រដ្ឋាភិបាលថៃបានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្លួននឹងអនុញ្ញាតឲ្យពលករចំណាកស្រុកដែលគ្មានឯកសារត្រឹមត្រូវ មកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលកំពុងនៅក្នុងប្រទេសថៃស្រាប់ ឲ្យធ្វើការដោយស្របច្បាប់បានក្នុងរយៈពេលប្រមាណ ២ ឆ្នាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ពលករចំណាកស្រុកទាំងនោះត្រូវចុះឈ្មោះតាមអនឡាញ ហើយក្រុមហ៊ុនត្រូវចុះបញ្ជីឈ្មោះពលករទាំងនោះឲ្យបានមុនពាក់កណ្តាលខែកញ្ញា ដើម្បីទទួលបានប័ណ្ណអនុញ្ញាតឲ្យធ្វើការ ដែលមានសុពលភាពរហូតដល់ខែកុម្ភៈ ឆ្នាំ ២០២៣។ នេះបើយោងតាមសេចក្ដីសម្រេចមួយរបស់គណៈរដ្ឋមន្ត្រីថៃ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃបានលើកឡើងថា ពលករចំណាកស្រុកទាំងនោះត្រូវពិនិត្យសុខភាពជាមុនសិន ដែលមានតម្លៃប្រមាណ ២៤០ ដុល្លារ។
ការប្រកាសនេះបានធ្វើឡើង ស្របពេលដែលប្រទេសថៃកំពុងទទួលរងនូវការឆ្លងរាតត្បាតជំងឺកូវីដ១៩ ដ៏អាក្រក់បំផុត គិតមកទល់នឹងពេលបច្ចុប្បន្ននេះ ដោយមានការឆ្លងប្រមាណ ១.៥០០ ករណីចាប់តាំងពីពាក់កណ្តាលខែធ្នូមក ដែលការឆ្លងនេះជាប់ពាក់ព័ន្ធជាមួយនឹងពលករចំណាកស្រុកភាគច្រើនមកពីប្រទេសមីយ៉ាន់ម៉ា ដែលធ្វើការនៅក្នុងផ្សារលក់គ្រឿងសមុទ្រមួយកន្លែងនៅក្នុងខេត្ត Samut Sakhon ស្ថិតនៅភាគកណ្តាលប្រទេស។
អ្នកនាំពាក្យរដ្ឋាភិបាលថៃអ្នកស្រី Traisuree Taisaranakul បានប្រាប់អ្នកកាសែតថា៖ «រដ្ឋាភិបាលបានចុះត្រួតពិនិត្យពលករចំណាកស្រុកនៅតាមតំបន់មួយចំនួនដែលប្រឈមនឹងហានិភ័យ។ ការចុះត្រួតពិនិត្យនេះបានធ្វើក្រុមហ៊ុនខ្លះបញ្ជូនពលករចំណាកស្រុកខុសច្បាប់ចេញពីតំបន់មួយចំនួន ដើម្បីជៀសវាងមិនឲ្យរំលោភច្បាប់»។
អ្នកស្រីបន្ថែមថា៖ «ជាងនេះទៀត ពលករចំណាកស្រុកខុសច្បាប់កំពុងជ្រួលច្របល់ និងផ្លាស់ចេញពីកន្លែងមួយចំនួន ដែលធ្វើឲ្យមានហានិភ័យចម្លងជំងឺកូវីដ១៩»៕