ប្រទេសថៃនិយាយថា ខ្លួននឹងដាក់កញ្ឆាទៅក្នុងបញ្ជីគ្រឿងញៀនណាកូទិកឡើងវិញនៅត្រឹមដំណាច់ឆ្នាំនេះ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅនេះ ដែលនេះជាការផ្លាស់ប្តូរទាំងស្រុងគួរឱ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រទេសនេះក្លាយជាប្រទេសទី១ក្នុងទ្វីបអាស៊ីអស់រយៈពេល២ឆ្នាំកន្លងទៅ ដែលបានចាត់ទុកថា កញ្ឆាមិនត្រូវមានទោស ព្រហ្មទណ្ឌឡើយក្នុងការប្រើប្រាស់ជាគ្រឿងកម្សាន្តនោះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅ។
ការផ្លាស់ប្តូរនេះកើតមានឡើង ខណៈពេលមានការកើនឡើងយ៉ាងឆាប់រហ័សនូវការលក់កញ្ឆា ដោយមានតូបនិងអាជីវកម្មលក់រាប់ពាន់កន្លែងបានចុះបញ្ជីក្នុងប្រទេសថៃក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ នៅក្នុងឧស្សាហកម្មមួយដែលគេប៉ាន់ប្រមាណថា មានតម្លៃរហូតដល់១ពាន់២០០លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០២៥ខាងមុខ។
នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin បាននិយាយនៅក្នុងបណ្តាញសង្គម X ថា «ខ្ញុំចង់ឱ្យក្រសួងសុខាភិបាលថៃកែប្រែច្បាប់និងចុះបញ្ជីដាក់កញ្ឆាចូលទៅក្នុងប្រភេទគ្រឿងញៀនណាកូទិកឡើងវិញ»។
លោកបន្ថែមទៀតថា៖ «ក្រសួងសុខាភិបាលគួរដាក់ចេញនូវគោលការណ៍ឱ្យបានឆាប់រហ័សមួយ ដើម្បីអនុញ្ញាតឱ្យមានការប្រើប្រាស់កញ្ឆាតែក្នុងគោលបំណងសុខភាព និងវេជ្ជសាស្ត្រតែប៉ុណ្ណោះ»។
កញ្ឆាត្រូវបានលុបចោលពីទោសព្រហ្មទណ្ឌក្នុងឆ្នាំ២០១៨ សម្រាប់ការប្រើប្រាស់ក្នុងគោលបំណងវេជ្ជសាស្ត្រ និងត្រូវបានដកចេញពីបទព្រហ្មទណ្ឌក្នុងឆ្នាំ២០២២ សម្រាប់ការប្រើបាស់កម្សាន្តនានា នៅក្រោមរដ្ឋាភិបាលថៃមុន ប៉ុន្តែក្រុមអ្នករិះគន់និយាយថា ការលុបចោលការលើកលែងនោះ មានការប្រញាប់លឿនពេក ដែលបណ្តាលឱ្យមានការភាន់ច្រឡំដ៏ធំមួយលើគោលការណ៍និងបទបញ្ញតិផ្សេងៗ។
ការលើកឡើងរបស់លោកSrettha កើតមានឡើងក្រោយពីមានកិច្ចប្រជុំមួយ ជាមួយទីភ្នាក់ងារពាក់ព័ន្ធផ្សេងៗ ក្នុងការបង្ក្រាបគ្រឿងញៀនណាកូទិក ដោយលោកសន្យាថា នឹងចាត់វិធានការឱ្យបានម៉ឺងម៉ាត់មួយលើគ្រឿងញៀនខុសច្បាប់ និងបានបញ្ជាដល់ក្រុមអាជ្ញាធរឱ្យសម្រេចបានលទ្ធផលល្អប្រសើរ ដោយបង្ហាញពីការចម្រើនទៅមុខដ៏ច្បាស់លាស់មួយនៅក្នុងបញ្ហានេះ ក្នុងរយៈពេល៩០ថ្ងៃខាងមុខ។
លោកបាននិយាយថា គ្រឿងញៀនជាបញ្ហាមួយ ដែលបានបំផ្លាញអនាគតប្រទេសជាតិ ដោយធ្វើឱ្យយុវជនជាច្រើនញៀនដកខ្លួនមិនរួច។ យើងត្រូវធ្វើការឱ្យបានលឿនលើរឿងនេះ ដើម្បីរឹបអូសយកឧបករណ៍សម្ភារៈរបស់អ្នកជួញដូរគ្រឿងញៀន និងពង្រីកការព្យាបាលបន្សាបលើអ្នកញៀន។ លោកក៏បានសុំដល់អាជ្ញាធរឱ្យកំណត់និយមន័យឡើងវិញ អ្វីទៅដែលចាត់ទុកថាជាការកាន់កាប់គ្រឿងញៀននៅក្រោមច្បាប់នេះ ពី«ចំនួនតិច» រហូតដល់«មួយគ្រាប់» នៃគ្រឿងញៀន ដើម្បីអាចឱ្យអាជ្ញាធរអនុវត្តបានម៉ឺងម៉ាត់ជាងមុន។
រដ្ឋាភិបាលរបស់លោកSrettha ធ្លាប់បាននិយាយក្នុងពេលកន្លងទៅថា ខ្លួនចង់ជំរុញឱ្យចេញនូវច្បាប់កញ្ឆាមួយ ដោយកំណត់យកត្រឹមចុងឆ្នាំនេះដើម្បីដាក់បម្រាមលើការប្រើប្រាស់កញ្ឆាជាការកម្សាន្ត និងអនុញ្ញាតឱ្យមានការប្រើប្រាស់តែទៅលើគោលបំណងសុខភាពនិងវេជ្ជសាស្ត្រតែប៉ុណ្ណោះ។
គេនៅមិនទាន់ដឹងភ្លាមៗនៅឡើយទេ ថាតើនៅពេលណាទើបបញ្ហាកញ្ឆានេះ នឹងត្រូវគេដាក់បញ្ជូលទៅក្នុងបញ្ជីគ្រឿងញៀនណាកូទិកឡើងវិញ ឬដំណើរការអ្វីត្រូវកើតឡើងមុននោះ។
អគ្គលេខាធិកានៃបណ្តាញអង្គការអនាគតកញ្ឆារបស់ថៃ លោកPrasitchai Nunual បាននិយាយថា ការដាក់ទោសព្រហ្មទណ្ឌឡើងវិញលើការប្រើប្រាស់កញ្ឆានេះ អាចជាទង្វើមួយដែលអាក្រក់សម្រាប់សេដ្ឋកិច្ចជាតិ និងជាការបំផ្លាញដល់អាជីវកម្មខ្នាតតូចនិងអ្នកប្រើប្រាស់។
លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖«មានមនុស្សជាច្រើនបានដាំដំណាំកញ្ឆានិងបើកហាងលក់វាផងដែរ។ ហាងទាំងអស់នេះនឹងត្រូវបិទទ្វារ។
លោកបន្ថែមទៀតថា «ប្រសិនបើលទ្ធផលវិទ្យាសាស្រ្តបង្ហាញថា កញ្ឆាជាវត្ថុដែលមានគ្រោះថ្នាក់ជាងគ្រឿងស្រវឹងនិងបារីនោះ គេគួរដាក់វាចូលទៅក្នុងបញ្ជីគ្រឿងញៀនណាកូទិកវិញ។ តែប្រសិនបើកញ្ឆាមានផលប៉ះពាល់តិចតួចទេ គេក៏ត្រូវបញ្ចូលបារីនិងគ្រឿងស្រវឹងទៅក្នុងបញ្ជីគ្រឿងញៀនណាកូទិកដែរ»៕