នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសលោកនឹងបើកឱ្យជនជាតិចិនចូលក្នុងប្រទេសថៃដោយមិនបាច់មានទិដ្ឋាការជាអចិន្ត្រៃយ៍ ចាប់ពីខែមីនាទៅ។
ប្រទសថៃបានអនុញ្ញាតឱ្យទេសចរចិនចូលក្នុងប្រទេសដោយមិនចាំបាច់មានទិដ្ឋាការតាំងពីខែកញ្ញាមក តែគោលនយោបាយនេះនឹងផុតកំណត់នៅថ្ងៃទី ២៩ ខែកុម្ភៈ។
លោកនាយករដ្ឋមន្ត្រី Srettha បានថ្លែងថា សេចក្តីសម្រេចធ្វើឱ្យគោលនយោបាយនេះមានភាពជាអចិន្ត្រៃយ៍មានឡើង ក្រោយកិច្ចចរចាជាមួយរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីផ្តល់បុព្វសិទ្ធិដូចគ្នាដល់ជនជាតិថៃដែលទៅទស្សនាប្រទេសចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin មិនបានបញ្ជាក់ថា សេចក្តីប្រកាសនេះរបស់លោក Srettha ជាការពិតទេ ប៉ុន្តែលោកបាននិយាយប្រាប់ក្រុមអ្នកកាសែតនៅក្រុងប៉េកាំងថា «អាជ្ញាធរមានសមត្ថកិច្ច» នៃភាគីទាំងពីរបាន«ទាក់ទងគ្នាជិតស្និទ្ធ»អំពីបញ្ហានេះ។
ភាគីទាំងពីរនឹងអនុញ្ញាតឱ្យពួកទេសចរមកពីប្រទេសនីមួយៗស្ថិតនៅក្នុងប្រទេសមួយទៀតរហូតដល់ ៣០ ថ្ងៃ ក្នុងពេលទស្សនកិច្ចមួយលើក។
សេចក្តីសម្រេចរបស់ប្រទេសថៃក្នុងការផ្តល់ឋានៈគ្មានទិដ្ឋាការជាអចិន្ត្រៃយ៍ឱ្យដល់ក្រុមទេសចរចិន មានគោលដៅស្តារវិស័យទេសចរណ៍ដ៏សំខាន់របស់ប្រទេស។ ប្រទេសថៃបានទទួលស្វាគមន៍ទេសចរ ៤០ លាននាក់ ក្នុងឆ្នាំ ២០១៩ ដោយមាន ១១ លាននាក់ មកតែពីប្រទេសចិន ប៉ុន្តែវិស័យទេសចរណ៍បានទ្រុឌទ្រោមដោយការរាតត្បាតជំងឺកូវីដ១៩ នៅឆ្នាំ ២០២០៕