ប្រទេសថៃនិយាយថា ខ្លួនបានលុបចោលលិខិតឆ្លងដែននាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញពីមុខតំណែងគឺលោកស្រីយីងឡាក់ ស៊ីណាវ៉ាត (Yingluck Shinawatra) ដែលបានគេចខ្លួនចេញពីប្រទេសកាលពីខែមុន នៅពេលត្រូវប្រឈមមុខនឹងការកាត់ទោសពីបទជាប់ពាក់ព័ន្ធនឹងកម្មវិធីផ្តល់ថវិកាទិញស្រូវអង្ករដែលធ្វើឲ្យខាតបង់ថវិការដ្ឋនោះ។
ក្រសួងការបរទេសនិយាយថា លោកស្រីយីងឡាក់មានលិខិតឆ្លងដែនការទូតចំនួនពីរ ហើយលិខិតឆ្លងដែនធម្មតាចំនួនពីរដែរ។
លោកស្រីយីងឡាក់ ត្រូវតុលាការកំពូលប្រទេសថៃផ្តន្ទាទោសកាលពីខែកញ្ញាពីបទចោទប្រកាន់ថាបានខ្ជះខ្ជាយថវិកា ហើយត្រូវបានកាត់ទោសកំបាំងមុខឲ្យជាប់គុក៥ឆ្នាំ ខណៈដែលលោកស្រីគេចខ្លួនចេញពីប្រទេសថៃ នៅមុនពេលសាលក្រមចេញប្រកាស។
រដ្ឋាភិបាលបានខាតបង់ថវិកាអស់១ពាន់លានដុល្លារក្នុងគម្រោងដែលបានទិញស្រូវអង្ករ ពីកសិករក្រីក្រក្នុងតម្លៃខ្ពស់ជាងតម្លៃទីផ្សារ ហើយលក់ចេញក្នុងតម្លៃខ្ពស់ជាងនោះនៅពេលក្រោយ។
លោកស្រី យីងឡាក់ បានបដិសេធការចោទប្រកាន់នានាដោយអះអាងថាបទចោទទាំងនោះគឺជារឿងនយោបាយ។ ក្រសួងការបរទេសនិយាយថាខ្លួនជឿថា លោកស្រី យីងឡាក់កំពុងរស់នៅក្នុងប្រទេសអង់គ្លេស តែទីតាំងជាក់លាក់នោះមិនត្រូវគេប្រាប់ឲ្យដឹងទេ៕