ប្រទេស​ថៃ គ្រោង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​ជនបរទេស

  • ​Reuters

រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ថៃ ត្រៀម​ចាក់​វ៉ាក់សាំង Sinovac បង្ការ​ជំងឺ​កូវីដ១៩ ដល់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ទី​ប្រជុំជន ក្នុង​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។

ប្រទេស​ថៃ​បញ្ជាក់នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ខ្លួន​នឹងបញ្ជូល​ជន​បរទេស​ចំនួន​៣លាន​នាក់​ ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​នេះ​ ​ទៅ​ក្នុង​កម្មវិធីចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩របស់​ខ្លួន​ ដើម្បី​ការពារ​ដល់​ពលរដ្ឋ​ទាំង​អស់​ បើ​ទោះ​បី​ជា​មាន​ការ​បារម្ភ​ពីចំនួន​វ៉ាក់សាំងដែល​ថៃ​មាន​ក្តី។​ ​

ប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង​ជំងឺឆ្លងប្រទេស​ថៃ​លោក Opas Kankawinpong ​បានប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា៖​ «អ្នក​ណា​ក៏​ដោយ​ដែល​រស់​នៅ​ក្នុង​ប្រទេស​ថៃ​ ទោះ​ជា​ពលរដ្ឋ​ថៃ​ ឬ​ជន​បរទេសក្តី​ ប្រសិន​បើ​គេ​ចង់​ចាក់​វ៉ាក់សាំង​ គេ​អាច​ចាក់​បាន»។ ​

លោក​ ​បន្ត​ថា «គ្មាន​នរណា​ម្នាក់​មាន​សុវត្ថិភាព​នោះ​ទេ ​រហូត​ដល់​មនុស្ស​គ្រប់គ្នា​មាន​សុវត្ថិភាព»។ ​ ​

ទោះ​ជា​យ៉ាង​នេះ​ក្តី ជន​បរទេសនៅ​ក្នុង​ប្រទេស​ថៃ​ ​សម្តែង​ក្តី​កង្វល់​របស់គេ ​នៅ​ក្នុង​រយៈ​ពេលប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ ដោយបង្ហាញ​ពី​ភាព​មិន​សប្បាយ​ចិត្ត​នៅ​លើ​បណ្តាញ​សង្គម​ អំពី​ការ​ខ្វះ​ប្រភព​ព័ត៌មាន​សាធារណៈ​ បញ្ហា​ចុះ​ឈ្មោះ​ និងការ​យល់​ច្រឡំ​អំពី​លទ្ធភាព​ការ​ចាក់​វ៉ាក់សាំង​នៅ​តាមគ្លីនិក​ឯកជនជា​ដើម​នោះ។​

ការ​ឆ្លង​ប្រចាំ​ថ្ងៃនៅ​ក្នុង​ប្រទេស​ថៃ ហាក់​មាន​ភាព​នៅ​នឹងនរ​ចាប់​ពី​ពាក់​កណ្តាល​ខែ​មេសា​មក​ ពោល​គឺ​មាន​អ្នក​ឆ្លងក្នុង​មួយថ្ងៃៗ​ប្រមាណ២.០០០​នាក់។​ កាល​ពីថ្ងៃ​ព្រហស្បតិ៍​ ថៃរក​ឃើញ​អ្នកឆ្លង​ថ្មី​ចំនួន​១.៩១១​នាក់​ ​និង​មាន​អ្នកស្លាប់​ចំនួន​១៨​នាក់៕