នៅពេលដែលប្រទេសថៃប្រុងប្រៀបរៀបចំការបោះឆ្នោតលើកដំបូងរបស់ខ្លួនចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០១៤មក គណបក្សប្រឆាំងកំពុងសម្តែងទស្សនៈរបស់ខ្លួនអំពីគំនិតនៃការបោះឆ្នោតដោយ «សេរី និងយុត្តិធម៌»។
ការរំពឹងទុកនៃការបោះឆ្នោតនៅប្រទេសថៃក្នុងឆ្នាំ២០១៩ កំពុងរាលដាលទូទាំងប្រទេស ក៏ប៉ុន្តែ ដោយគ្មានអ្វីអឹកធឹកទាំងអស់ដូចយុទ្ធនាការឃោសនាបោះឆ្នោតមុនៗ។
ការហាមឃាត់របស់យោធាលើការប្រមូលផ្តុំមនុស្សចាប់ពី៥នាក់ឡើងទៅដែលត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋប្រហាឆ្នាំ២០១៤ ធ្វើឲ្យមានការលំបាកដល់យុទ្ធនាការឃោស បោះឆ្នោត។ លោកបណ្ឌិត Petchawat Wattana –Pongsirikunមេដឹកនាំរបស់ចលនាអាវក្រហមប្រចាំខេត្តឈៀងម៉ៃនិងជាអ្នកគាំទ្រអតីតនាយករដ្ឋមន្រ្តីថាក់ស៊ីនបាននិយាយថា៖ «យើងមិនប្រាកដទាំងស្រុងថាតើយើងបោះឆ្នោតឲ្យគណបក្សថ្មីមួយដែរឬទេពីព្រោះគណបក្សចាស់ គឺសមស្របសម្រាប់ពួកយើង។ យើងនៅមានបញ្ហានៅពេលសព្វថ្ងៃនេះ ពីព្រោះតែរដ្ឋាភិបាលប្រើច្បាប់ស្តង់ដា២ហើយមិនមានយុត្តិធម៌»។
បេក្ខជនខ្លះកំពុងបង្កើតវិធីថ្មីៗដើម្បីឈោងទៅដល់ក្រុមអ្នកបោះឆ្នោត រួមមានចលនាជិះកង់សម្រាប់ថ្ងៃអនាគតនៃគណបក្សឆ្ពោះទៅថ្ងៃអនាគតផង។ លោកស្រី Yaowalak Wongpraparat បេក្ខជននៃគណបក្សឆ្ពោះទៅថ្ងៃអនាគតនៅខេត្តឈៀងម៉ៃបាននិយាយថា៖ «ឥឡូវនេះ យើងកំពុងចូលទៅក្នុងសហគមន៍ដោយប្រើវិធីសាស្រ្តផ្សេងៗជាជាងតាមការផ្សាយបន្តផ្ទាល់តាមរយៈ Facebook។ យើងបានផ្សព្វផ្សាយសកម្មភាព និងព័ត៌មានរបស់យើងនៅលើWebpage របស់យើង។ យើងកំពុងទាក់ទងពលរដ្ឋដោយផ្ទាល់នៅក្នុងសហគមន៍នានា»។
ក្រុមអ្នករិះគន់និយាយថា ទោះបីជាគណបក្សប្រឆាំងឈ្នះការបោះឆ្នោតក៏ដោយ ច្បាប់យុទ្ធសាស្រ្តជាតិដែលបានអនុម័តកាលពីពេលថ្មីៗនេះ នឹងផ្តល់អំណាចដល់ពួកយោធារយៈពេល២០ឆ្នាំ។
ក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយ អាចដាក់ទណ្ឌកម្មរដ្ឋាភិបាលណាដែលខកខានមិនបានធ្វើទៅតាមច្បាប់និងកាលកំណត់ដ៏តឹងរ៉ឹង។ លោកPaul Chambersទីប្រឹក្សាខាងកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យNaresuan និយាយថា៖«ប្រសិនបើ ពួកគេធ្វើខុសដោយមិនធ្វើទៅតាមអនុសាសន៍នៃអាណត្តិតាមផែនការដែលមានរយៈពេល២០ឆ្នាំ គណៈកម្មការជាតិប្រឆាំងនឹងអំពើពុករលួយ (NACC) អាចបញ្ជូនរឿងក្តីនេះទៅតុលាការធម្មនុញ្ញហើយតុលាការធម្មនុញ្ញ អាចសម្រេចថា រដ្ឋាភិបាលជាប់ឆ្នោតនោះ មិនអាចកាន់អំណាច»។
នៅពេលដែលវោហាសាស្រ្តយុទ្ធនាការឃោសនាបោះឆ្នោតត្រូវគេរំពឹងនឹងក្តៅគគុក ពលរដ្ឋថៃជាច្រើន នឹងតាមដានមើលថាតើយុទ្ធនាការនេះប្រាកដជាការវិលត្រឡប់ទៅកាន់លទ្ធិប្រជាធិបតេយ្យដែរឬទេ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន