ក្រុម​បាតុករ​អាវ​លឿង​​​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ព្រះ​មហាក្សត្រ​ថៃ

  • Reuters

ក្រុម​អ្នក​គាំទ្រ​រាជានិយម​ថៃ​ដែល​ពាក់​អាវ​លឿង​ជាង​១.០០០​នាក់​ បាន​ធ្វើ​បាតុកម្ម​​គាំទ្រ​​ព្រះ​មហាក្សត្រ​ថៃ​ព្រះ​បាទ​ Maha Vajiralongkorn​​ នៅ​ថ្ងៃ​អង្គារ ទី២៧ ខែតុលា ទីក្រុង​បាងកក ប្រទេស​ថៃ។

ក្រុម​អ្នក​គាំទ្រ​រាជានិយម​ថៃ​ដែល​ពាក់​អាវ​លឿង​ជាង​១.០០០​នាក់​ បាន​ធ្វើ​បាតុកម្មគាំទ្រព្រះ​មហាក្សត្រ​ថៃ​ព្រះ​បាទ​ Maha Vajiralongkorn នៅ​ថ្ងៃ​អង្គារ​ ​នៅ​ជិត​ទីតាំង​ដែលមាន​ក្រុម​បាតុករ​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ ​បាន​ធ្វើ​បាតុកម្ម​មួយ​ថ្ងៃ​មុន​នេះ​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់ក្នុង​ស្ថាប័នព្រះ​មហាក្សត្រ​នោះ។

​ក្រុម​យុវជន​និង​និស្សិត​ថៃ​ជាច្រើន​នាក់​ បាន​ដឹកនាំ​បាតុកម្ម​ក្នុង​ប្រទេស​ថៃ​ ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ខែ​កក្កដា​មក​ ដោយ​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ​លោក​ Prayuth Chan-ocha ដែល​ជា​អតីត​មេទ័ព​មួយ​រូប ចុះ​ចេញ​ពី​តំណែង ​និង​ឲ្យ​មាន​ការ​តាក់តែងរដ្ឋធម្មនុញ្ញ​ថ្មី​មួយផង។ ពួក​គេ​ក៏​ទាមទារ​ឲ្យ​មាន​ការ​បន្ថយអំណាច​របស់​ស្ថាប័ន​ព្រះ​មហាក្សត្រ​ថៃ។

បាតុករអាវលឿង​ម្នាក់ឈ្មោះ ​Thatchapan Boriphet​ អាយុ​៥៧​ឆ្នាំ​ និយាយ​នៅ​កន្លែង​បាតុកម្ម​ក្នុង​សួន​ Lumphini កណ្តាល​ក្រុង​បាងកក​ថា៖ «យើង​ចង់​បង្ហាញ​ពី​ការ​គាំទ្រ និង​ការ​លើក​ទឹក​ចិត្ត​របស់​យើង​ចំពោះ​ព្រះ​មហាក្សត្រ​ថៃ។​ ខ្ញុំ​អព្យាក្រឹត​ខាង​ផ្នែក​នយោបាយ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ឈរ​ឱប​ដៃ​មើល​ នៅ​ពេល​ដែលស្ថាប័ន​ព្រះ​មហាក្សត្រ​ត្រូវ​បាន​គេ​រំលោភ​បំពាន​នោះ​ទេ»។​

រហូត​មក​ដល់​ពេល​នេះ​ ក្រុមបាតុករ​គាំទ្រព្រះ​មហាក្សត្រ​ថៃ​ មាន​ចំនួន​តូច​ខ្លាំង​ជាង​ក្រុម​និស្សិត​ដែល​ចូលរួមតវ៉ាប្រឆាំង​រដ្ឋាភិបាល​ថៃ​ ដែល​មាន​មនុស្ស​ចូលរួមរាប់ម៉ឺន​នាក់​នោះ។​

ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រាជវាំង​ថៃ​ បាន​ចោទ​ប្រកាន់ព្រះ​មហាក្សត្ររបស់​ប្រទេស​នេះ​ ថា​បាន​ចូល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ ហើយ​ពួក​គេ​បាន​ដើរ​ទៅ​ស្ថានទូត​អាល្លឺម៉ង់​ក្នុង​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ចន្ទ​ ដើម្បី​សុំ​ឲ្យ​មានការ​ស៊ើប​អង្កេត​មួយថា ​តើ​ព្រះ​មហាក្សត្រ​ថៃ​រូប​នេះ​ បាន​ប្រើអំណាច​របស់​ព្រះ​អង្គពី​ប្រទេស​អាល្លឺម៉ង់​មក​កាន់​ប្រទេស​ថៃ​ ក្នុង​អំឡុង​ពេល​នៃ​ការ​ស្នាក់​អាស្រ័យ​នៅដ៏​យូរ​របស់ព្រះ​អង្គ​ក្នុង​ប្រទេស​អាល្លឺម៉ង់​នោះ​ដែរ​ឬ​យ៉ាង​ណា។ ​ ​រដ្ឋាភិបាល​ទី​ក្រុង​ប៊ែរឡាំង​ធ្លាប់​បាន​និយាយ​ថា​ ការណ៍​ដែល​ព្រះ​មហាក្សត្រ​ថៃ​ប្រើប្រាស់អំណាចចេញ​ពី​ប្រទេស​អាល្លឺម៉ង់នោះ​ ជា​ប្រការ​មួយ​ដែល​មិន​ទទួល​យក​បាន​នោះ​ទេ។

បច្ចុប្បន្ន​ ព្រះ​មហាក្សត្រ​ថៃកំពុង​គង់​ក្នុង​ប្រទេស​ថៃ៕