នៅក្នុងក្រុង Amnat Charoen ដែលជាទីរួមខេត្តមួយនៅភាគឦសានប្រទេសថៃ អ្នកភូមិនៅឯកន្លែងពិព័រណ៍ពាណិជ្ជកម្ម បានធ្វើការប្រកួតប្រជែងកិនស្រូវជាក្រុម។ អ្នកឈ្នះ ត្រូវបានវិនិច្ឆ័យ ទៅតាមគុណភាពផលិតផលល្អបំផុត។
កសិករប្រារព្ធពិធីនេះស្របពេលដែល វាលស្រែត្រូវបានទុកឲ្យទំនេរចោលនៅក្នុងរដូវប្រាំង និងរងចាំទឹកភ្លៀងមូសុង នៅក្នុងឆ្នាំក្រោយនេះ ដើម្បីដាំដំណាំថ្មី។
ក្រុង Amnat Charoen ដែលជាក្រុងមួយជិតព្រំប្រទល់ប្រទេសឡាវ ចម្ងាយប្រមាណ ៦០០ គីឡូម៉ែត្រពីទីក្រុងបាងកក មានឈ្មោះល្បីរន្ទឺដោយសារអង្កររបស់ខ្លួនដូចជា អង្ករផ្កាម្លិះ ឬអង្ករក្រអូប ដែលត្រូវគេស្គាល់លើទីផ្សារអន្តរជាតិ។
ប៉ុន្តែ កសិករថៃ កំពុងប្រឈមនឹងពេលវេលាដ៏លំបាក ជាមួយនឹងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ តម្លៃអង្ករមានកម្រិតទាបអស់រយៈពេលប្រាំមួយឆ្នាំមកនេះ ប្រាក់ចំណូលនៅជាប់គាំង និងបំណុលដែលកំពុងតែកើនឡើង។
នៅក្នុងភូមិ Ban Plah Khaow ដែលមានចម្ងាយ២០ គីឡូម៉ែត្រពីក្រុង Amnat Charoen វិស្វករចូលនិវត្តន៍ម្នាក់គឺ លោក Ajarn Ting បាននិយាយថា ទស្សនវិស័យសម្រាប់ពេលអនាគតគឺមានភាពអាប់អួរ។
លោក Ting បាននិយាយថា ស្ថានភាពគឺ មិនល្អនោះទេ។ តម្លៃអង្ករផ្កាម្លិះ ដែលជាអង្ករដ៏ពេញនិយម បានធ្លាក់ចុះ ហើយតម្លៃនៃអង្ករដទៃទៀតក៏ធ្លាក់ចុះផងដែរ ដែលធ្វើឲ្យជីវិតកសិករ មានការលំបាក។
លោក Atikarn Rungcharoen ប្រធានសភាពាណិជ្ជកម្មក្រុង Amnat Charoen បាននិយាយថា ការធ្លាក់ចុះនាពេលបច្ចុប្បន្ននេះ បានបង្កឲ្យមានការសំណូមពរពីកសិករជាច្រើនសម្រាប់ការផ្តល់ជំនួយពីរដ្ឋាភិបាល។
លោក Athikarn បាននិយាយថា តម្លៃអង្ករបានធ្លាក់ចុះ ហើយកសិករត្រូវលក់ទៅឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវយ៉ាងឆាប់រហ័ស ពីព្រោះពួកគេត្រូវការថវិកាសម្រាប់គ្រួសារ។ ពួកគេព្រមទទួលយកតម្លៃលក់ចេញ (តម្លៃស្ដង់ដារ) ដើម្បីលក់ឲ្យលឿនតាមដែលអាចធ្វើបាន។
ធនាគារកណ្តាលរបស់ថៃ បានព្រមានថាគ្រោះរាំងស្ងួតដែលកំពុងបន្តកើតមាន និងតម្លៃទិន្នផលកសិកម្មទាបបានបន្ថែមសម្ពាធលើប្រាក់ចំណូលរបស់កសិកររួចទៅហើយ។
សមាគមនាំចេញអង្ករថៃបានឲ្យដឹងថា តម្លៃអង្ករផ្កាម្លិះក្រអូបស្ថិតនៅកម្រិតទាបបំផុតមួយក្នុងរយៈពេលប្រាំមួយឆ្នាំមកនេះ ដែលមានត្រឹមតែ ៧២០ដុល្លារ ក្នុងមួយតោនប៉ុណ្ណោះ ដោយធ្លាក់ពី១.២០០ដុល្លារក្នុងមួយតោន។
ឧស្សាហកម្មអង្ករថៃកំពុងតែងើបឡើងវិញពីចុងបញ្ចប់នៃគម្រោងសន្យាទិញតម្លៃស្រូវអង្ករ ដែលបានកំណត់ដោយ អតីតរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវបានទម្លាក់ចេញដោយរដ្ឋប្រហារ កាលពីខែឧសភាឆ្នាំ ២០១៤ ។
ក្រុមអ្នកគាំទ្រផែនការនេះ បាននិយាយថា វាបានបង្កើនប្រាក់ចំណូលដល់កសិករ។ ប៉ុន្តែក្រុមអ្នករិះគន់និយាយថា ផែនការនេះពោរពេញទៅដោយអំពើពុករលួយ បានបំផ្លាញការនាំចេញអង្ករថៃ បង្កការខាតបង់ថវិកាពីសំណាក់អ្នកបង់ពន្ធថៃអស់ច្រើនជាង ១៤ពាន់លានដុល្លារ ហើយបានធ្វើឲ្យកសិកររាប់ពាន់នាក់បានជាប់បំណុល។
លោក Songphan Jansawang ប្រធានមន្ទីរកសិកម្ម នៅក្នុងក្រុង Amnat Charoen និយាយថា កសិករមកពីតំបន់ភាគឦសាន Isaan ត្រូវតែធ្វើការសម្របខ្លួនដើម្បីរស់នៅក្នុងរដូវប្រាំង។
លោក Songphan និយាយថាប្រជាជនតំបន់ Isaarn បានរស់នៅជាមួយនឹងគ្រោះរាំងស្ងួត ពីជំនាន់មួយទៅជំនាន់ ហើយត្រូវសម្របខ្លួន។ អង្ករផ្កាម្លិះដាំដុះនៅក្នុងតំបន់ ក៏ត្រូវបានគេស្គាល់ ថាជាប្រភេទដំនាំដែលធន់ទៅនឹងអាកាសធាតុក្តៅផងដែរ។
លោកនិយាយថា កសិករក៏ប្រឈមមុខនឹងការប្រកួតប្រជែងដែលកើនឡើង ពីដៃគូរក្នុងតំបន់នៅក្នុងទីផ្សារអង្ករផងដែរ ខណៈពេលសេរីភាវូបនីយកម្មបានចូលជាធរមាន នៅដំបូលសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ដែលបានបើកដំណើរការកាលពីចុងឆ្នាំមុន។
ក្រសួងពាណិជ្ជកម្មថៃ បាននិយាយថា ខ្លួនក៏មានគម្រោងរៀបចំរចនាសម្ព័ន្ធក្នុងវិស័យស្រូវអង្ករឡើងវិញ ដោយបញ្ចុះផលិតផលដំណាំសរុបពី ៣៣ លានតោន ទៅ ២៥ លានតោន ដើម្បីបញ្ចៀសការផ្គត់ផ្គង់លើសតម្រូវការ និងបង្កើតចម្រុះពូជអង្ករឲ្យច្រើន ពីអង្ករសដែលជាអង្ករប្រពៃណី៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង