គណបក្ស​ជ្រុល​និយម​​បំផុត​នៃ​ប្រទេស​ថៃ​ប្រុង​ប្រៀប​​​​សម្រាប់​ការហាមប្រាម​និង​​​​​​ការបង្កើត​បក្ស​​ថ្មី

រូបឯកសារ៖ មេដឹកនាំគណបក្ស​​​​​នយោបាយ​​​​​ឆ្ពោះទៅមុខ Move Forward​ លោក Chaithawat Tulathon​​ (ស្តាំ)ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាលពីថ្ងៃទី៣១​ មករា ឆ្នាំ២០២៤។

គណបក្ស​នយោបាយ​ឆ្ពោះទៅមុខ Move Forward​ មាន​ប្រជាប្រិយភាពបំផុតនៃ​ប្រ ទេស​ថៃ​កំពុងប្រឈមនឹង​ការ​គំរាមកំហែងរំលាយដោយ​បទបញ្ជា​តុលាការ តែពួក​សមាជិក​ជាន់ខ្ពស់នៃ​បក្ស​នេះនិយាយ​ថា​មានផែនការរួច​ស្រេច​ហើយ​ដើម្បីវិល​មក​វិញ​ប្រសិន​បើ​បក្សពួក​គេ​ត្រូវ​រំលាយ ដោយ​ប្រកែកមិនព្រម​ឱ្យចលនាកែទម្រង់​ពួក​គេ​រលាយ​ឡើយ។

គណបក្ស​ឆ្ពោះទៅមុខ MFP បាន​ឈ្នះ​ឆ្នោត​នៅក្នុង​ការបោះឆ្នោត​ក្នុង​ប្រទេសថៃកាល​ពី​ខែឧសភា២០២៣​ដោយ​មានសន្លឹក​ឆ្នោត​គាំទ្រ១៤លាន​និង​បាន​ទទួល​អាសនៈ១៥១ ដោយ​បញ្ចប់​រយៈពេល​៩ឆ្នាំនៃ​រដ្ឋាភិបាល​គ្របដណ្តប់​ដោយ​ពួក​យោធា។

គណបក្ស​នេះ​បានឈ្នះ​ឆ្នោតជាមួយការកែទម្រង់មួយ​ចំនួន​ដើម្បី​ឱ្យមាន​អភិបាលកិច្ចដោយ​ស្មើភាព- ដោយ​កាត់ផ្តាច់​ក្រុមយោធា​ពី​អំណាច បំបែក​ភាពផ្តាច់មុខខាង​សេដ្ឋ កិច្ចនិង​កែប្រែ​ច្បាប់ស្តី​ពី​ការប្រមាថ​ព្រះ​ចេស្តាដែលចាត់ទុកការរិះគន់​របប​រាជានិយម​មាន​អំណាច​ថា​ជា​បទព្រហ្មទណ្ឌ។

តែលោក Pita Limjaroenrat បេក្ខជនរបស់គណបក្សនេះ​សម្រាប់​តំណែង​នាយក​រដ្ឋ មន្ត្រីត្រូវ​បានរារាំង​មិនឱ្យបង្កើតរដ្ឋាភិបាលដោយពួកអភិរក្សនិយម​ជ្រុល​ត្រូវតែងតាំងក្នុង​ព្រឹទ្ធសភា​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ពួក​ឧត្តមសេនីយ៍​ដែល​បាន​ក្តាប់អំណាចក្នុង​រដ្ឋប្រហារមួយ​កាលពី​ជិត​មួយ​ទសវត្សរ៍​មុននេះ។

ដោយ​ត្រូវ​បានបង្ខំឱ្យ​ទៅ​ជា​ក្រុមប្រឆាំង គណបក្ស MFP បាន​ប្រឈម​នឹងឧបសគ្គ​ផ្លូវ​ច្បាប់ដាក់ឱ្យមាន​ដោយពួក​គូប្រជែងដែល​បាន​ប្តេជ្ញារំលាយ​របៀបវារៈ​កែទម្រង់របស់​បក្ស​នេះ។

គេ​រំពឹង​ថា​តុលាការធម្មនុញ្ញនៃ​ប្រទេសថៃ​នឹង​សម្រេច​ក្នុង​ពេល​ប៉ុន្មានអាទិត្យ​ទៀត​នេះ​ថា​តើ​ផ្នែក​សំខាន់​នៃ​របៀបវារៈរបស់​គណបក្សMFP-គឺ​សំណើកែប្រែច្បាប់ស្តីពី​ការប្រ មាថ​ព្រះ​ចេស្តា-មានន័យដូច​គ្នានឹងការ​ធ្វើ​វិទ្ធង្សនាឬទេ។

តុលាការ​នេះបានរំលាយបក្ស​មួយ​មុន​គណបក្ស MFP គឺគណបក្សអនាគតឆ្ពោះ​ទៅ​មុខ Future Forward កាលពីឆ្នាំ២០២០ បណ្តាល​ឱ្យមានបាតុកម្ម​តាមដងផ្លូវដោយ​ក្រុម​សកម្មជន​លម្អៀង​ទៅ​ខាងលទ្ធិ​ប្រជាធិបតេយ្យ៕