនួន​២៦​លាន​នាក់​នេះ ​នៅ​តែ​ចំនួន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​បើ​ប្រៀប​ធៀប​ចាប់​តាំង​ពី​ដើម​សតវត្សរ៍​ទី​២១​មក​ នៅ​ពេល​ដែល​ប្រទេស​ថៃ​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​លើស​ពី​១០​លាន​ក្នុង​មួយ​ឆ្នាំៗ។ ចំនួន​អ្នក​ទេសចរ​បាន​កើន​លើស​១៥​លាន​នាក់​ ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១០​ និង​កើន​លើស​២០​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២០១២។

ប៉ុន្តែ​គោលដៅ​សម្រាប់​ឆ្នាំ​២០១៥​មិន​មែន​ត្រឹម​តែ​ជា​គោលដៅ​ចំនួន​ភ្ញៀវ​ទេសចរ​ប៉ុណ្ណោះ​ទេ។

Varithorn Sirisattayawong អ្នកវិភាគ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Kasikorn​ បាន​និយាយ​ថា​ ប្រទេស​ថៃ​នា​ឆ្នាំ​នេះ​នឹង​ព្យាយាម​ងាក​ចេញ​ពី​រូបភាព​ជា​កន្លែង​សម្រាប់​ភ្ញៀវទេសចរ​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង​និង​ចំណាយ​លុយ​តិច (Backpackers)។

«ប្រសិន​បើ​អ្នក​មើល​ទៅ​លើ​របៀបវារៈ​រដ្ឋាភិបាល​ យើង​ព្យាយាម​ទាក់​ទាញ​ភ្ញៀវទេសចរ​ដែល​មាន​ប្រាក់ចំណូល​ច្រើន ជាជាង​ចំនួន​អ្នក​ទេសចរ​ឲ្យ​បានច្រើន។ នៅ​ក្នុង​កន្លែង​ទេសចរណ៍​មួយ​ចំនួន​ យើង​ក៏​មាន​កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរ​លំដាប់​ខ្ពស់។ កោះ​ Phuket ឬ​ភាគខាង​ជើង​ខេត្ត​ Chiang Mai ​យើង​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ ឬ​ខ្ពស់​ជាង​នេះ។ ហើយ​ក៏​មាន​ទី​ផ្សារ​ពិសេសៗដូច​ជា​ តំហែ​ទាំ​សុខភាព​ ស្ប៉ា និង​អ្វីៗ​ផ្សេង​ទៀត​ដូចនោះ​»។

Sukanya Janchoo ដែល​ជា​ប្រធាន​ផ្នែក​ទីផ្សារ​និង​ទំនាក់ទំនង​សាធារណៈ​សម្រាប់​សមាគម​សណ្ឋាគារ​ថៃ​ បាន​មាន​ប្រសាសន៍​ថា​ ការ​ផ្លាស់​ប្តូរ​ទៅ​រក​ទីផ្សារ​ទេសចរណ៍​សម្រាប់​អ្នក​ចំណូល​ច្រើន​នឹង​មិន​ត្រូវ​សម្រេច​បាន​ដោយ​លឿន​ ឬ​ងាយ​នោះ​ទេ។

«ការ​ងាក​ចេញ​ពី​ទីផ្សារ​សម្រាប់​ទេសចរ​ចម្រុះ​ ទៅ​ជា​ទីផ្សារ​សម្រាប់​អ្នក​មាន​ចំណូល​ច្រើន​ វា​ពិត​ជា​មាន​ការ​ប្រឈម។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ យើង​អាចសម្រេច​បាន។ វា​ប្រហែល​ត្រូវ​ការ​ពេលវេលា​វែង​ជាង​នេះ។ ប៉ុន្តែ​យើង​ត្រូវ​តែ​ចាប់​ផ្តើម»។

ប្រទេស​ចិន​នា​ពេល​នេះ​ជា​ប្រភព​អ្នក​ទេសចរ​ធំ​ជា​ង​គេ​សម្រាប់​ប្រទេស​ថៃ។ ទេសចរ​ចិន​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​អ្នក​ចំណាយ​ច្រើន​ជាង​គេ​នៅ​ក្នុង​មនុស្ស​ម្នាក់​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​កំណើន​នៃ​ឥទ្ធិពល​អ្នក​ទេសចរ​ចិន​ទាំង​នោះ​ មិន​មែន​សុទ្ធ​តែ​មិន​មាន​ភាព​ចម្រូង​ចម្រាស​នោះ​ទេ។

នៅ​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន​ក្នុង​ខែ​កុម្ភៈ ដោយ​គេ​រំពឹង​ថា​នឹង​មាន​អ្នកទេសចរ​ ៩០.០០០នាក់​ពី​ប្រទេស​ចិន​នោះ​ អ្នកទេសចរ​ចិន​ជា​ច្រើន​បានទទួល​បាន​នូវ​សៀវភៅ​ណែនាំ​ពី​សុជីវធម៌។

សៀវភៅ​នោះ​ បកស្រាយ​ពន្យល់​ពី​របៀប​ប្រកាន់​ឥរិយាបថ​នៅ​ក្នុង​សារមន្ទីរ​ និង​នៅ​តាម​វត្ត​អារាម​ផ្សេងៗ​ និង​លើក​កម្ពស់​ច្បាប់​សម្រាប់​ការ​បើកបរ​ត្រឹម​ត្រូវ​ ក៏​ដូច​ជា​ព្រមាន​ប្រឆាំង​នឹង​ការ​ប្រើ​សម្បត្តិ​សាធារណៈ ដូច​ជា​បង្គន់​។

ប្រទេស​ថៃ​ក៏​ជា​គោលដៅ​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​អ្នក​ទេសចរ​ ម៉ាឡេស៊ី​ ជប៉ុន​ រុស្ស៊ី​ និង​ កូរ៉េខាងត្បូង។ ប៉ុន្តែ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ភ្ញៀវទេសចរ​រុស្ស៊ី​ ដោយ​សារ​តែ​រូបិយបណ្ណ រូប៊ល (ruble) របស់​រុស្ស៊ី បាន​ធ្លាក់​ថ្លៃ​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ។ ការ​ធ្លាក់​ចុះ​តម្លៃ​លុយ​អឺរ៉ូ​ ធៀប​នឹង​លុយ​បាត​ថៃ​ ត្រូវ​បាន​បន្ទោស​ថា​ជា​កត្តា​នៅ​ពី​ក្រោយ​ការ​ធ្លាក់​ចុះ​ភ្លៀវទេសចរ​ពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប។

ដើម្បី​បំពេញ​សម្រាប់​ការ​ធ្លាក់​ចុះ​នោះ​ ការ​ជំរុញ​ពិសេស​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សមាគម​ក្រុមហ៊ុន​ទេសចរណ៍​ថៃ ដើម្បី​លើក​កម្ពស់​ចំនួន​អ្នកទេសចរ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ ក៏​ដូច​ជា​ ចិន​។

អ្វីៗ​ទាំង​អស់​បាន​ចាប់​ផ្តើម​មាន​ភាព​ប្រសើរ​ឡើង​។ សមាគម​ក្រុមហ៊ុន​ទេសចរណ៍​និយាយ​ថា​ ក្រុមហ៊ុន​សមាជិក​បាន​រាយការណ៍​ពី​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ ដែល​ខ្លួន​ទទួល​បាន​នៅ​ក្នុង​ខែ​មករា​ បាន​កើន​ជាង​១៨​ភាគរយ​ បើ​ប្រៀប​ជាមួយ​នឹង​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​នៅ​ក្នុង​ឆ្នាំ​២០១៤​។

នៅ​ខណៈ​ពេល​មាន​ការ​ទាក់​ទាញ​ទេសចរ​ពី​ប្រទេស​ជិតខាង​របស់​ថៃ ជា​ពិសេស​ប្រទេស​មីយ៉ាន់ម៉ា​ (ដែលត្រូវ​បាន​ស្គាល់​ថា​ ភូមា) និង​វៀតណាម ​ដែល​នៅ​ទី​នោះ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​កំពុង​ត្រូវ​បាន​ស្ថាបនា​ឡើង​យ៉ាង​ឆាប់​រហ័ស​ វិស័យទេសចរណ៍​ថៃ​នា​ឆ្នាំ​នេះ​បាន​ចាប់​ផ្តើម​យុទ្ធនាការ​មួយ​ឈ្មោះ​ថា «ស្វែងរក​ភាព​ជា​ថៃ» (Discover Thainess) ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ជនជាតិ​ថៃ​ឲ្យ​ស្វែងយល់​ពី​ប្រទេស​របស់​ខ្លួន។

តំបន់​ទេសចរណ៍​ដែល​គេ​មិន​សូវ​ស្គាល់​ជា​ច្រើននៅ​ក្នុង​យុទ្ធនាការ​ «កុំ​ភ្លេច​កន្លែង​ទាំង​នេះ!» (Don't Miss Destinations) ត្រូ​វបាន​ណែនាំ​ដល់​ជន​ជាតិ​ថៃ​ ក៏ដូច​ជា​ជន​បរទេស​។

តំបន់​ទាំង​នោះ​រូម​មាន​ប្រាសាទ​មាន​រចនាបថ​បែប​ភូមា​នៅ​ខេត្ត ​Lampang ដែល​កន្លង​មកបានរួច​ផុត​ពីការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ទ្រង់ទ្រាយ​ធំ​ដូចខេត្ត​ Chiang Mai និង Chiang Rai ក្បែរ​នោះ។

នៅ​ក្នុង​ចំណោម​កន្លែង​គោលដៅ​ទេសចរណ៍​ទាំង​នោះ រួមមាន​ខេត្ត​ Trang ដែល​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ពេញ​លេញ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ ដែល​មាន​ឆ្នេរ​សមុទ្រ​យ៉ាង​ផូរផង់​ ហើយ​ខេត្ត​ Nakhon Si Thammarat នៅ​ឆ្នេរ​ខាង​កើត​ឧបទ្វីប​ម៉ាឡេ​និង​ឈូង​សមុទ្រ​ថៃ​។ តំបន់​នោះ​ពី​មុន​មក​ត្រូវ​បាន​ស្គាល់​ថា​ជា​ រាជាណាចក្រ​ Ligor និង​នៅ​តែ​មាន​សេសសល់ស្ថាបត្យកម្ម​ប្រាសាទ​ជា​ច្រើន​បែប​សណ្ឋាន​ ព្រៃ​របោះ​ស្រស់​បំព្រង និង​ប្រពៃណី​នៃ​ល្ខោន​ស្បែក​៕

ប្រែសម្រួលដោយ៖ ណឹម​ សុភ័ក្រ្តបញ្ញា