ថៃ​មាន​គម្រោង​យក​ថ្លៃ​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ចាប់ពី​ខែ​មេសា​តទៅ

  • ​Reuters

រូបឯកសារ៖ ភ្ញៀវទេសចរបរទេស មកដល់​អាកាស​យានដ្ឋាន​អន្តរជាតិ Suvarnabhumi ក្នុង​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​បើក​ប្រទេស​ឡើងវិញ ដែល​ជា​ផ្នែក​នៃ​ផែនការ​របស់​រដ្ឋាភិបាល​ក្នុងការចាប់ផ្តើម​វិស័យ​ទេសចរណ៍​ដែល​រងគ្រោះ​ដោយ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​បាងកក ប្រទេសថៃ នៅ​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

មន្ត្រី​ជាន់ខ្ពស់​ថៃ​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ប្រទេស​ថៃ​ មាន​គម្រោង​យក​ថ្លៃ​ទេសចរណ៍​ចំនួន ៩ ដុល្លារ​អាមេរិក ពី​ភ្ញៀវ​ទេសចរ​បរទេស​ម្នាក់ៗ​ចាប់ពី​ខែ​មេសា​ខាង​មុខ​នេះ​តទៅ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍ និង​ដើម្បី​ចំណាយ​ទៅលើ​ការ​ធានា​រ៉ាប់រង​ចំពោះ​ទេសចរ​បរទេស​ណា​ដែល​ជួប​គ្រោះថ្នាក់​ និង​មិន​អាច​ចេញ​ថ្លៃ​ចំណាយ​ផ្ទាល់ខ្លួន​បាន។ នេះ​ បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រទេស​ថៃ​ ជា​ទិសដៅ​ទេសចរណ៍​ដ៏​ពេញនិយម​បំផុត​មួយ​នៅ​ទ្វីប​អាស៊ី។ ប្រទេស​នេះ​ បាន​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ កាលពី​ឆ្នាំ​មុន ប្រទេស​ថៃ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​តែ ២០០.០០០ នាក់​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​ជិត ៤០ លាន​នាក់ កាលពី​ឆ្នាំ ២០១៩។

កិច្ច​ប្រឹងប្រែង​នា​ពេល​ថ្មីៗ​នេះ​ដើម្បី​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ជួប​នូវ​ឧបសគ្គ ដោយសារតែ​ការ​ឆ្លង​រាលដាល​យ៉ាង​លឿន​នៃ​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​អូមីក្រុង (Omicron) នៅ​ទូទាំង​ពិភពលោក។

ប្រធាន​អាជ្ញាធរ​ទេសចរណ៍​ថៃ​លោក Yuthasak Supasorn បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា៖ «មួយ​ផ្នែក​នៃ​ថវិកា​ដែល​យក​ពី​ភ្ញៀវ​ទេសចរ​នេះ គឺ​សម្រាប់​ការ​ថែទាំ​ពួកគេ»។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «យើង​បាន​ជួប​បញ្ហា​ក្នុង​ពេល​កន្លង​មក នៅពេល​ដែល​ភ្ញៀវ​ទេសចរ​ មិនមាន​លទ្ធភាព​បង់​ប្រាក់​នៅ​ពេល​មាន​បញ្ហា... ដែល​នេះ​បាន​ក្លាយជា​បន្ទុក​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ថែទាំ​ពួកគេ»។

លោក​បាន​បន្ថែម​ថា ថវិកា​មួយ​ផ្នែក​ដែល​យក​ពី​ភ្ញៀង​ទេសចរ​នេះ ​នឹង​ត្រូវ​ប្រើ​សម្រាប់​ការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ​លោក Thanakorn Wangboonkongchana បាន​លើកឡើង​ថា ប្រទេស​ថៃ ​រំពឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ពី ៥ លាន ទៅ ១៥ លាន​នាក់​នៅ​ក្នុង​ឆ្នាំ​នេះ អាស្រ័យ​លើ​គោលនយោបាយ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ទីផ្សារ​ទេសចរណ៍​ចម្បង​របស់​ខ្លួន៕